សម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតជូនពរបងប្អូនជនរួមជាតិ ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

AKP ភ្នំពេញ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩ — ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ដែលនឹង​មក​ដ​ល់​​នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩នោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រីនៃព្រះរាជាណាច្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានប្រគេនពរ និងជូនពរព្រះតេជ​គុ​ណ​ និងព្រះសង្ឃគ្រប់ព្រះអង្គ ព្រមទាំងបងប្អូនជនរួមជាតិទូទាំងប្រទេស សូមជួបតែសេចក្តីសុខ សេ​ច​ក្តីចម្រើន និងសំណាងល្អ។នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០១៩ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រីសរសេរថា នៅព្រឹកថ្ងៃសៅរ៍ ទី១៣ មេសា ឆ្នាំ២០១៩នេះ ខ្ញុំ និងភរិយា ព្រម​ទាំង​ចៅៗ​បានទស្សនារបាំត្រុដិ នៅឯគេហដ្ឋានផ្ទាល់ ដើម្បីឱ្យចៅៗបានស្គាល់នូវសិល្បៈ​ប្រពៃ​ណី​ដ៏ល្អឯករបស់ខ្មែរយើងផង និងដើម្បីបណ្តេញចេញនូវឧបទ្រពក្នុងឆ្នាំចាស់ដើម្បី​ផ្លា​ស់​មក​នូវ​សិរីសួស្តីសម្រាប់ឆ្នាំថ្មីផង ដែលនឹងមកដល់នៅថ្ងៃស្អែកនេះ។

នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ចាប់ពីថ្ងៃទី ១៤-១៦ មេសា ស្អែកនេះ ខ្ញុំនិងភរិយា សូម​ប្រគេ​នពរ និងជូនពរព្រះតេជគុណ និងព្រះសង្ឃគ្រប់ព្រះអង្គ ព្រមទាំងបងប្អូនជនរួមជាតិ​ទូ​ទាំង​ប្រទេស ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងសំណាងល្អ ព្រមទាំងពុទ្ឋពរ៥ប្រការគឺ អាយុ​ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ ជឹម ណារី