ប្រមុខរាជរដ្ឋាភិបាល ស្នើឱ្យសមត្ថកិច្ចរាជធានី ខេត្តជួយសម្រួលចរាចរណ៍ និងរក្សាសុវត្ថិភាព​ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ

AKP ភ្នំពេញ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩​ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យអាជ្ញាធរ និងសមត្ថកិច្ចគ្រប់លំដាប់នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា ជួយសម្រួលសណ្តាប់ធ្នាប់ចរាចរណ៍ឱ្យបានល្អ និងពង្រឹងសន្តិសុខ សុវត្ថិភាពជូនពលរដ្ឋ និង​ភ្ញៀ​វទេសចរឱ្យបានល្អនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ។នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០១៩ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រីបានសរសេរថា ថ្ងៃចូលឆ្នាំថ្មី គឺនឹងមកដល់នៅ ថ្ងៃអាទិត្យទី ១៤ ខែមេសា ស្អែ​ក​នេះហើយ។ ដោយសារថ្ងៃនេះ ជាថ្ងៃចុងក្រោយនៃការសម្រាកពីការងារ ហើយម្នាក់ៗ​ត្រូវរូត​រះ​​ធ្វើដំណើរទៅកាន់ភូមិកំណើត ដើម្បីជួបជុំក្រុមគ្រួសារសាច់សារលោហិតជាទី​ស្រឡាញ់ ដូ​ច្នេះ​​អាចនឹងមានការកកស្ទះចរាចរណ៍នៅតាមផ្លូវមួយចំនួន។ សម្ដេចតេជោបាន​បន្ដថា ពិតណាស់ គឺគ្រប់គ្នា​ប្រញាប់​រៀ​ង​ៗខ្លួន មិនថាឡាន ឬម៉ូតូទេ ហើយក្នុងប៉ុន្មនាថ្ងៃនេះ ក៏មានគ្រោះថ្នាក់ចរាចរណ៍​កើត​ឡើ​ង​ជា​ច្រើនដែរ ដែលបានបណ្តាលឱ្យមានអ្នកស្លាប់​និង​របួសមួយចំនួនទៀតផង ដោយសារ​ការ​បើ​កបរមិនគោរពច្បាប់ បើកវ៉ាប្រជែងយកលឿន​រៀងៗខ្លួន ដែលបន្សល់ទុកនូវការឈឺចាប់ និង​សោកស្តាយអស់មួយជីវិត។ សម្ដេចតេជោបាន​ជំរុញឱ្យអាជ្ញាធរ និងសមត្ថកិច្ចគ្រប់លំដាប់នៅក្នុង​រាជធានីភ្នំពេ​ញ​ និងតាមបណ្តាខេត្តនានា ជួយសម្រួលសណ្តាប់ធ្នាប់ចរាចរណ៍ឱ្យបានល្អ និងពង្រឹងសន្តិ​សុ​ខ​សុវ​ត្ថិភាពជូនពលរដ្ឋ និងភ្ញៀវទេសចរឱ្យបានល្អនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ។

សម្ដេចតេជោក៏សូមជូនពរបងប្អូនជនរួមជាតិ កូនក្មួយ និងចៅៗ ធ្វើដំណើរសុខ​សប្បាយ​ទៅកាន់ស្រុក​កំ​ណើត និងសូមប្រើប្រាស់ឡានក្រុងមិនគិតថ្លៃ ដើម្បីសុវត្ថិភាពផង និងបានសន្សំសំចៃ​ប្រាក់​កា​ស​ខ្លះផង នៅក្នុងឱកាសនៃបុណ្យចូលឆ្នាំថ្មីនេះ៕

ដោយ ជឹម ណារី