បទវិចាណកថា៖ ឆ្នាំថ្មីមកដល់ហើយ! សូមបន្តរួបរួមគ្នារុញច្រាននាវាកម្ពុជាឱ្យសម្រេចគោលដៅនៅឆ្នាំ២០៥០

AKP ភ្នំពេញ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩ –ឆ្នាំចាស់ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ជិតកន្លងផុតទៅហើយៗឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ នឹងឈានចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ ដូច្នេះយើងខ្ញុំសូមឆ្លៀតឱកាសពេលនេះ សូមក្រាបបង្គំថ្វាយ និងសូមប្រសិទ្ធិពរជ័យដល់មិត្តអ្នកអាន និងអ្នកតាមដានគេហទំព័រទីភ្នាក់ងារសារព័ត៌មានកម្ពុជា “AKP” ទាំងអស់ ហើយក៏ឆ្លៀតឱកាសដ៏មហានក្ខត្តឫក្សនេះ សូមបួងសួងទេវតាឆ្នាំថ្មី បន្តឃុំគ្រង និងការពារការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលនៅក្នុងការបន្តគោលដៅឆ្ពោះទៅរកឆ្នាំ២០៥០។

ប្រិយមិត្តជាទីគោរពរាប់អាន ថ្វីត្បិតតែកាលពីឆ្នាំចាស់សង្គម និងប្រទេសជាតិរបស់យើងនៅបន្តមានរឿងអយុត្តិធម៌សង្គម វិបត្តិដីធ្លី បញ្ហាពុករលួយ បក្សពួកនិយម និងបញ្ហាអសកម្មផ្សេងៗខ្លះទៀតនៅឡើយក៏ដោយ ប៉ុន្តែជារួម យើងបានខិតខំពុះពារទាំងអស់គ្នានៅលើមាគ៌ាតែមួយ នៅក្រោមរដ្ឋធម្មនុញ្ញ និងព្រះមហាក្សត្រតែមួយ ហើយបានបន្តរុញច្រាននាវាកម្ពុជាយើងឱ្យទៅមុខបន្តទៅទៀត តាមគោលដៅដែលយើងបានគ្រោងទុក។

ដូចដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានរំលេច អំពីសមិទ្ធិផលធំៗដែលសម្រេចបានកាលពីឆ្នាំចាស់ នៅក្នុងសារលិខិតជូនជនរួមជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ស្ថានភាពសេដ្ឋកិច្ចកម្ពុជា តាមការប៉ាន់ស្មាន សម្រេចបានកំណើនក្នុងរង្វង់៧,៥% កាលពីឆ្នាំ២០១៨។ កំណើនដ៏រឹងមាំនេះត្រូវបានឆ្លុះបញ្ចាំងតាមរយៈការរីកចម្រើន នៃវិស័យឧស្សាហកម្ម កម្មន្តសាល សំណង់ កសិកម្ម និងសេវាកម្ម ដូចជាទេសចរណ៍ និងអចលនទ្រព្យជាដើម។ ប៉ុន្តែអ្វីដែលគួរកត់សម្គាល់គឺថាកម្ពុជាកំពុងតែផ្លាស់ប្ដូររចនាសម្ព័ន្ធសេដ្ឋកិច្ច ពីប្រទេសដែលពឹងផ្អែកលើវិស័យកសិកម្ម ទៅជាប្រទេសដែលពឹងផ្អែកលើវិស័យឧស្សាហកម្ម និងសេវាកម្ម។ កម្ពុជាបានអនុវត្តគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចប្រកបដោយភាពប្រុងប្រយ័ត្ន និងធ្វើឱ្យសេដ្ឋកិច្ចមានស្ថិរភាព ហើយបានជំរុញលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ច ភាពប្រកួតប្រជែង ព្រមទាំងការផលិត និងការប្រើប្រាស់ក្នុងស្រុក។ ទំហំពាណិជ្ជកម្មអន្តរជាតិមានប្រមាណជាង ២៩ ៨០០លានដុល្លារអាមេរិក ចំណែកឯការនាំចេញមានប្រមាណជាង ១២ ៨០០លានដុល្លារអាមេរិក។ អត្រាប្ដូរប្រាក់មានស្ថិរភាព អត្រាអតិផរណាស្ថិតក្នុងកំរិតទាប និងអាចគ្រប់គ្រងបាន ទុនបម្រុងអន្តរជាតិបានកើនជារៀងរាល់ឆ្នាំ អាស្រ័យដោយវិនិយោគផ្ទាល់ពីបរទេសមានកំណើនល្អ និងតុល្យភាពជញ្ជីងទូទាត់ ក៏មានភាពកាន់តែប្រសើរឡើងដែរ។

កម្រិតជីវភាពរបស់ប្រជាជនកាន់តែមានភាពល្អប្រសើរ ដែលបង្ហាញឱ្យឃើញតាមរយៈសូចនាករសង្គម ជាពិសេសការកើនឡើងនៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស) ជាមធ្យមសម្រាប់មនុស្សម្នាក់ពី ១ ០៤២ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៣ ដល់១ ៥៦៣ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៨។ អត្រានៃភាពក្រីក្រមានការធ្លាក់ចុះយ៉ាងខ្លាំងពី ៥៣,៥% ក្នុងឆ្នាំ២០០៤ មកក្នុងរង្វង់ ៩% ក្នុងឆ្នាំ២០១៨ និងបន្តធ្លាក់ចុះថែមទៀតនៅឆ្នាំថ្មីនេះ។ រីឯគម្លាតនៃប្រាក់ចំណូលរបស់ប្រជាជន ក៏មានការធ្លាក់ចុះជាលំដាប់ផងដែរ។

ក្នុងឆ្នាំកន្លងទៅ កម្ពុជាអាចសម្រេចបានការងារធំៗជាច្រើនវិស័យ ក្នុងនោះការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន ត្រូវបានបន្តអនុវត្តជាប្រចាំ ហើយក៏កំពុងសាងសង់ផ្លូវល្បឿនលឿនមួយពីភ្នំពេញ ទៅខេត្តព្រះសីហនុ រៀបចំស្តារឡើងវិញនូវបណ្តាញផ្លូវដែក ដែលគ្រោងនឹងតភ្ជាប់ទៅប្រទេសជិតខាងនៅក្នុងឆ្នាំថ្មីខាងមុខនេះជាដើម។

ចំពោះវិស័យថាមពលអគ្គិសនីវិញ ក្នុងឆ្នាំកន្លងទៅ បរិមាណផ្គត់ផ្គង់ដោយវារីអគ្គិសនី និងរោងចក្រអគ្គិសនីដុតធ្យូងថ្ម ដែលជាប្រភពថាមពលផ្ទាល់របស់កម្ពុជា សម្រេចបានជាង ៩,៦ពាន់លានគីឡូវ៉ាត់ម៉ោង បានកើនឡើងប្រមាណ ២៤,៨៩% បើប្រៀបធៀបនឹងឆ្នាំ២០១៧។ ការតភ្ជាប់ខ្សែបណ្តាញចរន្តឱ្យដល់ប្រជាពលរដ្ឋជាអ្នកប្រើប្រាស់អគ្គិសនីរហូតមកដល់ឆ្នាំ២០១៨នេះ ចំពោះគេហដ្ឋានប្រជាពលរដ្ឋសុទ្ធសាធ បានកើនដល់ប្រមាណ ២,៥៥លានខ្នងផ្ទះ ត្រូវជាប្រមាណ ៧២,១៦% នៃចំនួនផ្ទះសរុបប្រមាណ ៣,៣៨លានខ្នង និងគ្រប់ដណ្ដប់ដល់ភូមិប្រមាណ ៨៧% នៃចំនួនភូមិសរុប ១៤ ៣៨៣ ភូមិ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ប៉ុន្តែនៅចុងអណត្តិនៃឆ្នាំចាស់កន្លងទៅ យើងមានបញ្ហាខ្លះៗ គឺកង្វះខាតថាមពលប្រមាណជា៤០០មេហ្គាវាត់។ ជុំវិញកង្វះខាតនេះ អាជ្ញាធរ និងមន្រ្តីជំនាញបានអះអាងរួចហើយថានឹងខិតខំដោះស្រាយបញ្ហានេះឱ្យបាននៅក្នុងឆ្នាំថ្មីនេះ។

សម្រាប់ការបង្កបង្កើនផលដំណាំស្រូវនៅទូទាំងប្រទេស បរិមាណផលិតផលស្រូវសម្រេចបានក្នុងឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ប្រមាណជាង ១០,៦លានតោន កើនឡើងជាងផលិតផលស្រូវក្នុងឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ប្រមាណ ២,៦៣% និងសល់ស្រូវជាង ៦,២លានតោន គិតជាអង្ករប្រមាណជាង ៤លានតោន សម្រាប់បម្រើឱ្យការនាំចេញ។ រីឯការនាំចេញអង្ករទៅទីផ្សារបរទេស យើងសម្រេចបានជាង៦២ម៉ឺនតោន។

រហូតមកដល់បច្ចុប្បន្ន នៅកម្ពុជា វិស័យឧស្សាហកម្ម និងសិប្បកម្ម បានរីកលូតលាស់ជាបន្តបន្ទាប់។ កម្ពុជាមានរោងចក្រសរុបចំនួនជាង ១ ៥០០រោងចក្រ ដែលភាគច្រើនជារោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងមានឧស្សាហកម្មមធ្យម តូច និងសិប្បកម្មជាង ១៥៦ ៨៩០មូលដ្ឋាន ហើយដែលបានស្រូបកម្លាំងពលករសរុបប្រមាណជាង ១លាននាក់។

វិស័យសំណង់ក៏មានការរីកលូតលាស់ដែរ ដោយមានអាគារខ្ពស់ប្រមាណជាង ១ ០៨០អគារ ចាប់ពី៥ជាន់ ទៅ៤0ជាន់ឡើង ក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តមួយចំនួន។ ភ្ញៀវទេសចរអន្តរជាតិក៏បានចូលមកព្រះរាជាណាចក្រកម្ពុជា មានចំនួនប្រមាណ៦,២លាននាក់ កើនឡើងប្រមាណ១០,៧% ហើយបានបង្កើតការងារដោយផ្ទាល់ដល់ប្រជាពលរដ្ឋកម្ពុជាប្រមាណជាង ៦២ម៉ឺននាក់ និងដោយប្រយោលប្រមាណជាង ១លាននាក់។ ចំណូលពីវិស័យទេសចរណ៍បានប្រមាណ ៤ ៣៥៦លានដុល្លារអាមេរិក មានការកើនឡើង១៥.១៣%។

ចំពោះការងារការបរទេសវិញ រាជរដ្ឋាភិបាលបានខិតខំបំពេញបេសកកម្មកាទូតនៅលើឆាកអន្តរជាតិ និងកិច្ចសហប្រតិបត្តិការអន្តរជាតិលើគ្រប់វិស័យ ដោយទទួលបាននូវលទ្ធផលប្រកបដោយផ្លែផ្កា ហើយនៅក្នុងឆ្នាំ២០២០ ខាងមុខនេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានចូលរួមចំណែកបញ្ជូនកងយុទ្ធពលខេមរភូមិន្ទជាបន្តបន្ទាប់ទៅចូលរួមបំពេញបេសកកម្មក្រោមឆ័ត្រអង្គការសហប្រជាជាតិនៅប្រទេសជាច្រើន។

ទាំងនេះគឺជាអ្វីដែលយើងទាំងអស់គ្នាបានរួបរួមគ្នាសម្រេចបានកាលពីឆ្នាំចាស់ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ដូច្នេះនៅក្នុងឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ យើងគួរតែខិតខំថែរក្សានូវសមិទ្ធិផលឆ្នាំចាស់ឱ្យបាន ដើម្បីជាមូលដ្ឋានសម្រាប់ចាប់យកនូវសមិទ្ធផលថ្មីៗបន្ថែមទៀត ជាពិសេសគឺបន្តថែរក្សា ការពារសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈឱ្យបានរឹងមាំនៅក្រោមរដ្ឋធម្មនុញ្ញ និងបាវចនាជាតិ «ជាតិ សាសនា ព្រះមហាក្សត្រ»។ ហើយជាពិសេស គឺព្យាយាមលុបបំបាត់នូវអ្វីដែលជាបញ្ហាអសកម្មនៅក្នុងឆ្នាំចាស់ ដើម្បីឲ្យនាវា និងសង្គមកម្ពុជាយើងបន្តរីកចម្រើនថែមទៀត តាមគោលដៅដែលយើងទាំងអស់គ្នាចង់បាន គឺប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ខាងមុខនេះ។

ដោយ ខាន់ សុភីរម្យ