ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត គាត ឈន់ និងថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញចូលរួមសូត្រមន្តទទួលអំណរសាទរក្នុងឆ្នាំថ្មី

AKPភ្នំពេញ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ — ក្នុងឱកាសត្រៀមទទួលអំណរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ដែលនឹងឈានមកនាពេលឆាប់ៗខាងមុខនេះ ឯកឧត្តមកិត្តិបរិរក្ស​បណ្ឌិត គាត ឈន់ ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ឯកឧត្ដមអគ្គបណ្ឌិតសភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទ បាននិមន្តព្រះសង្ឃ សូត្រមន្ត ចម្រើនព្រះបរិត្ត ដើម្បីជម្រុះនូវឧបទ្រពចង្រៃ ក្នុងឆ្នាំចាស់ និងទទួលនូវពរជ័យសេរីមង្គលពីទេវតាឆ្នាំ្មថ្មី ។ ពិធីសូត្រមន្តចម្រើនព្រះបរិត្តបានប្រព្រឹត្តទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ដើម្បី​ ជាកិច្ចទទួលអំណរសារទរទេវតាឆ្នាំថ្មី ដែលនឹងយាងមកថែរក្សាទឹកដីនៃព្រះរាជាណាចក្រ កម្ពុជា ចាប់ពីថ្ងៃទី១៤ ១៥ និង១៦ ខែមេសា ឆ្នាំ២០១៩ នាពេលដ៏ខ្លីខាងមុខនេះ។ ជាងនេះ ទៀត ពិធីសូត្រមន្តនេះ ប្រារព្ធធ្វើឡើង ដើម្បីបួងសួងសូមឱ្យទេវតាឆ្នាំថ្មីប្រោះព្រំ ប្រទានពរ ជ័យ សិរីសួរស្តី ជ័យមង្គលមហាប្រសើរ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជក្រោមឱវាទ នៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទាំងអស់ ឱ្យមានសេចក្តីសុខ សេចក្តីចម្រើន ប្រាជ្ញាឈ្លាស់វៃ ដើម្បីបន្តបំពេញតួនាទី ភារកិច្ច ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យទទួលបានជោគជ័យថ្មីៗ ថែមទៀត។

ឯឧអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានសម្តែងនូវក្តីរីករាយ ដែលបានមកចូលរួម ក្នុងពិធីសូត្រមន្ត និងរាប់បាតប្រគេនព្រះសង្ឃចំនួន១០៨អង្គ ដើម្បីអបអរសាទរពិធី បុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ដែលនឹងឈានមកដល់នាពេលខាង មុខនេះ និងដើម្បីប័ង្សុកូលជូនដល់វិញ្ញាណក្ខ័ន្ធបុព្វបុរស និងមន្ត្រីរាជការ ដែលមានស្នាដៃ ចំពោះក្រសួង ស្ថាប័ន ហើយបានបូជាអាយុជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ។ ឯកឧត្តមអគ្គ​បណ្ឌិត​សភាចារ្យ បានមានប្រសាសន៍ថា ស្ថិតក្នុងឱកាសនេះ ក្នុងនាមថ្នាក់ដឹកនាំ និងជាមន្ត្រី​រាជការ នៃ​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមថ្វាយព្រះរាជសព្ទសាធុការពរបវរមហា ប្រសើរ​គោរព ថ្វាយចំពោះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហា​ក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សូមព្រះអង្គទាំងទ្វេរ មានព្រះជន្មាយុ​យឺន​យូរជាង រយព្រះវស្សា មានព្រះរាជសុខភាពល្អបរិបូរណ៌ ព្រះកាយពលមាំមួន ព្រះបញ្ញា​ញ្ញាណ​ភ្លឺថ្លា ដើម្បីគង់ប្រថាប់ នៅក្នុងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ដ៏ត្រជាក់ត្រជុំ សុខដុម​រមនា របស់ប្រជារាស្ត្រខ្មែរ ជាកូនចៅ ចៅទួត ជានិច្ចនិរន្តរ៍តរៀងទៅ។ ជាមួយគ្នានេះ ទួល​ព្រះ​បង្គំយើង ខ្ញុំទាំងអស់គ្នា សូមគោរពជូនពរ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធ​សភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចអគ្គមហាសេ​នាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណី ជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ដែលនឹងឈានចូលមកដល់នា​ពេលខាង​មុខនេះ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការ គឺអាយុ     វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាត​ឡើយ។ ទន្ទឹមនេះ ក៏សូមសម្រេចបានជោគជ័យដ៏ត្រចៈត្រចង់ ក្នុងការដឹកនាំកសាង​ប្រទេស​ជាតិ មាតុ​ភូមិកម្ពុជា ជាមួយនឹងសុខសន្តិភាព សម្បូរណ៍រុងរឿង និងអភិវឌ្ឍន៍លើគ្រប់វិស័យ។

ជាមួយគ្នានេះដែរ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ក៏សូមឧទ្ទិសបួងសួង និងប្រមែប្រមូល​នូវអដ្ឋមនុញ្ញផលដែលកើតឡើងពីការធ្វើបុណ្យរាបបាតក្នុងថ្ងៃនេះ សូមថ្វាយព្រះរាជកុសល ចំពោះព្រះបដិសន្ធិវិញ្ញាណ ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរ ក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ សូម​ព្រះអង្គបានយាងទៅសោយព្រះបរមសុខ ក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និងលោកជំទាវ និងថ្នាក់ដឹកនាំ មន្ត្រី​រាជការ​ក្រោមឱវាទទាំងអស់ បានអញ្ជើញរាប់បាតប្រគេនដល់ព្រះសង្ឃចំនួន១០៨អង្គ ដើម្បី​ព្រះ​សង្ឃ​ស្វាធ្យាយសតៈប្បករុណាភិធម្ម បង្សុកូល ជាកិច្ចឧទ្ទិសកុសល ផលបុណ្យជូន​វិញ្ញាណ​​ក្ខ័ន្ធ បុព្វការីជន មាតាបិតា ជីដូនជីតា និងញាតិកាទាំង៧សណ្តាន ដែលបានចែកឋាន​ទៅ​កាន់វរលោកខាងមុខ សូមវិញ្ញាណក្ខ័នអ្នកទាំងអស់ បានទៅសោយសុខក្នុងឋានសុគតិភព កុំបី​ឃ្លាងឃ្លាតឡើយ។ នៅក្នុងឱកាសដ៏វិសេសវិសាលនេះដែរ ក្រុមសិល្បៈរបាំត្រុដិ ដែល​ជាមន្ត្រីរាជការ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានធ្វើការហាត់សមសម្តែង​នាពេល​កន្លងមក ក៏បានសម្តែងរបាំត្រុដិ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៅក្នុងអង្គពិធីនេះផងដែរ។

គួររម្លឹកដែរថា ត្រុដិ គឺជារបាំប្រជាប្រិយខ្មែរមួយប្រភេទ ដែលភាគច្រើន គេនិយម​សម្តែង ក្នុងរដូវចូលឆ្នាំថ្មី ប្រពៃណីជាតិខែ្មរ ដើម្បីបួងសួង សុំសេចក្តីសុខ ក៏ដូចជា ដេញនូវ​ឧបទ្រពចង្រៃ ពីឆ្នាំចាស់ និងនាំសិរីសួស្តីក្នុងឆ្នាំថ្មី។ មិនតែប៉ុណ្ណោះ របាំខ្មែរមួយប្រភេទនេះ ក៏ត្រូវបានគេនិយមលេង ដើម្បីបន់ស្រន់សុំទឹកភ្លៀងផងដែរ។ យោងតាមឯកសារ ត្រុដិ គឺជា ពាក្យដើម មកពីភាសាសំស្រ្កឹត ដែលមានន័យថា ផ្តាច់ ឬកាត់ផ្តាច់ ដែលគេភាគច្រើន ប្រើ​នៅពេលចូលឆ្នាំថ្មី ដើម្បីផ្តាច់ចោលឧបទ្រពចង្រៃ ផ្លាស់ចូលឆ្នាំថ្មី។ ទន្ទឹមនឹងនោះ កាលដើម​ឡើយ ជនជាតិ សំរ៉ែ បានសម្តែងរបាំត្រុដិនេះ ដើម្បីថ្វាយព្រះរាជា នៅរៀងរាល់ពិធីបុណ្យ​ចូល ឆ្នាំ ដើម្បីថ្វាយព្រះពរសិរីមង្គល។លុះតំណក្រោយមក ប្រជាជនខ្មែរ បានសម្តែងរបាំនេះ សម្រាប់ប្រសិទ្ធសព្វសាធុការពរ ជូនដល់អ្នកស្រុកជាទូទៅ ក្នុងឱកាសចូលឆ្នាំថ្មី។ ចាប់ពីដើម សម័យអង្គរ រហូតមកដល់បច្ចុប្បន្ន របាំត្រុដិ បានរីកសាយភាយ និងមានប្រជាប្រិយភាព នៅ ទូទាំងប្រទេសកម្ពុជា៕

ដោយ គង់ សិរីរ័ត្ន