ឯកឧត្ដម ឃួង ស្រេង ចុះពិនិត្យសេវាដឹកជញ្ជូនប្រជាពលរដ្ឋទៅតាមបណ្ដាខេត្ដនានា

AKP ភ្នំពេញ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ — នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩នេះ សាលារាជធានីភ្នំពេញបានចាប់ផ្តើម បញ្ចេញរថយន្ដក្រុងចំនួន១២០គ្រឿង ដឹកបងប្អូនប្រជាពលរដ្ឋទៅលេងស្រុកកំណើត ក្នុង ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដោយឥតគិតថ្លៃ។ ប្រជាពលរដ្ឋដែលអាចជិះរថយន្ត ដោយឥតគិតថ្លៃនេះ រួមមានប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវជាតិលេខ១ លេខ២ លេខ៣ លេខ៤ លេខ៥ និងលេខ៦ ដែលមានចំណតរថយន្ដក្រុង បានកំណត់រួចជាស្រេច។

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះពិនិត្យការជិះ រថយន្ត ក្រុងសាធារណៈរបស់រដ្ឋ ដោយឥតគិតថ្លៃនៅទីលានប្រជាធិបតេយ្យ ស្ថិតនៅផ្លូវជាតិលេខ៥ ខណ្ឌឫស្សីកែវ។  ឯកឧត្ដម អភិបាលបានជូនពរឱ្យ ប្រជាពលរដ្ឋធ្វើដំណើរក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មី ប្រកបដោយសេចក្តីសុខសុវត្ថិភាព តាមផ្លូវ គ្រប់គ្នាៗ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋអាចឡើងរថយន្តក្រុងសាធារណៈនៅតាមទីតាំងដូចខាង ក្រោមនេះ៖ ផ្លូវជាតិលេខ១. ឡើងរថយន្តនៅមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ទល់មុខក្រុមហ៊ុនម៉ែកស៊ឺដេសបីន សម្រាប់បងប្អូនដែលធ្វើដំណើរតាមផ្លូវជាតិលេខ១ ឆ្ពោះទៅខេត្តកណ្តាល ព្រៃវែង និងខេត្តស្វាយរៀង។  ផ្លូវជាតិលេខ៣. ឡើងរថយន្តនៅមុខទីបញ្ជាការដ្ឋានកងពលតូចថ្មើរជើងង៧០ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ, ផ្លូវជាតិលេខ៤. ឡើងរថយន្តចំណុចប្រសព្វរវាងផ្លូវជាតិលេខ៤ និងមហាវិថីឈ្នះឈ្នះ (កប់ស្រូវ) សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ, ផ្លូវជាតិលេខ៥. ឡើងរថយន្តចំណតសួនច្បារឫស្សីកែវ (ទីលានប្រជាធិបតេយ្យថ្មីឫស្សីកែវ) សម្រាប់បងប្អូនធ្វើដំណើរតាមផ្លូវជាតិលេខ៥ ឆ្ពោះទៅខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ និងចំណុចប្រសព្វរវាងផ្លូវជាតិលេខ៤ និងមហាវិថីឈ្នះឈ្នះ (កប់ស្រូវ) សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។  ផ្លូវជាតិលេខ៦. ឡើងរថយន្តនៅរង្វង់ព្រំមុខបួន គល់ស្ពានជ្រោយចង្វារក្នុងតំបន់អភិវឌ្ឍន៍ក្រុងរណបជ្រោយចង្វារក្រុមហ៊ុនOCIC៕

ដោយ សួស សំរិត