ផ្ទាំងស្លាកឈ្មោះប្រាសាទចំនួន១១៨ផ្ទាំង កំពុងដំឡើងក្នុងរមណីយដ្ឋានអង្គរ

AKP សៀមរាប ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ — អាជ្ញាធរជាតិអប្សរាកំពុងដំណើរការដាក់ផ្ទាំងសម្គាល់ស្លាកឈ្មោះប្រាសាទ ដែល មានទាំងអក្សរខ្មែរ និងអក្សរអង់គ្លេសធ្វើអំពីថ្មភក់ចំនួន១១៨ផ្ទាំង ដាក់នៅតាមបណ្តាប្រាសាទ នានាក្នុងរមណីយដ្ឋានអង្គរ ដែលតាមគម្រោងឱ្យរួចរាល់ក្នុងរយៈពេល២ខែ ពោលគឺ ចាប់ផ្តើមដាក់កាលពីថ្ងៃព្រហស្បតិ៍ ៧កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩នេះតទៅ។នាឱកាសដាក់ផ្ទាំងស្លាកសញ្ញាឈ្មោះប្រាសាទទី១នៅអង្គរវត្ត ឯកឧត្តម សុខ សង្វារ អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរបានឱ្យដឹងថា ផ្ទាំងស្លាក ឈ្មោះប្រាសាទទាំង១១៨នេះមានបីទំហំផ្សេងគ្នា គឺធំ មធ្យម និងតូច ដែលនឹងត្រូវ យកទៅដាក់នៅតាមប្រាសាទ តែមិនបានដំឡើងគ្រប់ប្រាសាទទាំងអស់ ក្នុងតំបន់រមណីយ ដ្ឋានអង្គរឡើយ ដោយហេតុថា ប្រាសាទខ្លះនៅជ្រៅក្នុងព្រៃមិនមានទីតាំង ដាក់បាន ហើយក្នុងមួយប្រាសាទអាចមានមួយពីរ ឬបួនទៅតាមទំហំប្រាសាទ។ ចំពោះទីតាំងដែល ដំឡើងស្លាកឈ្មោះប្រាសាទវិញ ក្រុមការងារបានគិតទៅលើចំណុច៣គឺ នៅក្បែរច្រកចូល ទស្សនាប្រាសាទទីតាំងងាយមើលឃើញរបស់ភ្ញៀវទេសចរ និងទីតាំងដែលមិនប៉ះពាល់ដល់ ទិដ្ឋភាពប្រាសាទទាំងមូល ដូចក្នុងករណីនៅប្រាសាទ អង្គរវត្តស្រាប់។
ឯកឧត្តម សុខសង្វារ បានឱ្យដឹងទៀតថា ផ្ទាំងស្លាកឈ្មោះប្រាសាទនេះ មានព័ត៌មាន សំខាន់ៗដូចជា ឈ្មោះប្រាសាទ អាយុកាលសាងសង់ប្រាសាទ ទិសច្រកចូលប្រាសាទ ស្លាក អាជ្ញាធរជាតិអប្សរា ស្លាកអង្គការយូណេស្កូ ស្លាកបេតិកភណ្ឌពិភពលោក និងស្លាកអនុ សញ្ញា ក្រុងឡាអេឆ្នាំ១៩៥៤ សម្រាប់ការការពារសម្បត្តិវប្បធម៌ក្នុងគ្រា មានជម្លោះប្រដាប់អាវុធ។

ឯកឧត្តម សុខ សង្វារ បានបញ្ជាក់ថា ផ្ទាំងស្លាកឈ្មោះប្រាសាទទាំងអស់ក៏នឹងជួយ ផ្ដល់ភាពងាយស្រួល និងបទពិសោធន៍ល្អសម្រាប់ភ្ញៀវទេសចរជាតិ-អន្តរជាតិក្នុងការ ទស្សនា តំបន់អង្គរដែលគ្មានមគ្គុទ្ទេសក៍ អាចស្គាល់ឈ្មោះប្រាសាទបានច្រើនដោយខ្លួនឯង ហើយ ទទួលបាននូវព័ត៌មានមួយចំនួនដែលធ្វើឱ្យដំណើរកម្សាន្តកាន់តែសប្បាយ និងច្បាស់លាស់ ថែមទៀត។មានចំណាប់អារម្មណ៍ក្នុងពេលកំពង់ដំឡើងផ្ទាំង សម្គាល់ស្លាកឈ្មោះប្រាសាទនោះកញ្ញា សូលីនដា មកពីខេត្តកំពង់ស្ពឺ បាននិយាយថា ខ្ញុំមិនសូវស្គាល់ប្រាសាទច្រើនទេ តែពេលមានស្លាកប្រាប់ឈ្មោះ ប្រាសាទអ៊ីចឹង ធ្វើឱ្យខ្ញុំបានស្គាល់ទាំងឈ្មោះប្រាសាទ ច្បាស់ហើយ ដឹងទាំងឆ្នាំកសាងទៀត ពិសេសងាយ ស្រួលដឹងថាខ្ញុំនៅទីតាំងណាផង។

រី​ឯមគ្គុទ្ទេសក៍ភាសាចិន លោក ជា សុរ៉ា បានចាប់អារម្មណ៍ចំពោះការដាក់ ស្លាកឈ្មោះ ប្រាសាទនេះថា នៅសៀមរាបមានប្រាសាទច្រើនណាស់ មគ្គុទ្ទេសក៍ខ្លះស្គាល់តែប្រាសាទ ដែលនាំភ្ញៀវទៅដល់ប៉ុណ្ណោះ ឯប្រាសាទតូចៗ ឬនៅក្នុងព្រៃ ឬកន្លែងដែលមិនធ្លាប់នាំភ្ញៀវទៅ គឺមិនស្គាល់ទេ។ ដូច្នេះវាជាសញ្ញាណល្អណាស់សម្រាប់មគ្គុទ្ទេសក៍ បានស្គាល់បន្ថែមទៀត។ ហើយលើសពីនេះភ្ញៀវខ្លះក៏គាត់មិនស្តាប់តែមគ្គុទ្ទេសក៍ដែរ ដូច្នេះស្លាកឈ្មោះនេះ នឹងជួយឱ្យ ពួកគេអាចស្វែងរកទិន្នន័យពីប្រាសាទបានកាន់តែច្បាស់នៅទីតាំងផ្ទាល់និងតាមប្រព័ន្ធផ្សព្វផ្សាយនេះ។

គួរបញ្ជាក់ថា ផ្ទាំងសម្គាល់ស្លាកឈ្មោះប្រាសាទដែលធ្វើអំពីថ្មភក់ចំនួន១១៨ផ្ទាំងនេះ ត្រូវបានកសាងឡើងដោយស្នាដៃកូនខ្មែរសុទ្ធសាធ ទាំងការឆ្លាក់អក្សរ និងកាត់ផ្ទាំងស្លាក គឺរៀប ចំដំឡើងដោយលោក ហាក់ ហេង ជាបុគ្គលិកសិប្បករអង្គរ មានទីលំនៅក្នុង ភូមិត្រពាំងសេស ស្រុកអង្គរធំ ខេត្តសៀមរាប៕

ដោយ ហង្ស សៀក