ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និង​ផ្សព្វ​ផ្សាយផែនការការពារ​សុវត្ថិភាពក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

AKP ​ព្រះសីហនុ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ — នាព្រឹក​ថ្ងៃសុក្រ ៨កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែ​មេសា​ ឆ្នាំ​២០១៩​ នៅស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បាន​បើក​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​មីនា​ និង​ផ្សព្វ​ផ្សាយ​ផែនការ​ការពារ​សុវត្ថិភាពក្នុងពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ ឆ្នាំ​កុរ​ ឯកស័ក ពុទ្ធសករាជ​ ២៥​៦៣​ ដែលនឹងចូល មកដល់នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩។ លោក​ឧត្តម​សេនីយ៍​ទោ​ ជួន ណា​រិន្ទ​ ស្នងការនគរបាល​ខេត្តព្រះសីហនុ មានប្រសាសន៍ ណែនាំឱ្យកងកម្លាំង​នគរបាល​ទាំងអស់​ ត្រូវ​ខិតខំ​ប្រឹងប្រែង​បំពេញ​ការងារតាមតួនាទី ភារកិច្ចរៀងៗខ្លួន ដែល​ថ្នាក់​លើ​បាន​ប្រគល់​ជូន​ ក្នុង​នោះ​ត្រូវ​យកចិត្តទុកដាក់ ពង្រឹងការងារ ប្រចាំថ្ងៃប្រចាំ​បញ្ជា​ឱ្យ​បាន​ច្បាស់​លាស់​ និងហ្មត់ ចត់ ត្រូវ​​រាយការណ៍​ជូន​ថ្នាក់​ដឹកនាំ​ឱ្យបាន ទៀងទាត់ និង​ទាន់​ពេល​វេលា​។ ពិសេសកម្លាំង​អន្តរាគមន៍​ ត្រូវ​ត្រៀម​ជានិច្ចសម្រាប់​ចេញ​អន្តរាគមន៍​ ពេលមានហេតុការណ៍កើតឡើង។

លោកស្នងការ​ បាន​ដាស់តឿនឱ្យកងកម្លាំងនគរបាលទាំងអស់យក​ចិត្ត​ទុក​ដាក់​ ការ​ពារ​សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ តាម​វត្តអារាម​ និង​កន្លែង​កម្សាន្តនានា។ ដូច្នេះកម្លាំង នគរបាលមូលដ្ឋាន ត្រូវ​ចុះ​ល្បាត​ដល់តាមភូមិ និង​លំនៅ​ឋាន​ តាមដានសង្កេត ក្រែង​មាន​បទល្មើស​ចោរ​កម្ម​គាស់​ផ្ទះ​ ឬ​មាន​អគ្គិភ័យកើតឡើង។ លោក​ស្នងការ​ បាន​ជំរុញ​ឱ្យកម្លាំង យកចិត្តទុកដាក់លើការងារព្រហ្មទណ្ឌ ការ​ងារ​ចរាចរណ៍​ផ្លូវគោក​ សណ្តាប់​ធ្នាប់​ និង​បញ្ហា​គ្រឿង​ញៀន និងចរាចរណ៍ផ្លូវទឹក ត្រូវមានអាវសុវត្ថិភាពជូនភ្ញៀវ។

លោកបន្តថា ចំពោះបញ្ហា​គ្រឿង​ញៀន​ ជា​បញ្ហា​មួយក្តៅគគុក ត្រូវ​រឹត​បន្តឹង​ចុះ​ទៅដល់ហាងខារ៉ាអូខេ ក្លឹប​កម្សាន្ត​ និង​ទី​កន្លែង​ដែល​ងាយ​នឹង​កើត​ឡើង​បទល្មើស​គ្រឿងញៀន អប់រំ​ធ្វើ​កិច្ចសន្យាចំពោះម្ចាស់ទីតាំង។ ក្នុង​ករណី​មាន​ការ​ពាក់ព័ន្ធ​នឹង​បទល្មើសគ្រឿងញៀនត្រូវ​មាន​វិធានការបង្ក្រាបភ្លាមៗ។  បញ្ហា​ល្បែងស៊ីសងខុសច្បាប់ បៀរ​ អាប៉ោង​ ជល់មាន់​ជា​ដើម​ ត្រូវ​រឹត​បន្តឹងបង្ក្រាបឱ្យបានទាន់ពេលវេលា។

ក្នុង​ឱកាសនោះ​ លោក​ស្នងការ​បាន​ឧបត្ថម្ភ​ ជូន​ដល់​កងកម្លាំង​គ្រប់​ការិយាល័យជំនាញ គ្រប់​អធិការ​ដ្ឋានគរបាល​ក្រុង​ ស្រុក​ និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​មាន៖ មី​​ចំនួន៨៧កេស ទឹកក្រូចចំនួនួន​ ១៦០កេស និង​ស្រាបៀ​ចំនួន​៣៨៧កេសផងដែរ៕

ដោយ ងូ សុមុនី