ក្រុមវ័យចាស់ស្រឡាញ់សុខភាពសាមគ្គីភាព ឈ្នះជើងឯកពានរង្វាន់មិត្តភាពសង្ក្រាន្តឆ្នាំថ្មី សម្រាប់ឆ្នាំកុរ

AKP ភ្នំពេញ ថ្ងៃទី ១២ ខែមេសា ឆ្នាំ២០១៩ — ទីបំផុត ក្រុមវ័យចាស់ស្រឡាញ់សុខភាព សាមគ្គីភាព បានឈ្នះជើងឯក ពានរង្វាន់មិត្តភាព សង្រ្កាន្តឆ្នាំថ្មី សម្រាប់ឆ្នាំកុរ ព.ស ២៥៦៣ កាលពីល្ងាចថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ នៅកីឡ​ដ្ឋានស្តាតចាស់ បន្ទាប់ពីបានយកឈ្នះលើក្រុមវ័យចាស់ព្រះខ័នរាជស្វាយរៀង ដោយលទ្ធ​ផល​៥ទល់១​នៅវគ្តផ្តាច់ព្រ័ត្រ។ ក្រុមវ័យចាស់ស្រឡាញ់សុខភាព សាមគ្គីភាព ទទួលបានពានរង្វាន់១ អមដោយប្រាក់​រង្វាន់ចំនួន១លានរៀល ខណៈក្រុមរងជើងឯក ក្រុមវ័យចាស់ព្រះខ័នរាជស្វាយរៀង ទទួល​បានប្រាក់រង្វាន់ចំនួន៥០ម៉ឺនរៀល។ រីឯក្រុមចំណាត់ថ្នាក់លេខ៣ ដណ្តើមបានដោយក្រុម​វ័យ​ចាស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង ប្រាក់រង្វាន់ ៣០ម៉ឺនរៀល និងលេខ៤ បានទៅលើក្រុមវ័យចាស់ក្រសួងការពារជាតិ។

ក្រៅពីនេះចាស់ៗព្រឹទ្ធាចារ្យ ក្នុងវិស័យកីឡា​បាល់ទាត់ជាច្រើនរូបត្រូវបានអញ្ជើញឱ្យចូលរួម និងទទួលបានការជួយឧបត្ថម្ភជាថវិកា ក្នុង​ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន២០ម៉ឺនរៀល ដែលជាការមូលមតិគ្នាពីសំណាក់ឯកឧត្តម តែម ម៉ឺន ប្រធានមជ្ឈមណ្ឌលកីឡាកងយោធពល​ខេមភូមិន្ទ និងឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន លោក ខូវ ឆាយ ក្លិបបាល់ទាត់ក្រសួងការពារជាតិ និងអ្នករៀបចំ ជាច្រើនរូប​ទៀត​ផងដែរ។

ថ្លែងក្រោយបញ្ចប់ការប្រកួត ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន និង​ជាទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ព្រឹត្តិការណ៍​កីឡាបាល់ទាត់ពានរង្វាន់សង្រ្កាន្តឆ្នាំថ្មីនេះ គឺជាផ្តួចផ្តើមគំនិត និងបំផុសឱ្យមានការប្រមូល​កីឡា​ករវ័យចាស់បានចូលរួមប្រកួត ដែលមាន៤ក្រុមចូលរួម ដោយធ្វើឡើង​ក្នុងគោល​បំណង​ចម្បងចំនួន២ ទី១ គឺការប្រកួតដើម្បីចូលរួមអបអរសាទរឆ្នាំថ្មីផង និងទី២​បង្កើនមិត្ត​ភាព​បន្ថែម​ជាមួយនឹងការបង្កើនសុខភាព ដែលជាបញ្ហាដ៏សំខាន់សម្រាប់កីឡាករវ័យចាស់នានា។ ឯកឧត្តមបញ្ជាក់ថា នេះគឺជាលើកទី២ហើយ ក្នុងការផ្តួចផ្តើមគំនិតឱ្យ​មានការប្រកួត​បែបនេះ​ឡើង ហើយនៅឆ្នាំក្រោយឯកឧត្តមអះអាងថា នឹងបង្កើនព្រឹត្តិការណ៍នេះឱ្យ​បានកាន់​តែធំជាង​ឆ្នាំនេះ ដោយអាចបង្កើនឱ្យបានដល់៨ក្រុម ដែលរៀបចំប្រកួតជាលីគតែម្តង។ ជាមួយ​​គ្នានេះ​ឯកឧត្តមក៏បានសំណូមពរដល់លោកឧកញ៉ា អ្នកឧកញ៉ា បណ្តាក្រុមហ៊ុន ឬបណ្តាសប្បុរស​ជននានា ដែលមានបំណងចង់ចូលរួមលើកស្ទួយសុខុមាលភាព ឬវិស័យ​កីឡាបាល់ទាត់នេះ សូមមេត្តាចូលរួមជួយឧបត្ថម្ភគាំទ្រ ដើម្បីឱ្យដំណើរ ការប្រកួតនេះ​មានដំណើរការល្អ និង​ទទួលបាននូវជោគជ័យជាបន្តទៀត។

ឯកឧត្តមបានបញ្ជាក់ទៀតថា ការប្រកួតនេះអនុញ្ញាតឱ្យកីឡាករវ័យចាស់ ដែលជា​កីឡាករឈប់លេងក្នុងកម្រិតអាជីព ៥ឆ្នាំឡើង ឬកីឡាករ ដែលមានវ័យចាប់ពី៣៥ឆ្នាំ ដែល​អាចចូលរួមលេងបានដោយសេរី។ ឯកឧត្តមបានជូនដល់កីឡាករទាំងអស់ ក៏ដូចជាប្រជា ពលរដ្ឋកម្ពុជាទូទៅទទួលបានសុខភាពល្អ សុខសុវត្ថិភាព ក្នុងដំណើរកម្សាន្តសប្បាយរីករាយ នាឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរផងដែរ៕

ដោយ ហេង ណាលីន