អត្តពលិក៤ប្រភេទកីឡាទទួលបានប្រាក់រង្វាន់ពីរាជរដ្ឋាភិបាល ដែលឈ្នះមេដាយអន្តរជាតិ មុនបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

AKP ភ្នំពេញ ថ្ងៃទី ១២ ខែមេសា ឆ្នាំ២០១៩ — កីឡាករ កីឡាការិនីលើ៤ប្រភេទកីឡា ដូចជាកីឡាវ៉ូវីណាម ប៉េតង់ វាយកូនឃ្លីលើតុ និងកីឡា ការ៉ាតេដូបានទទួលបានរង្វាន់លើកទឹកចិត្តជាច្រើនពីរាជរដ្ឋាភិបាល តាមរយៈក្រសួងអប់រំ យុវជន និងកីឡា ដែលប្រគល់ជូនដោយឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា នៅមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា កាលពីល្ងាចថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ មុនឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែ។ការប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តនេះ បន្ទាប់ពីប្រភេទកីឡាខាងលើ ដណ្ដើមបានមេដាយ​ពី​ព្រឹត្តិការណ៍ចំនួនពីរ គឺការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី១៩ ឆ្នាំ២០១៨ នៅប្រទេសមីយ៉ាន់ម៉ា និងការប្រកួតជ្រើសរើសជើងឯកកីឡាវ៉ូវីណាមអាស៊ី លើកទី៤ ឆ្នាំ២០១៨។ ការទទួលបានប្រាក់រង្វាន់នេះ បានធ្វើឱ្យកីឡាករ-កីឡាការិនីបានសម្ដែងការ សប្បាយចិត្ត និងថ្លែងអំណរគុណប្រមុខថ្នាក់ដឹកនាំជាខ្លាំង ចំពោះពេលវេលាល្អ ក្នុងឱកាស បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ នាពេលដ៏ខ្លីខាងមុខ ។

ឯកឧត្តម ស សុខា បានសម្ដែងការសាទរ និងអបអរសាទរដល់កីឡាករ-កីឡាការិនី​ដែលបានខិតខំដណ្ដើមបានជ័យលាភីយកមកជូនជាតិ ហើយឯកឧត្តមបានលើកទឹកចិត្តពួក​គាត់ឱ្យបន្ដការខិតខំហ្វឹកហាត់បន្ថែមទៀត ដោយមិនត្រូវភ្លេចខ្លួនធ្វើឱ្យធ្លាក់ចុះសមត្ថភាព​របស់ខ្លួនឡើយ។ ឯកឧត្ដមរដ្ឋលេខាធិការបានស្នើឱ្យកីឡាករ-កីឡាការិនី ត្រូវចេះថែរក្សាខ្លួន ថែសុខភាព និងបង្កើនការហ្វឹកហាត់ទ្វេដង ដើម្បីត្រៀមប្រកួត ប្រជែងដណ្ដើមមេដាយជូន​ជាតិ​កាន់តែច្រើនទៀត ។

សូមបញ្ជាក់ថា ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី១៩ កាលពីចុងឆ្នាំ​២០១៨ នៅប្រទេសមីយ៉ាន់ម៉ា កម្ពុជាបានបញ្ជូនប្រតិភូ និងកីឡាករ-កីឡាការិនីសរុប៧៧នាក់ លើ៦ប្រភេទកីឡា ទៅចូលរួម ប៉ុន្តែជាលទ្ធផលមានកីឡា៤ប្រភេទដណ្ដើមបានមេដាយ រួម​មាន​កីឡាវ៉ូវីណាម វាយកូនឃ្លីលើតុ ប៉េតង់ និងកីឡាការ៉ាតេដោយដណ្ដើមបាន​មេដាយសរុប ២៧គ្រឿង រួមមានមេដាយមាស ៥ ប្រាក់ ១០ និងសំរឹទ្ធិ ១២គ្រឿង៕

ដោយ ហេង ណាលីន