ក្រុមហ៊ុនកូកា-កូឡា ចែករំលែកអំពើល្អជួយដល់សហគមន៍ចំនួន៧ ក្នុងរាជ​ធានី​ភ្នំពេញ ទទួលបានជោគជ័យ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

AKP ភ្នំពេញ ថ្ងៃទី១២ ខែមេសា​ ឆ្នាំ២០១៩ — ក្រុមហ៊ុនភេសជ្ជៈកម្ពុជាកូកា-កូឡា បានបើកយុទ្ធនា​ការចែករំលែកអំពើល្អជួយដល់សហគមន៍ ចំនួន៧ ក្នុងរាជធានីភ្នំពេញ ចាប់ផ្ដើមពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩មក ដោយទទួលបាន​ជោគជ័យ ដើម្បីចូលរួមអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ការបង្កើត​កម្មវិធី “Spread The Goodness” ប្រចាំ​ឆ្នាំ ២០១៩ ដែល​រៀប​ចំ​ដោយ ក្រុមហ៊ុន​ កូកា-កូឡា បាន​បញ្ចប់​ទៅ​ដោយ​ជោគជ័យ​ ក្រោយពីបាន​សម្រេច​បំណង​ប្រាថ្នា​ជួយ​សហគមន៍​នានា​ជុំវិញ​​រាជធានី​ភ្នំពេញ​ចំនួន៧ ដើម្បីឱ្យ​ក្លាយ​ជា​ការ​ពិត។តំណាងក្រុមហ៊ុនបានលើកឡើងថា នេះ​ជា​កម្មវិធី​ដែល​បង្កើត​ឡើង​ក្នុង​គោល​បំណង​ ចែក​រំលែក​អំពើ​ល្អ​ដើម្បី​សិរីសួស្ដី​ក្នុង​ឱកាសបុណ្យចូល​ឆ្នាំ​ថ្មី​ប្រពៃណីជាតិខ្មែរ ដែល​ឈាន​មក​ដល់​ក្នុង​ពេល​ខាង​មុខ។ ជាក់​ស្ដែង​ កូកា-កូឡា បាន​ធ្វើ​ការ​សហការ​ជា​មួយ​ក្រុម​ចម្រៀង SmallWorld Smallband ដើម្បី​​សម្រួល​​ឱ្យការ​សម្រេច​បំណង​ប្រាថ្នា​ទាំង​នេះ ដំណើរ​ការ​ទៅ​ដោយ​រលូន អម​ជាមួយនឹង​ភាព​សប្បាយ​រីករាយ​ផង​ដែរ៕បើតាមការបញ្ជាក់របស់អ្នករៀបចំកម្មវិធីរបស់ក្រុមហ៊ុនភេសជ្ជៈកម្ពុជាកូកា-កូឡា បាន​ឱ្យដឹងថា បំណង​ប្រាថ្នា​ទាំង​អស់​ដែល​ក្រុមការងារ​សម្រេច​បាន​រួម​មាន៖ ការផ្ដល់​ធុង​សំរាម​ចំនួន២៥ ដល់​ផ្សារ​កណ្ដាល ការចុះសួរសុខទុក្ខ និង​យក​អំណោយ​ជូន​បុគ្គលិក​ប្រមូលសំរាម និង​អ្នក​រត់ស៊ីក្លូ ការដំឡើង​កង្ហារ​នៅ​វិទ្យាល័យ​បឹងប្រិយ៍ ការដាំ​ដើម​ឈើ​នៅ​សាលា​មធ្យម​វិចិត្រ​សិល្បៈ ការសម្អាត​សំរាម​នៅ​ក្រោម​ស្ពាន​ព្រះ​មុនីវង្ស ការចូលរួមឧបត្ថម្ភ​ស្បៀង​អាហារ​ជូន​ប្រជា​ពលរដ្ឋជាង៥០ គ្រួសារ ដែល​រង​គ្រោះ​អគ្គិភ័យ​នៅ​ភូមិ​សំបុក​ចាប និងការបរិច្ចាគ​ថវិកា​ចំនួន២០ លាន​រៀល ជូន​មូលនិធិ​គន្ធបុប្ផា។

ដោយ អ៊ុន រិទ្ធី