សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់សេវារថយន្តក្រុង ដោយឥតគិតថ្លៃទៅកាន់ស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

AKP ភ្នំពេញ ថ្ងៃទី១២ ខែមេសា ​ឆ្នាំ២០១៩ -ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន​ស្នើ​ឱ្យ​បង​ប្អូនប្រជាពលរដ្ឋប្រើប្រាស់សេវារថយន្តក្រុងដោយឥតគិតថ្លៃរបស់សាលារាជធានីភ្នំពេញ​ទៅ​កាន់ស្រុកកំណើតរបស់ខ្លួន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ថ្ងៃសុក្រ ៨កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស​២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩នេះ សម្ដេ​ច​តេ​ជោ​នាយករដ្ឋមន្ត្រីបានសរ សេរថា នៅតែ២ថ្ងៃទៀត ថ្ងៃចូលឆ្នាំថ្មីនឹងមកដល់ហើយ ដើម្បីកុំឱ្យ​ចំ​ណាយលើការធ្វើដំណើរ ច្រើន សូមបងប្អូនជនរួមជាតិ និងកូនក្មួយប្រើប្រាស់ឡានក្រុង​ដែ​ល​បាន​ដាក់ឱ្យដំណើរការ ដឹកជញ្ជូនដោយឥតគិតថ្លៃចាប់ពីថ្ងៃទី១២ ដល់១៨ ខែមេសា ឆ្នាំ២០១៩ដែលមាន​ចំ​នួ​ន​ ១២០ គ្រឿង។ តៃកុងបើកបរត្រូវមានការប្រុងប្រយ័ត្នខ្ពស់ បើកបរគោរពច្បាប់ កុំវ៉ាប្រជែង និ​ង​​កុំផឹក គ្រឿងស្រវឹងក្នុងពេលបើកបរដើម្បីសុវត្ថិភាពទាំងអស់គ្នា។ សូមជូនពរបងប្អូនជនរួម​ជា​តិ​ និង កូនក្មួយ ព្រមទាំងចៅៗ ធ្វើដំណើរទៅកាន់ស្រុកកំណើត មានសុខសុវត្ថិភាពតាមផ្លូវ និង​បាន​សប្បាយជួបជុំក្រុមគ្រួសារ ឪពុកម្តាយ លោកយាយលោកតាជាទីស្រឡាញ់នៅក្នុង​ឱ​កា​ស​​​បុណ្យចូលឆ្នាំថ្មី ខាងមុខនេះ។

គួរបញ្ជាក់ដែរថា យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ សកម្ម​ភា​ព​ដឹកជញ្ជូនប្រជាពលរដ្ឋទៅលេងស្រុកកំណើតដោយឥតគិតថ្លៃនេះ មានរយៈពេល​៧​ថ្ងៃ​ចា​ប់​​ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ ដោយចេញដំណើរចាប់ពីម៉ោង ៥ និង​៣០​នា​ទី​ព្រឹ​ក​។ ផ្លូវដែលដាក់រថយន្តក្រុងសាធារណៈ ឱ្យប្រជាពលរដ្ឋជិះដោយឥតគិតថ្លៃ រួមមាន៖ ផ្លូវ​ជា​តិ​លេខ១ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៦ ផ្លូវ​ជា​តិ​លេខ៧ និងផ្លូវជាតិលេខ៨។ ចំនួនរថយន្តដែលត្រូវរត់តាមផ្លូវជាតិរួមមាន៖ផ្លូវជាតិលេខ​១​មា​ន​ ភ្នំពេញ-ខេត្តកណ្តាល-ស្វាយរៀង ចំនួន ៥គ្រឿង និងភ្នំពេញ-កណ្តាល-ព្រៃវែង៥គ្រឿង ស​រុ​ប​១០គ្រឿង, ផ្លូវជាតិលេខ២ ភ្នំពេញ-តាកែវ ៥គ្រឿង, ផ្លូវជាតិលេខ៣ ភ្នំពេញ-កែប ៥គ្រឿង, ភ្នំ​ពេញ-កំពត ៥គ្រឿងសរុប ១០គ្រឿង, ផ្លូវជាតិលេខ៤ ភ្នំពេញ -កំពង់ស្ពឺ ៣គ្រឿង, ភ្នំពេញ-ក្រុ​ង​ព្រះសីហនុ ៧គ្រឿង សរុប១០គ្រឿង, ផ្លូវជាតិលេខ៥ ភ្នំពេញ-កំពង់ឆ្នាំង ៥គ្រឿង ភ្នំពេញ-ពោ​ធិ៍សាត់ ១០គ្រឿង ភ្នំពេញ-បាត់ដំបង ១៥គ្រឿង ភ្នំពេញ-បន្ទាយមានជ័យ ១៥ គ្រឿង សរុ​ប​៤​៥គ្រឿង, ផ្លូវជាតិលេខ៦ ភ្នំពេញ-កំពង់ធំ ៥គ្រឿង ភ្នំពេញ-សៀមរាប ១៥គ្រឿង សរុប​២០​គ្រឿង​, ផ្លូវជាតិលេខ៦ និងលេខ៧ ភ្នំពេញ-កំពង់ចាម ៥គ្រឿង ភ្នំពេញ-ត្បូងឃ្មុំ ៥គ្រឿង សរុប​១០​គ្រឿង, ផ្លូវជាតិលេខ៦ និងលេខ៨ ភ្នំពេញ-ក្រចេះ ៥គ្រឿង ភ្នំពេញ-ស្ទឹងត្រែង ៥គ្រឿង សរុប១០គ្រឿង៕

ដោយជឹម ណារី