ឯកឧត្តម ប៉ាន សូរស័ក្តិ​ ​ទទួលជួបពិភាក្សាការងារ​ជាមួយ​ប្រតិភូធុរជន​ខេត្ត​សានស៊ី

AKP ភ្នំពេញ ថ្ងៃទី​១០ ខែ​មេសា ឆ្នាំ​២០១៩​ -ប្រភពពីក្រសួង​ពាណិជ្ជកម្ម​បាន​ឱ្យដឹងថា ​កាលពី​ថ្ងៃអង្គារ ៥កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី​០៩ ខែ​មេសា ឆ្នាំ​២០១៩​ ឯកឧត្តម​ ប៉ាន សូរស័ក្តិ​ រដ្ឋ  មន្ត្រីក្រសួងពាណិជ្ជកម្ម​ បាន​អនុញ្ញាត​ឱ្យ​ប្រតិភូ​ធុរជន​ចិន​ខេត្ត​សានស៊ី​ ដែល​ដឹកនាំដោយលោក វ៉ាង លីពីង (Wang Liping) ប្រធានក្រុមហ៊ុន GuangBo Group Co., Ltd និងជាលេខាធិការគណៈកម្មការបក្សនៃសភាប្រជាជនទី១២ ចូល​ជួប​ពិភាក្សា​​ការងារ។​​

នៅក្នុង​ឱកាសនោះ​ ឯកឧត្តម​រដ្ឋមន្ត្រី​ បានលើកឡើងអំពីសក្តានុពលនៃទីតាំងភូមិសាស្ត្រប្រទេសកម្ពុជា គោលនយោបាយគាំពារវិនិយោគ គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម គម្រោង Plus One នៅតាមតំបន់សេដ្ឋកិច្ចពិសេស និងការលើកទឹកចិត្តផ្សេងៗរបស់រាជរដ្ឋាភិបាល ចំពោះវិនិយោគិនបរទេស។

ឯកឧត្តម​បាន​ស្វាគមន៍ និងគាំទ្រចំពោះគម្រោងវិនិយោគរបស់ប្រតិភូធុរជនចិនខេត្តសានស៊ី ដែលចង់បង្កើតរោងចក្រផលិតសម្ភារសិក្សា និងកីឡានៅកម្ពុជា ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក ជាពិសេសវិស័យអប់រំជាតិ និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិសំខាន់ៗ ដែលជាដៃគូពាណិជ្ជកម្មរបស់កម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី​បាន​គូសបញ្ជាក់បន្ថែមទៀតថា​ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ១៩កំពុងធ្វើប្រតិបត្តិការ សម្រាប់ផ្តល់ឱ្យវិនិយោគិនបើករោងចក្រ ដើម្បីទទួលបានការលើកលែងពន្ធលើប្រាក់ចំណេញ ៩ឆ្នាំ អាចគ្រប់គ្រងភាគហ៊ុន ១០០ភាគរយ ហើយអាចនាំចេញផលិតផលទៅកាន់ទីផ្សារក្នុងតំបន់ (អាស៊ាន) សហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប នៅក្រោមកម្មវិធីអនុគ្រោះពន្ធថែមទៀតផង។

ជាមួយគ្នានេះដែរ​ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបជូនធុរជនចិន អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគ តាម   រយៈការកាត់បន្ថយសកម្មភាពការិយាធិបតេយ្យ ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត (ផ្លូវគមនាគមន៍ ព្រលានយន្តហោះ កំពង់ផែអន្តរជាតិ និងតំបន់សេដ្ឋកិច្ចពិសេស) ការបណ្តុះ បណ្តាលធនធានមនុស្ស ការចងក្រង និងធ្វើវិសោធនកម្មច្បាប់ថ្មីៗ សំដៅគាំទ្រការអភិវឌ្ឍ វិស័យឯកជន និងពង្រឹងឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា។

ដោយ​ឡែក​ លោក វ៉ាង លីពីង និងសហការី បានថ្លែងអំណរគុណ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ដែលបានគាំទ្រគម្រោងវិនិយោគខាងលើ និងបានចែករំលែកនូវព័ត៌មានសំខាន់ៗ ទាក់ទងឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា។

លោក វ៉ាង លីពីង ក៏បានសន្យាពិនិត្យលទ្ធភាពពង្រីកការវិនិយោគមកកម្ពុជា នៅក្នុងពេលឆាប់ៗខាងមុខ ដើម្បីតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មប្រទេសទាំងពីរ នៅក្រោមក្រប    ខ័ណ្ឌខ្សែក្រវាត់១ និងផ្លូវ១ សំដៅរួមចំណែកបង្កើតឱកាសការងារ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋខ្មែរ ព្រមទាំងចូលរួមអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ច ជាមួយរាជរដ្ឋាភិបាលកម្ពុជា៕ ដោយ ទេស ច័ន្ទសុធារី​

រូបភាព៖ ក្រសួង​ពាណិជ្ជកម្ម​