រដ្ឋបាលខេត្តមណ្ឌលគិរី និងខេត្តដាក់ឡាក់ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផល ការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តន៍បន្តឆ្នាំ២០១៩

AKP មណ្ឌលគិរី ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ — នៅថ្ងៃទី០៩  ខែមេសា ឆ្នាំ២០១៩ រដ្ឋបាលសាលាខេត្ត បានរៀបចំកិច្ចប្រជុំបូកសរុប លទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តន៍បន្តឆ្នាំ២០១៩ រវាងរដ្ឋបាលសាលាខេត្ត មណ្ឌលគិរី និងគណៈកម្មាធិការប្រជាជនខេត្តដាក់ឡាក់របស់ប្រទេសវៀតណាម ក្រោម អធិបតីឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត និង លោក អេបាន អ៊ីហ្វូ លេខាគណៈកម្មាធិការប្រជាជនខេត្តដាក់ឡាក់។ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានមានប្រសាសន៍ថា កិច្ចប្រជុំនេះពិតជាមាន សារៈសំខាន់ណាស់ ដើម្បីធ្វើការឆ្លុះបញ្ចាំងអំពីលទ្ធផល នៃសកម្មភាពការងារដែលបានរួមគ្នា អនុវត្តន៍នៅក្នុងរយៈពេល១ឆ្នាំកន្លងមក រវាងរដ្ឋបាលខេត្តមណ្ឌលគិរី និងគណៈកម្មាធិការ ប្រជាជនខេត្តដាក់ឡាក់ និងពិនិត្យមើលសកម្មភាពអនុវត្តន៍រួច ការងារដែលមិនទាន់អនុវត្តន៍ និងបញ្ហាប្រឈមនានា ដែលត្រូវរួមសហការគ្នាដោះស្រាយ ដើម្បីឈានទៅបន្តសកម្មភាព ការងារកិច្ចសហប្រតិបត្តិការខាងមុខបានល្អប្រសើរ។

ក្នុងកិច្ចប្រជុំនោះដែរ ភាគីទាំងពីរបានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹង ប្រែងសហការក្នុងការអនុវត្តការងារក្នុងរយៈពេល១ឆ្នាំ រវាងខេត្តមណ្ឌលគិរី និងខេត្តដាក់ឡាក់ ទទួលបានលទ្ធផលល្អប្រសើរ។ ភាគីទាំងពីរបន្តអនុវត្តន៍ការងារបន្ថែមទៀតក្នុងការពង្រឹង ពង្រីក និងចូលរួមយ៉ាងសកម្មក្នុងការកសាងខ្សែបន្ទាត់ព្រំដែនសន្តិភាព មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីរួមចំណែកក្នុងការថែរក្សាការពារ សន្តិភាព ស្ថិរភាព ក្នុងការបម្រើផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ គឺខេត្តមណ្ឌលគិរី ខេត្តដាក់ឡាក់។

ជាមួយនឹងលទ្ធផលដែលសម្រេចបានទាំងនេះ ភាគីទាំងពីរបានឯកភាពគ្នាបន្តកិច្ច សហការអនុវត្តន៍សកម្មភាពការងារក្នុងឆ្នាំ២០១៩ លើការងារមួយចំនួន ដើម្បីធ្វើយ៉ាងណាឱ្យ ដំណើរការកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរ គឺខេត្តមណ្ឌលគិរី និងខេត្តដាក់ឡាក់ ឱ្យទទួលបានកាន់តែល្អប្រសើរ៕

ដោយ ណយ នឿន (ប្រភព រដ្ឋបាលខេត្តមណ្ឌលគិរី)