លោកជំទាវ ឃួន សុដារី៖ ចាស់ៗនៅអាស៊ី ដែលធ្លាប់តែទទួលបានការការពារពីប្រព័ន្ធសង្គម និងសម្ព័ន្ធភាពសហគមន៍កំពុងប្រឈមកាន់តែខ្លាំង

AKP ភ្នំពេញ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ — វេទិកានយោបាយអាស៊ី-អឺរ៉ុប លើកទី៣ (The 3rd Meeting of the Asia Europe Political Forum -AEPF) ដែលបានរៀបចំធ្វើឡើងនៅក្នុងទីក្រុងកូឡុំបូនៃសាធារណរដ្ឋប្រជាធិបតេយ្យសង្គមនិយមស្រីលង្កា កាលពីព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩។ វេទិកានេះត្រូវបានទទួលរៀបចំឡើងដោយគណបក្សរួបរួមជាតិស្រីលង្កា ដែលត្រូវបានតំណាងដោយថ្នាក់ដឹកនាំរបស់គណបក្សរួមមាន៖ ឯកឧត្តម រ៉ានីល វីគ្រីម៉េស្ហីងហ៍ (Ranil Wickremesinghe) នាយករដ្ឋមន្រ្តីស្រីលង្កា និងជាប្រធានគណបក្សរួបរួមជាតិស្រីលង្កា ដែលបានអញ្ជើញចូលរួមបើកវេទិកានេះ។

វេទិកានយោបាយអាស៊ី-អ៊ឺរ៉ុប(AEPF) លើកទី៣ ដែលផ្តោតសំខាន់លើប្រធានបទស្តីពី “ តួនាទីរបស់គណបក្សនយោបាយក្នុងការដោះស្រាយបញ្ហាប្រឈាមនៃសន្តិសុខសង្គម និងការងារសម្រាប់កំណើនប្រជាជនវ័យចំណាស់ ក៏ដូចជាបញ្ហាសំខាន់នានា នៅក្នុងតំបន់ អាស៊ីនាពេលបច្ចុប្បន្ន” ត្រូវបានដឹកនាំដោយឯកឧត្តម ដាយ៉ា ហ្កាមេយ (Daya Gamage) ប្រធានអង្គប្រជុំ, រដ្ឋមន្រ្តីនៃក្រសួងឧស្សាហកម្មកម្រិតបឋម និងការផ្តល់សិទ្ធិអំណាច ដល់សង្គម និងជាអនុ ប្រធានជាន់ខ្ពស់នៃគណបក្សរួបរួមជាតិស្រីលង្កា និងដោយមានការចូលរួមពីគណៈប្រតិភូប្រមាណជាង ៧០នាក់ មកពីគណបក្សនយោបាយនៅអាស៊ី-អ៊ឺរ៉ុបចំនួន ២៥។

ក្រោយពីបានសម្តែងនូវអំណរគុណ និងក្តីសោមនស្សជាពន្លឹក ដោយបានចូលរួមធ្វើ ជាសហប្រធានវេទិកានយោបាយអាស៊ី-អឺរ៉ុប AEPF លើកទី៣ ក្នុងទីក្រុងវប្បធម៌ និងប្រវត្តិសាស្រ្តមួយនេះ លោកជំទាវ ឃួន សុដារី សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ នៃ គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍អាយកាប់ (ICAPP) សហប្រធានវេទិកានយោបាយអាស៊ី-អឺរ៉ុប (AEPF) និងជាប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) បានទាញចំណាប់អារម្មណ៍ប្រតិភូឱ្យក្រឡេកមើលបញ្ហាប្រឈមរបស់ គណបក្ស នយោបាយ ចំពោះការកើនឡើង នៃជនជរាភាពដូចជាបញ្ហាសន្តិសុខសង្គម ការងារ និងបញ្ហាផ្សេងទៀត ដែលត្រូវការចាប់អារម្មណ៍បន្ទាន់ក្នុងតំបន់អាស៊ី ដែលកំពុងតែកើត ឡើងពិតៗ ហើយមានផលប៉ះពាល់យ៉ាងខ្លាំងទាំងថ្នាក់តំបន់ និងកម្រិតបុគ្គល។
លោកជំទាវបន្តថា ការកើនឡើងនៃអត្រាការពឹងផ្អែករបស់ជនចាស់ជរា និងឧបសគ្គផ្នែកហិរញ្ញប្បទាន សម្រាប់គាំទ្របេឡាសង្គម និងការថែទាំជាលក្ខណៈស្ថាប័ន ជានិន្នាការថ្មី ដែលអ្នករៀបចំគោលនយោ បាយថ្នាក់ជាតិត្រូវធ្វើការពិចារណា។
លោកជំទាវ បានសម្តែងការព្រួយបារម្មណ៍ពីការផ្លាស់ប្តូរនេះ ដោយប៉ះពាល់ដល់ មនុស្សវ័យចំណាស់ ដែលនឹងអាចបង្កឱ្យមានជំងឺស្ត្រេស ការតក់ស្លុត ភាពឯកា ការបាក់ទឹកចិត្ត ជារួមគឺការធ្លាក់ចុះ នៃសុខុមាលភាពផ្នែកស្មារតី។ លោកជំទាវ បានលើកឡើងបន្ថែមថា មិនត្រឹមតែបញ្ហាផ្លូវចិត្តនោះទេ ដែលកើតមានឡើង ក៏ប៉ុន្តែការកើនឡើង នៃអសន្តិសុខប្រាក់ចំណូល សម្រាប់ចាស់ជរា និងគម្លាតកាន់តែធំ នៃភាពខុសគ្នាពីមួយជំនាន់ទៅមួយជំនាន់ ក៏មានផលប៉ះពាល់ ខ្លាំងដល់ប្រជាជនមានវ័យ ចំណាស់ ជនពិការចាស់ជរា និងស្រ្តី។

លោកជំទាវ បានធ្វើការអំពាវនាវ ដោយក្នុងនាមជាគណបក្សនយោបាយ ត្រូវដើរតួនាទីឱ្យបានសកម្ម ក្នុងការអង្កេត និងកំណត់ឱ្យបានឆាប់រហ័ស នូវបញ្ហាកំពុងកើត មាននេះ ដើម្បីជាការឆ្លើយតបនូវគោលនយោបាយផ្សេងៗតាមវេទិកានយោបាយមួយនេះ។ លោកជំទាវ ក៏បានលើកជាសំណើរជាគំនិតផងដែរអំពីការគិតគូរពីគោលនយោបាយ ដែលផ្តល់អាទិភាពខ្លាំងលើការអប់រំពេញមួយជីវិត, ការកសាងសម្ព័ន្ធភាពសហគមន៍, ការលើកកម្ពស់សមភាពយេនឌ័រ, ការកាត់បន្ថយគម្លាតពីជំនាន់មួយទៅជំនាន់មួយ, កំណែ ទម្រង់ទីផ្សារ ដែលគិតគូរពីជរាភាព, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសង្គម និងសេដ្ឋកិច្ច និងឧបករណ៍បរិក្ខា ដែលគិតគូរពីជរាភាពជាចាំបាច់។
លោកជំទាវ បានសង្កត់ធ្ងន់ថា ឆន្ទៈ និងការប្តេជ្ញាចិត្តផ្នែកនយោបាយ ដើរតួនាទីដ៏សំខាន់ ក្នុងការបង្កើតគោលនយោបាយ ដែលមានលក្ខណៈទូលំទូលាយ និងគ្រប់ជ្រុងជ្រោយ ក្នុងការដោះស្រាយបញ្ហាជរាភាពនេះ ជាពិសេសចាស់ៗនៅអាស៊ី ដែលធ្លាប់តែទទួលបានការការពារពីប្រព័ន្ធសង្គម និងសម្ព័ន្ធភាពសហគមន៍កំពុងប្រឈម កាន់តែខ្លាំងឡើង សូម្បីតែមានការថែទាំដោយក្រុមគ្រួសារ និងសម្ព័ន្ធភាពសហគមន៍ក៏កំពុងតែមានការធ្លាក់ចុះ បើទោះជាសង្គម ក៏ដូចជាសហគមន៍មាន វប្បធម៌ថែទាំគ្នាទៅវិញទៅមក និងស្មារតីស្និទ្ធស្នាលរាប់សតវត្សរ៍ក៏ដោយ ក៏មានការផ្លាស់ប្តូរដែរ៕

ដោយ ប៉ាល់ សុង