សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ថា្នក់ រៀបចំពង្រឹងសណ្តាបធ្នាប់ ការពារសុវត្ថិភាពជូនប្រជាពលរដ្ឋឱ្យបានល្អក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ

AKP ភ្នំពេញ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើ​ឱ្យ​អា​ជ្ញា​ធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ រៀបចំពង្រឹងសណ្តាបធ្នាប់ការពារសុវត្ថិភាពជូន​ប្រជាពល​រ​ដ្ឋ​ និងភ្ញៀវទេសចរឱ្យបានល្អនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩ សម្ដេចតេ​ជោ​​នាយករដ្ឋមន្ត្រីបានសរសេរថា នៅសល់តែ០៧ ថ្ងៃទៀត ថ្ងៃចូលឆ្នាំថ្មីប្រពៃណី​ជាតិខ្មែរ នឹងចូលមក​ដ​ល់​។ ទន្ទឹមនេះ យើងសង្កេតឃើញបងប្អូនប្រជាពលរដ្ឋ និងកូនក្មួយមួយ​ចំនួន​បាន​ធ្វើដំណើរដោយ​ទឹក​មុ​ខ​​រីករាយឆ្ពោះទៅកាន់ស្រុកកំណើតជាបណ្តើរៗហើយ ដើម្បីជួបជុំ​ក្រុមគ្រួសារត្រៀម​ចូលឆ្នាំថ្មី​។ សម្ដេចតេជោបានលើកឡើងថា ដើម្បីជួយសម្រួលដល់បង​ប្អូនប្រជាពលរដ្ឋ និងទេសចរ ជាពិសេសនៅក្នុងឱកាស​បុណ្យ​ចូ​ល​​ឆ្នាំថ្មីនេះ សូមម្ចាស់រថយន្ត​តាក់ស៊ី កុំតម្លើងថ្លៃជិះរថយន្ត និងម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ សូម​កុំតម្លើងថ្លៃស្នាក់នៅ ដើម្បីបងប្អូនមានឱកាសបានធ្វើដំណើរងាយស្រួល និងសន្សំបានថវិ​កា​ខ្លះៗសម្រាប់​ចាយ​វាយ និងធ្វើបុណ្យនៅក្នុងឱកាសថ្ងៃចូលឆ្នំាថ្មី ហើយយើងក៏បាន​សប្បា​យ​រីក​រាយទាំងអស់គ្នា។
សម្ដេចតេជោបានសរសេរបន្តថា ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី១៨ ខែមេសា ខាងមុខ សាលាក្រុងភ្នំពេញនឹងរៀបចំឡានក្រុងចំនួន១២០គ្រឿង ដើម្បីផ្តល់សេវាដឹកជញ្ជូនបងប្អូន និងកូន​ក្មួយ​ដោ​យមិនគិតថ្លៃជិះឡើយ។

សូមទាក់ទងលេខ 081-817-474, 078-817-474, 098-555-581 ដើម្បីដឹងពីព័ត៌មានសេវារថយន្តក្រុងជិះ FREE។ សូមអាជ្ញាធរ និងសមត្ថកិច្ច​គ្រប់ជាន់ថ្នាក់ រៀ​បចំពង្រឹងសណ្តាបធ្នាប់ការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ​ឱ្យបានល្អនៅ​ក្នុ​ង​​ឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ។ ជាមួយគ្នានេះដែរ សូមបើកបរដោយ​ប្រុង​ប្រយ័ត្ន និងយោគយល់ អធ្យា​ស្រ័​​យ​ឱ្យ​គ្នា ទៅវិញទៅមក គោរពច្បាប់ ដើម្បីសុវត្ថិភាព​ទាំង​អស់គ្នា។ សម្ដេចតេជោក៏បានជូនពរបងប្អូនជនរួមជាតិ បានសប្បាយរីករាយក្នុងថ្ងៃឈប់សម្រាក​ចុងសប្តាហ៍៕

ដោយ ជឹម ណារី