ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្ដាលថៃ ពង្រឹងប្រតិបត្ដិការនៃទូទាត់តាម​ប្រព័ន្ធ QR ដើម្បីធានាការទូទាត់ឆ្លងដែនរវាងប្រទេសទាំងពីរបានកាន់តែទូលំទូលាយ

AKP ភ្នំពេញ ថ្ងៃទី០៥​ ខែមេសា ឆ្នាំ២០១៩ — ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងឯកឧត្តម Veerathai Santiprabhob ទេសាភិបាល ធនាគារកណ្តាលថៃ បានអញ្ជើញចូលរួមក្នុងការបង្ហាញពី “អន្តរ​ប្រតិបត្តិការនៃការទូទាត់តាមប្រព័ន្ធ QR (Interoperable QR Payment)”  ដើម្បីបន្តការ​សហការដ៏រឹងមាំក្នុងការតភ្ជាប់ប្រព័ន្ធទូទាត់សងប្រាក់រវាងប្រទេសទាំងពីរ។ ពិធីនេះ បានធ្វើ ឡើង កាលពីថ្ងៃព្រហស្បតិ៍ ១៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ នៅខេត្តឈាងរ៉ៃ ប្រទេសថៃ។ នេះបើយោងតាមការចេញផ្សាយរបស់​ធនាគារជាតិនៃកម្ពុជា។
ការបង្កើតនូវប្រព័ន្ធទូទាត់តាមប្រព័ន្ធ QR code នេះ​គឺជាការបង្ហាញពីអន្តរប្រតិបត្តិការ​នៃការទូទាត់សងប្រាក់តាមប្រព័ន្ធ QR ដែលត្រូវបានធ្វើឡើងតាមស្តង់ដារ EMV ដែលនឹង​អាច​សម្រួលដល់ការ​ទូទាត់​រាយឆ្លងដែនរវាងបុគ្គល និង​ពាណិជ្ជករក្នុងប្រទេសទាំងពីរ។ ជាមួយ​នឹង​សេវាកម្មនេះ ភ្ញៀវ​ទេសចរថៃ នឹងអាចប្រើប្រាស់​កម្មវិធីធនាគារចល័តក្នុងទូរស័ព្ទដៃ ដើម្បី ស្កេន QR code និង​ធ្វើការទូទាត់សងប្រាក់ទៅកាន់​ពាណិជ្ជករកម្ពុជា។ នេះជាការបង្ហាញ សាកល្បងអំពីការទូទាត់ តាមរយៈការផ្ទេរប្រាក់ក្នុងប្រព័ន្ធធនាគារ ប្រទេសទាំងពីរនឹងបន្តធ្វើ ការជាមួយគ្នាក្នុង​ការពង្រីក​បណ្តាញទូទាត់សងប្រាក់ និង​ធ្វើឱ្យការទូទាត់ឆ្លងដែនតាមប្រព័ន្ធ QR អាចធ្វើឡើងដោយធនា​គារភាគច្រើននៅប្រទេសកម្ពុជា និងថៃបានយ៉ាងរលូន ជាមួយ នឹងការអភិវឌ្ឍនៃហេដ្ឋារចនា សម្ព័ន្ធ​អន្តរប្រតិបត្តិការនេះ។

ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជាបានមានប្រសាសន៍ថា ការ បង្កើតនូវប្រព័ន្ធទូទាត់តាមរយៈ QR code នេះគឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ ប្រទេសទាំងពីរ ដើម្បីសម្រួលដល់ការទូទាត់សងប្រាក់ឆ្លងដែន និងកាត់បន្ថយនូវហានិភ័យ និងការចំណាយក្នុងការទូទាត់ ព្រមទាំងពង្រឹងនូវប្រសិទ្ធភាពការទូទាត់រវាងប្រទេស ទាំងពីរ កម្ពុជា-ថៃ។

ឯកឧត្តម Veerathai Santiprabhob ទេសាភិបាល ធនាគារកណ្តាលថៃបានសម្ដែង​នូវ សេចក្ដីរីករាយដែលបានមើលឃើញពីវឌ្ឍនភាពនៃនវានុវត្ដភាពហិរញ្ញវត្ថុនៅក្នុងសេវាទូទាត់ ឆ្លងដែនរវាងកម្ពុជា និងថៃ ជាពិសេសផ្ដោតលើការបង្កើតហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុនៃ អន្ដរ ប្រតិបត្តិការ។ ឯកឧត្តមបានបន្ដថា ការវិវត្ដន៍នេះគឺពិតជាមានសារៈសំខាន់ណាស់ ដោយសារ តែកម្ពុជា ជាទិសដៅទេសចរណ៍ដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរថៃ និងការដែលអាចប្រើ ប្រាស់ កម្មវិធីធនាគារចល័តតាមទូរស័ព្ទដៃក្នុងការទូទាត់ជាមួយពាណិជ្ជករកម្ពុជា ជាពិសេស អាចពង្រីកដល់ប្រសិទ្ធភាពនៃការទូទាត់ឆ្លងដែនក៏ដូចជាជំរុញដល់ការប្រើប្រាស់ការទូទាត់ តាមអេឡិចត្រូនិករវាងប្រជាជននៃប្រទេសទាំងពីរ។ ឯកឧត្តមទេសាភិបាល ធនាគារជាតិថៃ​បាន​ចាត់ទុកការបង្ហាញនៅថ្ងៃនេះគឺគ្រាន់តែជាជំហានដំបូងនៃអន្ដរប្រតិបត្តិនៃការទូទាត់ សង ប្រាក់តាមប្រព័ន្ធ QR រវាងប្រទេសទាំងពីរតែបុណ្ណោះ។ ឯកឧត្តមបានបន្ថែមទៀតថា ដើម្បី បន្ដឈានទៅមុខទៀត និងការអនុវត្ដកាន់តែទូលំទូលាយនូវយន្ដការអន្ដរប្រតិបត្តិការ នៃការ ទូទាត់សងប្រាក់តាមប្រព័ន្ធ QRនេះ នឹងអនុញ្ញាតឱ្យការទូទាត់សងប្រាក់ឆ្លងដែនតាមប្រព័ន្ធ QR អាចធ្វើឡើងបានដោយធនាគារភាគច្រើននៃប្រទេសថៃ និងកម្ពុជា។

សូមរម្លឹកថា កាលពីខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅនេះ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងឯកឧត្តម Veerathai Santiprabhob ទេសាភិបាល ធនាគារកណ្តាល ថៃបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការក្នុងផ្នែកនវានុវត្ដភាពហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់នៅក្នុងរាជធានីភ្នំពេញ។ អនុស្សរណៈយោគយល់គ្នានេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងធ្វើឱ្យការទូទាត់ សងប្រាក់នៅក្នុងស្រុក និងឆ្លងដែន កាន់តែ មានប្រសិទ្ធភាព ចំណាយទាបសមរម្យ និងមានសុវត្ថិភាព ព្រមទាំងគាំទ្រដល់ការប្រើប្រាស់ រូបិយប័ណ្ណក្នុងស្រុក៕

ដោយ អ៊ុន រិទ្ធី