អាជ្ញាធរ​ជាតិ​អប្សរា​នឹងធ្វើការស្ថាបនា និង​ជួសជុល​ផ្លូវ​នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ​បាន​ស្អាត​ទាំង​អស់​នៅ​ត្រឹម​ឆ្នាំ២០២០

AKP សៀមរាប ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩ — លោក យិត ចាន់ដារដ្ឋ អគ្គនាយករង​អាជ្ញាធរជាតិ​អប្សរាបាន​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ២០១៩នេះថា អាជ្ញាធរជាតិអប្សរាមានតួនាទីសំខាន់ក្នុងការអភិរក្ស និង អភិវឌ្ឍន៍នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលជាបេតិកភណ្ឌពិភពលោក និងជាដួងព្រលឹង ជាតិរបស់ខ្មែរ ត្រូវធ្វើយ៉ាងណាឱ្យការអភិរក្ស និងការអភិវឌ្ឍបម្រើដល់គ្នាទៅវិញទៅមក។ ក្នុងនោះការថែទាំ និងកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ គឺជាផ្នែកមួយដ៏សំខាន់ និងអាទិភាព របស់អាជ្ញាធរជាតិអប្សរាក្នុងការចូលរួមចំណែកឱ្យសម្រេចបាននូវគោលដៅការអភិរក្ស និង ការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់រមណីយដ្ឋានអង្គរនេះ។

លោកបានបន្តថា ការកសាងផ្លូវថ្នល់នៅក្នុងតំបន់អង្គរនេះ គឺមានលក្ខណៈពិសេស និងខុសប្លែកពីការកសាងផ្លូវនៅទីកន្លែងដទៃទៀត ដោយសាររមណីយដ្ឋានអង្គរ គឺជាបេតិកភណ្ឌពិភពលោក ដែលមិនមែនមានតែប្រាសាទបុរាណ និងរមណីយដ្ឋាន បុរាណវិទ្យាដែលត្រូវការពារប៉ុណ្ណោះទេ ប៉ុន្តែរួមបញ្ចូលទាំងទេសភាពវប្បធម៌ផងដែរ។

លោកបានបញ្ជាក់ថា កន្លងមកនេះ អាជ្ញាធរជាតិអប្សរា បានសហការជាមួយដៃគូ អភិវឌ្ឍន៍អន្តរជាតិនានាដូចជា AFD, KOICA ក៏ដូចមានការគាំទ្រហិរញ្ញវត្ថុពីរាជរដ្ឋាភិបាល ផងនោះ  អាជ្ញាធរជាតិអប្សរាបានសាងសង់ផ្លូវថ្មី និងផ្លូវវាងតំបន់អង្គរ ព្រមទាំងជួសជុល ថែទាំផ្លូវបានជាច្រើនខ្សែ ដូចជា ផ្លូវ ៦០ ម៉ែត្រ ផ្លូវមិត្តភាព កម្ពុជា-កូរ៉េ ចេញពីផ្លូវជាតិលេខ៦ ទៅព្រះដាក់  ផ្លូវចេញពីផ្លូវលេខ៦ត្រង់សាលាគ្រួសទៅផ្លូវមុខអង្គរត្រង់បាល់ឡុង ផ្លូវចេញពីផ្លូវ លេខ៦ ទៅបន្ទាយស្រី ផ្លូវចេញពីខ្លោងទ្វារដៃឆ្នាំងភ្ជាប់ទៅផ្លូវវាងកូរ៉េដំណាក់កាលទី២ ផ្លូវ កស្សិន្ទុអង្គរទៅស្រះស្រង់ ផ្លូវវង់ធំចេញពីខ្លោងទ្វារដៃឆ្នាំងទៅប្រាសាទនាគព័ន្ធជាដើម។

លោកបន្តទៀតថា បើតាមទិសដៅរបស់អាជ្ញាធរជាតិអប្សរានឹង​ធ្វើ​ការ​ស្ថាបនា និង​ជួសជុល​ផ្លូវ​នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​បាន​ស្អាត​ទាំង​អស់​នៅ​ត្រឹម​ឆ្នាំ២០២០ ខណៈបច្ចុប្បន្ននេះអាជ្ញាធរជាតិអប្សរាធ្វើការស្ថាបនា និង​ជួសជុលផ្លូវនៅតំបន់អង្គរឱ្យ ស្អាតបាន​ជាច្រើនខ្សែមកហើយ។​

ជាមួយគ្នានេះដែរ អាជ្ញាធរជាតិអប្សរាក៏កំពុងបន្តស្វែងរកកិច្ចសហការជាមួយដៃគូជាតិ និងអន្តរជាតិ ក្នុងការផ្តល់ជំនួយកសាងផ្លូវវាងតំបន់អង្គរ និងផ្លូវវាងប្រាសាទបន្ថែមទៀត ដើម្បី ឱ្យការគ្រប់គ្រងកាន់តែមានប្រសិទ្ធភាព និងប្រកបដោយចីរភាព។  

លោក ឈិត ប៊ុនហ៊ុយ ជាមគ្គុទ្ទេសក៏ទេសចរណ៍ភាសារអេស្ប៉ាញបាន​ថ្លែងថា លោក​ពិតជា មាន​ការ​សប្បាយ​ចិត្ត​នៅពេល​ដែល​ឃើញអាជ្ញាធរអប្សរាបាន​ស្ថាបនា និងជួសជុលផ្លូវ​នៅ​ក្នុងតំបន់អង្គរនេះឱ្យស្អាតឡើងវិញ។

លោកបញ្ជាក់ថា មួយរយៈមកនេះផ្លូវនៅក្នុងតំបន់មាន​ការ​ខូចខាតច្រើន​ដែល​ធ្វើឱ្យ បង្កការលំបាកដល់ដំណើរកម្សាន្តរបស់ភ្ញៀវទេសចរ ពេលខ្លះដីហ៊ុយធ្វើឱ្យភ្ញៀវទេសចរ មិនពេញចិត្ត ប៉ុន្តែសម្រាប់ពេលនេះផ្លូវស្អាតអមដោយដើមឈើមាន​ស្លឹកលាស់ខ្ចីធ្វើឱ្យភ្ញៀវ ទេសចរមាន​ការពេញ​ចិត្ត និងមាន​អារម្មណ៍ស្រស់ថ្លា និងនិយាយកោតសសើរដល់ រដ្ឋាភិបាល​កម្ពុជា​ផងដែរ៕

ដោយ ឃុត សៅ