ក្រសួងបរិស្ថានរៀបចំកិច្ចប្រជុំ ស្តីពីគម្រោងទេសចរណ៍ធម្មជាតិសហគមន៍ស្រែអ៊ី

AKP មណ្ឌលគិរី ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩ — ក្រសួងបរិស្ថានបានរៀបចំកិច្ចប្រជុំ ស្តីពីការរៀបចំគម្រោងទេសចរណ៍ធម្មជាតិ សហគមន៍ស្រែអ៊ី កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩  នៅមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដោយមានការចូលរួមពី ឯកឧត្តម រ័ត្ន វិរៈ អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន មន្ត្រីជំនាញនៃក្រសួងបរិស្ថាន មន្ទីរបរិស្ថាន អង្គការការីតាស WWF និង អង្គការ WCS។

កិច្ចប្រជុំនេះរៀបចំធ្វើឡើង ដើម្បីពិភាក្សាពីបញ្ហាប្រឈម មេរៀនដែលទទួលបាននៅ ស្រែអ៊ីកន្លងមក និងពិភាក្សាពីកិច្ចសហប្រតិបត្តិការរវាងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងការរៀបចំ គម្រោងទេសចរណ៍នៅសហគមន៍ស្រែអ៊ីថ្មីមួយទៀត នៃអង្គការការីតាសកម្ពុជា ក្រោមជំនួយ ឧបត្ថម្ភពីអង្គការការីតាសអាឡឺម៉ង់។

បន្ទាប់ពីមានកិច្ចពិភាក្សារួចមក អង្គប្រជុំបានព្រមព្រៀង និងសម្រេចទៅលើ លទ្ធផលរួមគ្នាក្នុងការរៀបចំបង្កើតក្រុមការងារ សហគមន៍ទេសចរណ៍ធម្មជាតិ ដែលមានមន្ទីរ បរិស្ថានជាអ្នកសម្របសម្រួល ដោយមានការចូលរួមពីសំណាក់ដៃគូពាក់ព័ន្ធនានាផងដែរ៕

ដោយ ណយ នឿន (ប្រភព៖ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី)