ខេត្តកំពង់ឆ្នាំងប្រារព្ធទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក

AKP កំពង់ឆ្នាំង ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩ -ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងបានថ្លែងថា ការបា្ររព្ធទិវាសប្តាហ៍ ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើទី១២នៅពេលនេះ គឺជាការវាយជួងសញ្ញាជាថ្មីទៀត របស់រាជរដ្ឋាភិបាលកម្ពុជាឱ្យលាន់សូររំពងសព្វទិសទី រួមជាមួយការផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ដើម្បីដាស់តឿនអ្នកប្រើប្រាស់ផ្លូវទាំងអស់ ឱ្យខិតខំផ្លាស់ប្ដូរ ឥរិយាបថដែលមិនគោរពច្បាប់ពីមុនឱ្យមកប្រកាន់យកការគោរពច្បាប់ចរាចរណ៍ រួមគ្នាទប់ ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជាពិសេសនៅក្នុងពិធីបុណ្យ ចូលឆ្នាំថ្មីខាងមុខនេះ ដើម្បីកាត់បន្ថយទុក្ខសោកនិងភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

ឯកឧត្តមមានប្រសាសន៍បែបនេះកាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ នៅក្នុងកម្មវិធីហែរក្បួនផ្សព្វផ្សាយការអប់រំស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោក នៅមុខសាលាខេត្តកំពង់ឆ្នាំង ដែល មានមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុជ និងប្រជាពលរដ្ឋចូលរួមប្រមាណ ជាង៦៤៨នាក់។

ឯកឧត្តម ឈួរ ច័ន្ទឌឿន បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់ សូមចូលរួម អនុវត្តន៍ឱ្យបាននូវអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ថ្ងៃនេះ និងថ្ងៃស្អែកកុំឱ្យ មានគ្រោះថ្នាក់ចរាចរណ៍ ដោយត្រូវតែពាក់មួកសុវត្ថិភាពជានិច្ចក្នុងពេលធ្វើដំណើរតាមម៉ូតូ និងត្រូវដាក់ខ្សែក្រវាត់សុវត្ថិភាពពេលជិះរថយន្ត។ មិនត្រូវបើកបរក្រោម ឥទ្ធិពលនៃគ្រឿង ស្រវឹង ត្រូវគោរពសិទ្ធិអាទិភាព គោរពសញ្ញាចរាចរណ៍ មិនត្រូវបើកបរក្នុងស្ថានភាពងងុយ ដេកឡើយ និងត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ចប្រកបដោយសីលធម៌ និងការយោគ យល់អធ្យាស្រ័យ ទើបអាចកាត់បន្ថយបាននូវគ្រោះថ្នាក់ចរាចរណ៍។ ឯកឧត្តមក៏បាន សំណូមពរ ដល់អ្នករត់ តាក់ស៊ី និងក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរទាំងអស់សូមកុំដំឡើង ថ្លៃក្នុងពេលបុណ្យចូលឆ្នាំ ខ្មែរខាងមុខនេះ។

ឯកឧត្តម កែវ ពៅ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត និងជាប្រធាន លេខាធិការដ្ឋាន សុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា គ្រោះថ្នាក់ ចរាចរណ៍ នៅក្នុងខេត្តកើតឡើងនៅក្នុងឆ្នាំ២០១៨ ចំនួន១១៣លើកកើនឡើងចំនួន៣៥លើក បើប្រៀបធៀបទៅនឹងឆ្នាំ២០១៧ចំនួន៧៨លើក។ បណ្តាលឱ្យរបួសចំនួន១៦៥នាក់ ប្រៀបធៀបឆ្នាំ២០១៧ ចំនួន១៧៩នាក់ ថយចុះ១៤នាក់ និងបណ្តាល ឱ្យស្លាប់៤៤នាក់ ប្រៀបធៀបឆ្នាំ២០១៧ ចំនួន៣៣នាក់ កើនឡើង១១នាក់់។

ឯកឧត្តម កែវ ពៅ បានបញ្ជាក់ទៀតថា  គ្រោះថ្នាក់បណ្តាលមក ពីកត្តា៣សំខាន់ៗ គឺ៖១.កត្តាមនុស្សមិនគោរពច្បាប់ចរាចរណ៍ បើកបរលើសល្បឿនកំណត់ បើកបរធ្វេស ប្រហែស បើកបរពេលមានជាតិស្រវឹង មិនពាក់មួកសុវត្ថិភាព និងមិនពាក់ខ្រែក្រវាត់ជាដើម។ ២.កត្តាយានជំនិះ អ្នកប្រើប្រាស់យានជំនិះមិន ត្រួតពិនិត្យលក្ខណៈបច្ចេកទេស ដូចជាហ្វ្រាំង មិនស៊ីន កង់ចាស់ភ្លើងមិនភ្លឺ ស៊ីផ្លេមិនឮជាដើម។ ៣.កត្តាផ្លូវៈ ផ្លូវគ្រលុក ផ្លូវកោងខ្លាំង ផ្លូវធំតែស្ពានតូចចង្អៀត និងលើផ្លូវមិនទាន់បានបំពាក់ផ្លាកសញ្ញាចរាចរណ៍។

នៅក្នុងពិធីនេះដែរ អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំងក៏បាន ចែកមួកសុវត្ថិភាពចំនួន៣៣០មួក ដល់សមាជិកសមាជិកាចូលរួមផងដែរ៕

ដោយ បៃ ស៊ីថុន