អភិបាលខេត្តបាត់ដំបង អញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់ កំណាត់ផ្លូវបេតុងលេខ ១៦១៥

AKP បាត់ដំបង ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩​ — នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានសាងសង់កំណាត់ផ្លូវបេតុងលេខ១៦១៥ ស្ថិតក្នុងភូមិចំការសំរោង សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយមានវត្តចូលពី មន្ត្រីនៃមន្ទីរនានា ក្នុងខេត្ត ព្រមទាំងវត្តមាន និងសហការីជាច្រើនរូបទៀត។ ឯកឧត្តមបានលើកឡើងថា កំណាត់ផ្លូវ១៦១៥នេះមានប្រវែង ៣០០០ម៉ែត្រ និងមាន ទទឹង១១ម៉ែត្រ សាងសង់ដោយក្រុមហ៊ុនរបស់លោកឧកញ៉ា ណុប ណារា ដែលបានចូលរួម សហការដើម្បីអភិវឌ្ឍន៍តំបន់នេះឱ្យក្លាយទៅជាទីក្រុងរណបមួយ ក្នុងខេត្តបាត់ដំបង។

ក្នុងឱកាសនោះដែរ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក៏បានចែកអំណោយ ជាស្បៀងដល់បងប្អូនប្រជាពលរដ្ឋដែលមានការខ្វះខាតក្នុងជីវភាពរស់នៅ ចំនួន៤០គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបានអង្ករ ២៥គ.ក មី១កេស ត្រីខកំប៉ុង១យួរ ទឹកត្រី និងទឹកស៊ីអ៊ីវ២យួរ៕

ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង)