នាយកមជ្ឈមណ្ឌលអង្គរសម្រាប់អភិរក្សជីវចម្រុះ៖ សត្វព្រៃ គួរតែរស់នៅក្នុងព្រៃ មិនមែនរក្សាទុកជាសត្វចិញ្ចឹមក្នុងផ្ទះទេ

AKP ភ្នំពេញ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ — លោក Michael Meyerhoff នាយកប្រចាំប្រទេស នៃមជ្ឈមណ្ឌលអង្គរសម្រាប់អភិរក្សជីវចម្រុះ (ACCB) បានគូសបញ្ជាក់ សត្វព្រៃ គួរតែរស់នៅក្នុងព្រៃ ហើយការស្រឡាញ់សត្វ មិនមែន មានន័យថារក្សាវាទុកជាសត្វចិញ្ចឹមនៅក្នុងផ្ទះនោះទេ ។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP លោក Michael Meyerhoff បានលើកឡើងថា សត្វព្រៃគួរតែរស់នៅក្នុងព្រៃ ហើយការរក្សាសត្វព្រៃ ទុកដូចជាសត្វចិញ្ចឹម គឺជាទង្វើខុសច្បាប់នៅកម្ពុជា។ លោកបានលើកទឹកចិត្តឱ្យប្រជាជនកម្ពុជា មានមោទនភាព ចំពោះសត្វព្រៃ បរិស្ថាន និងប្រភេទសត្វដែលខ្លួនមាន ដោយសារតែវាមានលក្ខណៈពិសេស ហើយមួយចំនួនទៀតកំពុងរងការគំរាមកំហែង និងជិតផុតពូជ ព្រមទាំងចូលរួមយ៉ាង​សកម្ម​ក្នុងការអភិរក្សសត្វ។ លោកបានគូសបញ្ជាក់បន្ថែមថា “ប្រទេសកម្ពុជាគឺជាមជ្ឈមណ្ឌលដ៏ សំខាន់សម្រាប់ជីវចម្រុះ ហើយកម្ពុជាជាប្រទេសមួយក្នុង ចំណោមបណ្តាប្រទេសដែល​មាន​សារៈសំខាន់ខ្លាំងណាស់សម្រាប់ការអភិរក្ស”។

បើយោងតាមលោក Michael Meyerhoff បានឱ្យដឹងទៀតថា ជារៀងរាល់ឆ្នាំ មជ្ឈ​មណ្ឌលលោកទទួលសត្វជាង១០០ក្បាល ដែលភាគច្រើនជាសត្វដែលត្រូវបានជួយ​សង្គ្រោះ​ពី​ការជួញដូរសត្វព្រៃខុសច្បាប់។ សត្វទាំងនោះ ត្រូវបានគេពិនិត្យ និងព្យាបាលរបួស និងជំងឺ មុនពេលត្រូវបានដោះលែងឱ្យទៅរស់ក្នុងព្រៃវិញ ។

សូមបញ្ជាក់ថា មជ្ឈមណ្ឌលអង្គរសម្រាប់អភិរក្សជីវចម្រុះ ត្រូវបាន​បង្កើតឡើង​ក្នុងឆ្នាំ​២០០៣។  មជ្ឈមណ្ឌលនេះ មានទីតាំងស្ថិតនៅលើផ្ទៃដីប្រមាណ១៤ហិកតា នៅទីតាំងប្រវត្តិ​សាស្ត្រក្បាលស្ពាន ចម្ងាយប្រហែល៤០គីឡូម៉ែត្រ ខាងជើងក្រុងសៀមរាប។ មជ្ឈមណ្ឌល​នេះ ផ្តល់ជម្រកដល់សត្វជាង៦៣០ក្បាល ស្មើនឹងជាង៤០ប្រភេទ ហើយក្នុងរង្វង់ប្រមាណ៩០​ភាគរយ ជាសត្វដែលរងនូវការគំរាមកំហែង និងជិតផុតពូជ៕

ដោយ នីកា រូបថត៖ ផែន រតនៈ