មន្រ្ដីជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ កម្ពុជាស្នើឱ្យអូស្ត្រាលីគាំទ្រការ អភិវឌ្ឍវិស័យអគ្គិសនី និងទឹកស្អាត

AKPភ្នំពេញថ្ងៃទី៤ខែមេសាឆ្នាំ២០១៩ — មន្រ្ដីជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានលើកឡើងថា កម្ពុជាគ្រោងនឹងលើកសំណើ ទៅរដ្ឋាភិបាលអូស្ត្រាលីដើម្បីពិនិត្យលទ្ធភាពបន្តគាំទ្រការអភិវឌ្ឍវិស័យអគ្គិសនី និងទឹកស្អាត រហូតដល់ខែធ្នូ ឆ្នាំ២០២១ខាងមុខ។ នេះបើតាមសេចក្តី​ប្រកាស ព័ត៌មាន របស់ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា។ក្នុងកិច្ចប្រជុំលើកទី៤នៃគណៈកម្មាធិការគ្រប់គ្រងកម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរៀបចំដោយគណៈកម្មាធិការនីតិសម្បទានិងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដោយមានកិច្ចសហការជាមួយស្ថានទូតអូស្ត្រាលី កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយភាគីទាំងពីរបានពិភាក្សា និងអនុម័តរបាយ​ការណ៍វឌ្ឍនភាពការងារឆ្នាំ២០១៨ និងផែនការសកម្មភាពនិងថវិកា ឆ្នាំ២០១៩ ដោយបាន ឯកភាពលើទិសដៅ និងសកម្មភាពលម្អិតសម្រាប់បន្តគាំទ្រអភិវឌ្ឍន៍វិស័យអគ្គិសនី និងទឹក ស្អាតបន្ថែមទៀតនៅកម្ពុជា។ កិច្ចប្រជុំក៏បានឯកភាពជាគោលការណ៍លើកសំណើទៅរដ្ឋាភិ បាលអូស្ត្រាលីដើម្បីពិនិត្យលទ្ធភាពបន្តរយៈពេល១៨ខែ និងបន្ថែមកញ្ចប់ថវិកា ៤ លានដុល្លារ អូស្ត្រាលីសម្រាប់បន្តអនុវត្តន៍កម្មវិធីនេះរហូតដល់ខែធ្នូ ឆ្នាំ២០២១។

គួររម្លឹកថា រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអូស្ត្រាលីបានចុះហត្ថលេខាលើកិច្ច ព្រមព្រៀងសម្រាប់អនុវត្តន៍កម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធនាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៥ សម្រាប់រយៈពេល ៥ឆ្នាំ ២០១៥-២០២០ ដោយបានគ្រោងផ្ដល់ហិរញ្ញប្បទានឥត សំណងប្រមាណ៤៥លានដុល្លារអូស្ត្រាលី។ គោលបំណងចម្បងនៃកម្មវិធីនេះ គឺការកសាង​ប្រព័ន្ធចែកចាយថាមពលអគ្គិសនី ការផលិត និងផ្គត់ផ្គង់ទឹកស្អាតនៅតាមទីប្រជុំជន និងតំបន់​ជនបទ ដើម្បីឱ្យប្រជាជនមានលទ្ធភាពប្រើប្រាស់ច្រើន និងប្រសើរជាងមុននូវសេវា ទាំង នេះ ក្នុងគោលដៅបន្តលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។ លើសពីនេះ កម្មវិធីនេះ ក៏រួម ចំណែកអនុវត្តន៍គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ តាម រយៈការចុះកិច្ចសន្យាជាមួយប្រតិបត្តិករឯកជនសម្រាប់អនុវត្តន៍គម្រោង។ គិតត្រឹមឆ្នាំ២០១៨ កម្មវិធីនេះបានគាំទ្រប្រតិបត្តិករឯកជនចំនួន៨០ ក្នុងនោះ ប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាត ចំនួន ៦១ និងប្រតិបត្តិករផ្គត់ផ្គង់អគ្គិសនីចំនួន១៩។ ការគាំទ្រនេះគឺនឹងជួយពន្លឿនការតភ្ជាប់ បណ្ដាញផ្គត់ផ្គង់ទឹកស្អាត និងអគ្គិសនីជូនគ្រួសារប្រជាជននៅជនបទប្រមាណ ២១៣.៦៧៨ គ្រួសារ។ ទន្ទឹមនេះ កម្មវិធីក៏បានគាំទ្រក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងការពង្រឹង​សមត្ថភាពផ្នែកបច្ចេកទេសផលិត និងគ្រប់គ្រងអាជីវកម្មទឹកស្អាតដល់ប្រតិបត្តិករឯកជន ព្រមទាំងផ្ដល់ការគាំទ្រដល់ក្រសួងរ៉ែ និងថាមពល ក្នុងការរៀបចំផែនការមេស្ដីពីថាមពល កកើតឡើងវិញ ដូចជា ថាមពលពន្លឺព្រះអាទិត្យ និងខ្យល់។ សម្រាប់ឆ្នាំ២០១៩ កម្មវិធីមាន ផែនការគាំទ្រប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតចំនួន១៦បន្ថែមទៀត ដែលរំពឹងថានឹងអាចផ្គត់ផ្គង់ ទឹកស្អាត​ជូនគ្រួសារប្រជាជនបាន៦៩.៣២២គ្រួសារបន្ថែមទៀត។ ក្រោយបញ្ចប់ការអនុវត្ត កម្មវិធី 3i ប្រជាជនប្រមាណ១លាននាក់ នឹងមានលទ្ធភាពក្នុងការប្រើប្រាស់ទឹកស្អាត និង ប្រមាណ១៥០.០០០នាក់ មានលទ្ធភាពប្រើប្រាស់អគ្គិសនី។ ក្រៅពីកិច្ចសហប្រតិបត្តិការក្នុង វិស័យហេដ្ឋារចនាសម្ព័ន្ធនេះ រដ្ឋាភិបាលអូស្ត្រាលីក៏បាននិងកំពុងផ្ដល់ការគាំទ្រដល់រាជរដ្ឋាភិ បាលកម្ពុជាលើវិស័យសំខាន់ៗទៀត ដូចជា វិស័យកសិកម្ម, អប់រំ, សុខាភិបាល, សកម្មភាព បោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងការគាំទ្រជនពិការ និងស្រ្ដីរងគ្រោះដោយអំពើ​ហិង្សាក្នុងគ្រួសារ។

សូមបញ្ជាក់ថា កិច្ចប្រជុំនេះដឹកនាំរួមគ្នាដោយឯកឧត្ដម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិ ភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានិងលោក Luke Arnold អនុប្រធានបេសកកម្មនៃស្ថានទូត អូស្ត្រាលីប្រចាំនៅកម្ពុជា និងជាប្រធានទទួលបន្ទុកកិច្ចសហប្រតិបត្តិការអន្តរជាតិអូស្ត្រាលី និងមានការចូលរួមពីឯកឧត្តមរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល, ឯកឧត្តមអនុរដ្ឋលេខាធិ ការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តមអគ្គនាយកនៃអគ្គនាយកដ្ឋានទឹកស្អាត នៃ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ព្រមទាំងមន្ត្រីបច្ចេកទេសទាំងខាងកម្ពុជា និងអូស្ត្រាលី។

ជាមួយគ្នានេះដែរ កិច្ចប្រជុំក៏បានធ្វើការពិភាក្សាលើរបៀបវារៈ៣គឺ ទី១-ពិនិត្យ​និងអនុម័តរបាយការណ៍វឌ្ឍនភាពការងារក្នុងឆ្នាំ២០១៨។ ទី២-ពិភាក្សា និងអនុម័តផែន​ការ​សកម្មភាពនិងថវិកា ឆ្នាំ២០១៩ និងទី៣- ពិនិត្យ និងពិភាក្សាអំពីលទ្ធភាពបន្តរយៈពេល និង បន្ថែមថវិកាសម្រាប់អនុវត្តន៍កម្មវិធី៕

ដោយ គង់ សិរីរ័ត្ន