មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ចុះសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយ នាយទាហានការពារព្រំដែនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

AKP តាកែវ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ — កាលពីថ្ងៃពុធ ១៤រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ នៅទីបញ្ជាការវរសេនាលេខ១ ការពារព្រំដែនគោក ក្នុងស្រុកគីរីវង្ស ខេត្តតាកែវ បានរៀបចំពិធីចុះសួរសុខទុក្ខជួបសំណេះសំណាល និងជូនអំណោយដល់ នាយទាហាន នាយទាហានរង និងពលទាហានការពារព្រំដែនគោក ក្នុងឱកាសបុណ្យចូលឆ្នាំ ថ្មីប្រពៃណីជាតិខ្មែរយើងនាពេលខាងមុខ។ ពិធីនេះស្ថិតក្រោមអធិបតីភាពលោកជំទាវ ហោ ម៉ាលីន រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ រួមជាមួយលោក ខាន់ សុខា អភិបាលរងខេត្តតាកែវ ព្រមទាំងលោក លោកស្រី ប្រធានអនុប្រធានមន្ទីរអង្គភាព ជុំវិញខេត្តតាកែវ។ នាឱកាសនោះ លោកជំទាវ ហោ ម៉ាលីន បានធ្វើការអំពាវនាវឱ្យអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចនៅតាមបន្ទាត់ព្រំដែនរវាងខេត្តតាកែវ និងប្រទេសវៀតណាមត្រូវ តែរួមសហការគ្នា ទប់ស្កាត់ឱ្យខាងតែបាន នូវការនាំជ្រូកពីប្រទេសវៀតណាមចូលមកក្នុង ប្រទេសកម្ពុជារបស់យើងដោយខុសច្បាប់។ ជាពិសេសជ្រូកដែលមានជំងឺឆ្លង ព្រោះវាអាចធ្វើ ឱ្យប៉ះពាលដល់សុខភាព​របស់បងប្អូនប្រជាពលរដ្ឋ។ កន្លងមកបញ្ហាជ្រូក ដែលនាំចូលពី ប្រទេសវៀតណាមនេះ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ​ក៏បានធ្វើការ ផ្សព្វផ្សាយដល់ អាជ្ញាធរពាក់ព័ន្ធ ពិសេសមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវធ្វើយ៉ាងណាទប់ស្កាត់ ឱ្យបានរាល់ការនាំជ្រូកខុសច្បាប់ចូលតាមច្រករបៀង និងច្រកដទៃទៀត។

លោកជំទាវ ហោ​ ម៉ាលីន មានប្រសាសន៍បន្តថា ការទប់ស្កាត់កុំឱ្យនាំចូល ជ្រូកពីប្រទេសវៀតណាមមួយចំនួនមានជំងឺឆ្លង ដែលវាអាចនាំឱ្យប៉ះពាល់ ដល់សុខភាពអ្នកបរិភោគ។ ដូច្នេះក្នុងនាមអាជ្ញាធរមានសមត្ថកិច្ចនៅតាមបន្ទាត់ព្រំដែន យើងត្រូវតែធ្វើការទប់ស្កាត់ឱ្យខាងតែបាន ចំពោះការលួចនាំចូលជ្រូកខុសច្បាប់ តាមច្រករបៀងព្រំដែន។ ម៉្យាងទៀតសូមសមត្ថកិច្ចនៅតាមព្រំដែន កុំពាក់ព័ន្ធឱ្យសោះ បញ្ហាលាភសក្ការៈដោយអនុញ្ញាតឱ្យបានការនាំចូលជ្រូកពីប្រទេសវៀតណាម។ បើមានបញ្ហានេះអ្នកពាក់ព័ន្ធត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់។

លោកជំទាវរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ក៏បានស្នើដល់មន្ត្រី ជំនាញឱ្យធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋ និងអាជីវករទាំងអស់ឈប់ទិញជ្រូក ដែលមានជំងឺពីប្រទេសវៀតណាម និងឈប់ទទួលទានសាច់ជ្រូកដែលមានជំងឺផងដែរ៕

ដោយ អ៊ុច សៀង