ឯកឧត្តម អូស្មាន ហាស្សាន់៖ សន្និសីទហាឡាល់លើកទី១១ បើកផ្លូវដល់កម្ពុជា ក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយមេដឹកនាំហាឡាល់មកពី៥៦ប្រទេស

AKP ភ្នំពេញ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ -ឯកឧត្តម  អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធាន​គណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាល់កម្ពុជាបានចាត់ទុក សន្និសីទហាឡាល់ ពិភព​លោកលើកទី១១ គឺបាន​បើកផ្លូវដល់កម្ពុជា ក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មហាឡាល់ ជាមួយមេដឹកនាំស្ថាប័នហាឡាល់មកពី៥៦ប្រទេស នៅ​ទូទាំង​ពិភពលោក។

ការលើកឡើងនេះនៅក្នុងសន្និសីទហាឡាល់ ពិភពលោកលើកទី១១ និងពិព័រណ៍ ហាឡាល់ លើកទី១៦ នៅទីក្រុងគួឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដែលមានអ្នកចូលរួម​ប្រមាណ១.៤០០នាក់ មកពី ៥៦ប្រទេស និងស្តង់ពិពរណ៍ផលិតផលហាឡាល់ មកពី៧២​ប្រទេស  កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ ២០១៩ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ និងធុរកិច្ចអន្តរ​ជាតិម៉ាឡេស៊ី MITEC ក្នុងឱកាសដែល គណៈប្រតិភូហាឡាល់កម្ពុជាអញ្ជើញចូលរួមក្នុង​សន្និសីទហាឡាល់ពិភពលោក លើកទី១១ និងពិព័រណ៍ហាឡាល់លើកទី១៦ ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ឯកឧត្តម  អូស្មាន ហាស្សាន់ បានបញ្ជាក់ថា ស្របពេលជាមួយ នឹងកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជា ធ្វើឱ្យសន្និសីទខាងលើនេះ​កាន់តែមានតម្លៃ និងសារប្រយោជន៍ ដល់កម្ពុជាក្នុងនាមជាដៃគូ ព្រោះសន្និសីទ នេះជាវេទិកា​ជំនួបពិសេសរបស់ធុរជនឧស្សាហកម្មហាឡាល់ និងមេដឹកនាំស្ថាប័នហាឡាល់​លើពិភព​លោក ដើម្បីជួបពិភាក្សាចែករំលែកពីការរីកចម្រើន នៃឧស្សាហកម្មហាឡាល់ និងជម្រាបអំពី​សក្តានុពលវិនិយោគគ្រប់វិស័យក្នុងប្រទេសរៀងៗខ្លួន។ ឯកឧត្ដមបានលើកឡើងថា  ក្នុងកិច្ច​ពិភាក្សានេះដែរ ក៏បានផ្តោតសំខាន់ទៅលើការចូលរួមថែរក្សា និងការពារសុវត្ថិភាព ភាពសុខ​សាន្តរបស់អនាគតមនុស្សជាតិនៅលើផែនដី ក្នុងសម័យសាកលភាវូបនីយកម្ម ដែលកាន់តែ​មានតម្រូវការខ្លាំងឡើងលើការប្រើប្រាស់ផលិតផល ម្ហូបអាហារ និងការទទួលសេវាកម្ម ផ្សេងៗ។

យោងតាមរបាយកាណ៍សេដ្ឋកិច្ចអ៊ិស្លាមពិភពលោកឆ្នាំ២០១៨  បានឱ្យដឹងថា ជន មុស្លិម​ បានប្រើប្រាស់ផលិតផល និងសេវាកម្មហាឡាល់ ក្នុងតម្លៃជាទឹកប្រាក់២.១លាន​លានដុល្លារអាម៉េរិក ទៅលើផ្នែកម្ហូបអាហារ ភេសជ្ជៈ និងការរស់នៅ ប្រចាំថ្ងៃ កាលពី​ឆ្នាំ២០១៧ ហើយអាចព្យាករណ៍ថា នឹងកើនទៅដល់៣លាន លានដុល្លារអាម៉េរិកនៅត្រឹម​ឆ្នាំ២០២៣ ក្នុងនោះ ការចំណាយទៅលើម្ហូបអាហារ និងភេសជ្ជៈ ១.៣លានលានដុល្លារ  ចំណាយ​ទៅលើការស្លៀកពាក់២៧០ពាន់លានដុល្លារ ព័ត៌មាន និងដំណើរកម្សាន្ត២០៩ ពាន់លាន​ដុល្លារ ការធ្វើដំណើរ១៧៧ពាន់លានដុល្លារអាម៉េរិក ឱសថ៨៧ពាន់លាន​ដុល្លារ​អាម៉េរិក និងគ្រឿងសម្អាង៦១ពាន់លានដុល្លារអាម៉េរិក ៕

ដោយ សួស សំរិត