លោកជំទាវឧបនាយករដ្ឋមន្រ្ដី ម៉ែន សំអន ជំរុញឱ្យមន្ដ្រីអធិការកិច្ច ត្រូវពង្រឹងការអនុវត្តច្បាប់ សំដៅការទប់ស្កាត់អំពើពុករលួយ

AKP ភ្នំពេញ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ -លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋ​សភា ព្រឹទ្ធសភា និងអធិការកិច្ច បានជំរុញឱ្យមន្ដ្រីអធិការកិច្ច ត្រូវពង្រឹងការអនុវត្ត​ច្បាប់ សំដៅការទប់ស្កាត់ អំពើពុករលួយ ព្រោះថា អំពើពុករលួយបានធ្វើឱ្យប៉ះពាល់ជាអវិជ្ជ​មានធ្ងន់ធ្ងរដល់ប្រទេសជាតិ។ ការលើកឡើងបែបនេះ ក្នុងពិធីបើកសន្និបាតបូកសរុបការងារ ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច សម្រាប់អនុវត្ដន៍ការងារ ឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នំា២០១៩ នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃ ព្រហស្បតិ៍ ១៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី០៤ ខែមេសា ឆ្នំា២០១៩។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា មន្ដ្រីអធិការកិច្ចទាំងអស់ ត្រូវបន្ដអនុវត្តន៍តាមស្ថាប័ន និងអង្គភាពនានាជាប្រចាំដែលនេះ ជាភារកិច្ចដ៏សំខាន់ទាក់ទង នឹងការពង្រឹងការអនុវត្តច្បាប់សំដៅធានាប្រឆាំងអំពើពុករលួយ ការរំលោភដោយអំណាច និង បាតុភាពអសកម្មនានា នៅក្នុងជួររដ្ឋបាលសាធារណៈ ក៏ដូចជាផ្នែកមិនមែនរដ្ឋ ដើម្បីធានា ការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនៃថវិកា និងទ្រព្យសម្បត្តិរដ្ឋ ការពារ សុវត្ថិភាព សាធារណៈ និងការពារសិទ្ធិរបស់ប្រជាពលរដ្ឋ។ លោកជំទាវឧបនាយករដ្ឋមន្រ្ដីបានបន្ដថា ការរៀបចំសន្និបាតក្នុងឆ្នាំនេះ ​​ក៏មានគោលបំណងត្រួតពិនិត្យ វាយតម្លៃ និង​​​បូកសរុប​លទ្ធផល​​ការងារ ​​ដែល​ក្រសួង​​បាន​សម្រេចក្នុងឆ្នាំ២០១៨​កន្លងមក និងដាក់​​ចេញ​នូវ​វិធានការណ៍ទិស​ដៅ​ថ្មីៗ ​​ស​ម្រាប់​​អនុវត្តន៍បន្ត​ក្នុងឆ្នាំ​២០១៩ ដើម្បី​បំពេញ​​​​ការងារជូន​រាជរដ្ឋាភិបាល និង​បម្រើ​​ប្រជាជន​លើវិស័យការងារទំនាក់ទំនង សម្រប​សម្រួល​​ជាមួយ​រដ្ឋសភា​ ព្រឹទ្ធសភា ការងារផ្សព្វ​ផ្សាយច្បាប់ ការងារ​អធិការកិច្ច ការទទួល ​និង​ដោះ​ស្រាយ​បណ្តឹង​នានា សំដៅ​​​​រួម​​ចំណែក​ពង្រឹង​អភិបាលកិច្ច​​ល្អ ដែលជា​ឧត្តម​ប្រយោជន៍របស់​សង្គម​ជាតិ​ទាំងមូល។

លោកជំទាវឧបនាយករដ្ឋមន្រ្ដីបានណែនាំឱ្យមន្ដ្រីអធិការកិច្ចត្រូវបន្ដតាម​ដាន​ការអនុវត្ត​ច្បាប់ ទប់​ស្កាត់អំពើពុករលួយ ភាពអយុត្តិធម៌ក្នុង​សង្គម និងការរំលោភ​បំពាន​ដោយប្រើ​អំ​ណាច​បម្រើ​ប្រយោជន៍​​បុគ្គល និងបក្សពួក គ្រួសារ និងការពារសិទ្ធិ​របស់​ពលរដ្ឋ ពិសេស​បានផ្តោត​ទៅ​លើ​​​មធ្យោបាយ​​ជា​សារវន្ត័​ចំនួន​៣ គឺការអប់រំ​បង្ការ​ទប់​ស្កាត់​ជាមុន ការ​អនុវត្ត​ច្បាប់ និង​ការចូលរួម​ពី​មហាជន ។ កត្តាទាំងអស់នេះ ជាការរួមចំណែក​ពង្រឹង​អភិបាល​កិច្ច​ល្អ ដែល​ជាស្នូល​ នៃយុទ្ធសាស្ត្រចតុកោណ ដើម្បីកំណើនការងារ សមធម៌ និង​ប្រសិទ្ធភាព​ របស់​រាជរដ្ឋាភិបាល​ ដែល​មាន​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ។

បើតាមរបាយការណ៍របស់ឯកឧត្ដមបណ្ឌិត ចាប សុថារិទ្ធ រដ្ឋលេខាធិការ ក្រសួង​ទំនាក់ ទំនងជាមួយរដ្ឋ​សភា ព្រឹទ្ធសភា និងអធិការកិច្ច បានឱ្យដឹងថា ជាលទ្ធផលសកម្មភាព ការងារ​ក្នុងឆ្នាំ២០១៨ ក្រសួងបានអនុវត្ដន៍ការងារ តាមជំនាញរបស់ខ្លួន ដើម្បីអនុវត្តន៍​ផែនការ​យុទ្ធ​សាស្ត្រអភិវឌ្ឍន៍ជាតិ២០១៥-២០១៩ ក៏ដូចជាការបន្តអនុវត្តន៍ទៅមុខទៀត ក្នុងនោះ​ក្រសួង ​បានប្តេជ្ញា​ចិត្ត​ចូលរួមចំណែកអនុវត្តន៍ផែនការ​យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ របស់រាជរដ្ឋា​ភិ​បាល ដែលនឹងត្រូវអនុម័តនា​ពេលខាងមុខ ដើម្បីបន្ត​អនុវត្តន៍​យុទ្ធសាស្ត្រ​​ចតុកោណ​ដំណាក់កាល​ទី៤ ដោយ​មាន​កំណត់​នូ​វ​​អាទិភាព សូចនាករ និង​ក្រប​ខ័ណ្ឌ​​ពេល​វេលា​ច្បាស់​លាស់ សម្រាប់​អនុវត្តន៍ និងយន្តការ​សម្រាប់​តាម​ដាន​ ត្រួតពិនិត្យ និង​វាយ​តម្លៃ​ផ្អែកលើក​លទ្ធផល​ការងារ ព្រមទាំង​មាន​​កំណត់​​​​ការទទួល​ខុស​ត្រូវ​​របស់​ក្រសួង-ស្ថាប័ន ទៅ​តាម​មុំ​ ឬវិស័យ​​នីមួយៗឱ្យ​ទទួល​​បាន​​ជោគជ័យ​ទៅ​តាម​ផែនការ។ ឯកឧត្ដមបន្ដថា សមិទ្ធផល ឆ្នាំ២០១៨កន្លងទៅ ជា​លទ្ធផលដែលបានកើតចេញពី​ការ​ចូលរួម​របស់មន្ត្រី​រាជ​ការ​គ្រប់លំ​ដាប់ថ្នាក់ និង​កិច្ច​សហការពី​បណ្តា​​​​ស្ថាប័ន​ពាក់ព័ន្ធ​នានា ដែលសុទ្ធតែ​ជា​តួអង្គ​សំខាន់​ៗ​មិន​អាច​ខ្វះបាន ។

លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបន្ថែមទៀតថា មន្ដ្រីអធិការកិច្ចទាំង អស់ ត្រូវអនុវត្ដន៍ និងគោរពតាមតួនាទី ភារកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាព ដូចជា ការពង្រឹង ប្រសិទ្ធភាព កិច្ចការទំនាក់ទំងជាមួយរដ្ឋសភា​-ព្រឹទ្ធសភា និងផ្សព្វផ្សាយច្បាប់ ការពង្រឹង​ប្រសិទ្ធភាពកិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុ ការពង្រឹងប្រសិទ្ធភាព កិច្ចការអធិការកិច្ច និងទទួល ពាក្យបណ្តឹង ដោះស្រាយពាក្យបណ្តឹង ព្រមទាំងការអភិវឌ្ឍធនធានមនុស្ស តាមរយៈ វិទ្យាស្ថានជាតិអធិការកិច្ច ៕

ដោយ សួស សំរិត