អាជ្ញាធរខេត្តកំពង់ឆ្នាំងជំរុញឱ្យមន្ទីរជំនាញនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវបម្រើសេវា និង ដោះស្រាយសំណូមពរជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានទាន់ពេលវេលា

AKP កំពង់ឆ្នាំង ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ -អភិបាលខេត្ដកំពង់ឆ្នាំង បានជំរុញដល់មន្ទីរជំនាញ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវ​ចូលរួម បង្កើនការផ្ដល់សេវាសាធារណៈ និងដោះស្រាយសំណូមពរជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១និងលើកទិសដៅសម្រាប់អនុវត្តន៍បន្តត្រីមាសទី២ ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ នៅ សាលាខេត្ត កំពង់ឆ្នាំង ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងបានណែនាំដល់មន្ទីរជំនាញ សហការជាមួយអាជ្ញាធរដែនដី និង សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត ត្រូវបម្រើ​សេវា និងដោះស្រាយសំណូមពរចាំបាច់ជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាតាមជំនាញ​របស់ខ្លួន ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួនឱ្យ​បានល្អប្រសើរ ជាពិសេសធានាបាន សុវត្ថិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូន​ប្រជា​ពលរដ្ឋ ក្នុងពេលចូលឆ្នាំថ្មីប្រពៃណីខ្មែរឱ្យទទួលបានជោគជ័យ។ ​ឯកឧត្តមបានវាយ​តម្លៃ ខ្ពស់ដល់ក្រុមការងារទាំងអស់ដែលបានខិតខំអនុវត្តន៍ការងារ កន្លងមក​តាមរយៈការចុះធ្វើ​វេទិកា និងចុះសំណេះសំណាលតាមខ្នងផ្ទះ នៅតាមមូលដ្ឋានភូមិ ឃុំក្នុងក្រុង ស្រុកទាំងអស់ ដើម្បីដោះស្រាយសំណូមពរ និងបញ្ហារបស់ប្រជាពលរដ្ឋជាក់ស្តែង កាត់បន្ថយនូវការអាក់​អន់​ស្រពន់ចិត្តទាំងឡាយពីសំណាក់ប្រជាពលរដ្ឋមកលើ ការដឹកនាំរបស់អាជ្ញាធរ ក៏ដូចជារាជ​រដ្ឋាភិបាល។ ឯកឧត្តមអភិបាលខេត្ដបានបន្តទៀតថា ​អង្គភាពជុំវិញខេត្ត និងអាជ្ញាធរដែនដី​សហការជាមួយសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវទប់ស្កាត់មិនឱ្យកើតមានបទល្មើសផ្សេងៗក្នុងមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួនជាពិសេសបទល្មើសគ្រឿងញៀន នេសាទ រំលោភដីរដ្ឋ​ដីចំណី ផ្លូវ បឹង ទន្លេ ត្រូវផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋ​និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។ ទន្ទឹមនេះ អាជ្ញាធរត្រូវធ្វើការបកស្រាយបំភ្លឺ និងប្រឆាំងព័ត៌មានក្លែងក្លាយដែលបង្ក អស្ថិរភាព ក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានទាន់ពេលវេលាផងដែរ។

ឯកឧត្តមអភិបាលខេត្ដក៏បានជំរុញដល់មន្ទីរជំនាញ និងអាជ្ញាធរដែនដីត្រូវរៀបចំ​ស្ថាប័នរបស់ខ្លួនឱ្យមានសោភណភាពល្អជាពិសេសឱ្យប្រជាពលរដ្ឋនៅតាមដងផ្លូវរៀបចំលំនៅឋានរបស់ខ្លួនឱ្យមានសណ្តាប់ធ្នាប់ ដើម្បីចូលរួមប្រឡងប្រណាំងទីក្រុងស្អាត លំដាប់ អាស៊ាន នាពេលខាងមុខឱ្យទទួលបាននូវជ័យលាភីលេខ១ និង ទទួលបានសុខភាពល្អ ដល់ ប្រជាពលរដ្ឋផងដែរ៕

ដោយ បៃ ស៊ីថុន