រាជរដ្ឋាភិបាលនឹងវិនិយោគហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗចំនួន៣សម្រាប់រយៈពេល៥ឆ្នាំខាងមុខ

AKP ភ្នំពេញ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ — រាជរដ្ឋាភិបាលនឹងវិនិយោគហេដ្ឋារចនាសម្ព័ន្ធចំនួន៣សម្រាប់រយៈពេល៥ឆ្នាំខាងមុខដោយ ទាមទារឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធនានា ត្រូវរៀបចំផែនការវិនិយោគដោយផ្អែកលើផែនការ មេច្បាស់លាស់ ជាពិសេសវិស័យដឹកជញ្ជូនដើម្បីធ្វើការវិនិយោគជាលក្ខណៈប្រព័ន្ធ ដែលនឹង ផ្តល់ផលចំណេញរយៈពេលវែងដល់សេដ្ឋកិច្ច។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ក្នុងសេចក្តីប្រកាសព័ត៌មានដែលបានបង្ហាញពីលទ្ធផលនៃកិច្ចប្រជុំបូកសរុបស្តីពីការ រៀបចំយុទ្ធសាស្រ្តភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជាឆ្នាំ២០១៩-២០២៣ រវាងរាជរដ្ឋាភិបាល កម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី ADBបានឱ្យដឹងថា រាជរដ្ឋាភិបាលនឹងផ្តោតលើ​ការវិនិ​យោគហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា ទី១. ការតភ្ជាប់ផ្នែកឌីជីថលដែលជាមូលដ្ឋានសំខាន់ សម្រាប់ការរៀបចំសេដ្ឋកិច្ចឌីជីថល។ ទី២. ការតភ្ជាប់ខ្សែបណ្តាញអគ្គិសនីឱ្យបានគ្រប់​ភូមិនៅ​ឆ្នាំ២០២០ និងទី៣. ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូន។ ទន្ទឹមនេះ ការរៀបចំគម្រោងនីមួយៗ ក៏ត្រូវ​មាន​ការរៀបចំឯកសារទស្សនាទានគម្រោងច្បាស់លាស់ និងការធ្វើអាទិភាវូបនីយកម្មគម្រោង ដោយមានការគិតគូរម៉ត់ចត់ទៅលើគ្រប់ទិដ្ឋភាពទាំងទិដ្ឋភាពហិរញ្ញវត្ថុសង្គមនិងបរិស្ថាននិងបច្ចេកទេសរួមទាំងផែនការប្រមូលចំណាយគម្រោងមកវិញ។

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ វង្សី វិស្សុត បានស្នើសុំឱ្យ ADB ពិនិត្យលទ្ធភាពផ្តល់​ការគាំទ្រដល់ការរៀបចំ Fin-Tech ជាមួយនឹងធនាគារជាតិនៃកម្ពុជា ដើម្បីរៀបចំនូវថ្នាល​ទូទាត់ជាតិក្នុងគោលបំណងកត់ត្រា និងតាមដាននូវការទូទាត់លើការធ្វើពាណិជ្ជកម្មតាមអេ ឡិចត្រូនិក ហើយកិច្ចការនេះនឹងក្លាយជាមូលដ្ឋានសម្រាប់បម្រើឱ្យរៀបចំគោលនយោបាយ សារពើពន្ធលើការធ្វើពាណិជ្ជកម្មតាមអេឡិចត្រូនិក នាពេលអនាគត។ ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានស្នើដល់ ADB បន្តគាំទ្រដល់ការងារកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ជាពិសេសការវិភាគ និងការបែងចែកមុខងារ ដែលនឹងត្រូវផ្ទេរពីថ្នាក់ជាតិទៅថ្នាក់ក្រោមជាតិ។

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលមានលទ្ធភាពក្នុង​ការទទួលហិរញ្ញប្បទានកម្រិតធំជាងមុន ដូច្នេះឯកឧត្តមបានស្នើឱ្យធនាគារអភិវឌ្ឍន៍អាស៊ី លទ្ធភាពពង្រីកទំហំហិរញ្ញប្បទានបន្ថែមទៀតដោយធ្វើចងក្រងគម្រោងជាចង្កោមហើយការវិនិយោគនេះទៀតសោតត្រូវផ្សាភ្ជាប់ជាមួយកសាងសមត្ថភាពស្ថាប័ន។

ឯកឧត្តមរដ្ឋលេខាធិការប្រចាំបានបន្ថែមថា ឯកសារយុទ្ធសាស្រ្តភាពជាដៃគូ សម្រាប់ អភិវឌ្ឍន៍កម្ពុជាឆ្នាំ២០១៩-២០២៣ នឹងដាក់ចេញនូវក្របខ័ណ្ឌយុទ្ធសាស្រ្តរួមមួយ សម្រាប់ រយៈពេល៥ឆ្នាំខាងមុខ ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃកិច្ចអភិវឌ្ឍន៍របស់កម្ពុជា ជាពិសេសក្នុងការសម្រេចបាននូវ គោលដៅក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូល ខ្ពស់នៅឆ្នាំ២០៥០។

សូមរម្លឹកថា កាលពីព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិ ការប្រចាំការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានដឹកនាំកិច្ចប្រជុំបូកសរុបស្តីពីការរៀបចំយុទ្ធសាស្រ្ត ភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជា ឆ្នាំ២០១៩-២០២៣ រវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅទីស្តីការ​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កិច្ចប្រជុំបូកសរុបនេះ មានការអញ្ជើញចូលរួមពីសំណាក់​លោកជំទាវ Sunniya Durrani-Jamal នាយិកាស្ថានតំណាង ADB ប្រចាំកម្ពុជា និងតំណាង​មកពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះ ក្រោមកិច្ចសហ​ការ​រវាងរាជរដ្ឋាភិបាល និង ADB, សេចក្តីព្រាងឯកសារយុទ្ធសាស្រ្តភាពជាដៃគូ​សម្រាប់​អភិវឌ្ឍន៍​កម្ពុជាឆ្នាំ២០១៩-២០២៣ ត្រូវបានរៀបចំឡើងដោយមានការពិគ្រោះយោបល់​ជាមួយ ក្រសួងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល, វិស័យឯកជន, និងអង្គការសង្គមស៊ីវិល ព្រមទាំង ស្ថាប័នស្រាវជ្រាវផងដែរ៕

ដោយ គង់ សិរីរ័ត្ន