ណាហ្គាវើល ចាញ់ Tampines Rovers ១-៥ វគ្គសន្សំពិន្ទុពូល F សម្រាប់ AFC Cup 2019

AKP ភ្នំពេញ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ — ក្នុងឋានៈជាក្រុមម្ចាស់ផ្ទះ ក្រុមបាល់ទាត់ណាហ្គាវើលបានបាត់បង់ឱកាសស្វែងរកពិន្ទុបន្ថែម ដោយចាញ់ក្រុមភ្ញៀវ មកពីក្រុមសិង្ហបុរី Tampines Rovers ដោយលទ្ធផល ១ទល់៥ ក្នុងជំនួប​ទី៣វគ្គសន្សំពិន្ទុ ក្នុងពូលF នៃពានរង្វាន់ក្លិបលំដាប់ទី២ប្រចាំទ្វីបអាស៊ី AFC Cup 2019 នៅ​កីឡដ្ឋានជាតិ កាលពីល្ងាចថ្ងៃទីទី០២ ខែមេសា ឆ្នាំ២០១៩។

ក្រុមម្ចាស់ផ្ទះ ណាហ្គាវើល លេងបានយ៉ាងល្អនៅដើមតង់ទី១ ដោយទាត់បញ្ចូលទីបាន​សម្រេច១គ្រាប់ នាំមុខលើក្រុមភ្ញៀវ នៅនាទី២៤ ដោយកីឡាករ គួច ដានី ប៉ុន្តែក្រុម Tampines Rovers បានដាក់សម្ពាធជាខ្លាំងលើម្ចាស់ផ្ទះ ដោយធ្វើសម្រេចបាន៥គ្រាប់​ជាបន្តបន្ទាប់យក​ឈ្នះវិញ។ ៥គ្រាប់ជ័យជម្នះរបស់ក្រុម Tampines Rovers រកបានដោយដោយកីឡាករ Jordan Webb ២គ្រាប់ នៅនាទី៤៥ និងនាទី៦៦, កីឡាករ Zehrudin Mehmedovic នៅនាទី៥៧, កីឡាករ Mirza Delimedac នៅនាទី៩០+១ និងកីឡាករ Ryutaro Megumi នៅនាទី៩០+៣។ លទ្ធផលនេះ បានធ្វើឱ្យណាហ្គាវើល ឈរនៅចំណាត់ថ្នាក់ លេខ៣បណ្តោះ អាសន្ន ក្នុងពូលF ដោយមាន៣ពិន្ទុ បន្ទាប់ពីឆ្លងកាត់៣ប្រកួត ឈ្នះ១ និងចាញ់២ ខណៈក្រុម សិង្ហបុរី Tampines Rovers ឡើងឈរកំពូលតារាង ដោយមាន៧ពិន្ទុបណ្ដោះអាសន្ន ជាមួយ​លទ្ធផល៣ប្រកួតដូចគ្នា ឈ្នះ២ និងស្មើ១ ហើយក្រុមវៀតណាម Hanoi FC ធ្លាក់មកចំណាត់ ថ្នាក់លេខ២វិញ ក្រោយចាញ់ជាមួយក្រុមមីយ៉ាន់ម៉ា Yangon FC ដោយលទ្ធផល ០ទល់១។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានក្រោយបញ្ចប់ការប្រកួត លោក មាស ចាន់ណា គ្រូ បង្គោលណាហ្គាវើលបានសម្តែងការមិនពេញចិត្តចំពោះការលេងរបស់កូនក្រុមរបស់ខ្លួនដែល ទាត់បញ្ចូលទីលើគូប្រកួតមិនចូល បែរជាប្រែទៅជាបែកអារម្មណ៍ លេងមិនបានល្អ។ លោក បញ្ជាក់ថា ប្រសិនបើលេងមិនបានល្អបែបនេះ កុំថាឡើងលេងក្នុងកម្រិតអន្តរជាតិ សូម្បីតែ​លេងក្នុងក្របខ័ណ្ឌលីគកំពូលកម្ពុជាខ្លួនឯង ក៏មិនអាចរក្សាចំណាត់ថ្នាក់លេខ៦ ក្នុងចំណោម ១៤ក្រុមបានផង មិនដូចជាក្រុមការពារម្ចាស់ដំណែងជើងឯកលីគកម្ពុជា កាលពីឆ្នាំ២០១៨​នោះឡើយ៕

ដោយ ហេង ណាលីន