អភិបាលរាជធានីភ្នំពេញ គូសបញ្ជាក់ថា ការចាក់ដីលុបដៃទន្លេបាសាក់ត្រង់ចន្លោះកោះពេជ្រ និងផ្សារអ៊ីអន ជាគម្រោងសាងសង់អាងចម្រោះទឹកស្អុយ

AKP ភ្នំពេញ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ — បន្ទាប់ពីមានការរិះគន់ តាមរយៈបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក និងមជ្ឈដ្ឋានមួយ ចំនួនបានលើកឡើងចំពោះការចាក់ដីលុបប្រឡាយទន្លេបាសាក់ ត្រង់ចន្លោះកោះពេជ្រ និង ផ្សារអ៊ីអន១មក អភិបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា នេះគឺជាគម្រោងសាងសង់ អាងចម្រោះទឹកស្អុយរបស់សាលារាជធានីភ្នំពេញនោះទេ។ ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន បន្ទាប់ពីបានចុះពិនិត្យស្ថានភាពការចាក់ដីលុបដៃទន្លេ​បាសាក់ កាលពីយប់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម  ឃួង ស្រេង បានអះអាងថា រដ្ឋ​បាលរាជធានីភ្នំពេញ មិនមានបំណងលុបដៃទន្លេបាសាក់ ដូចការរិះគន់របស់អ្នកលេង បណ្តាញសង្គមហ្វេសប៊ុក និងសារព័ត៌មានមួយចំនួននោះឡើយ។ ឯកឧត្តមបន្ដថា ការចាក់ដី លុបនេះ គឺជាការសាងសង់ស្ថានីយចម្រោះទឹកកខ្វក់ ដែលហូរចូលទន្លេប៉ុណ្ណោះ ដោយ​សារតែ ដៃទន្លេបាសាក់នេះ ទទួលរងនូវការបង្ហូរទឹកកខ្វក់ ទឹកស្អុយពីអគារខ្ពស់ៗ និងផ្ទះ​ប្រជាពលរដ្ឋរស់នៅសងខាងដៃទន្លេនេះ។

ដូច្នេះដើម្បីការពារបរិស្ថាន រដ្ឋបាលរាជធានី​ភ្នំពេញ ក៏បានសម្រេចធ្វើអាងចម្រោះទឹកស្អុយ ដោយបំពាក់នូវម៉ាស៊ីនបូមទឹកកខ្វក់នេះ ទម្លាក់​ទៅប្រឡាយបង្ហូរទឹកបឹងត្របែក។ ឯកឧត្តមអភិបាលលើកឡើងថា ការចាក់ដីនេះ នៅពេល ​ដែលការដ្ឋានសាងសង់ ស្ថាបនាអាងចម្រោះទឹកសម្អុយរួចរាល់នោះ នឹងកាយដីដែលបាន ចាក់នោះចេញវិញ ហើយគម្រោងនេះក៏មានសង់ច្រាំងទន្លេទប់ដី និងសង់ផ្លូវថ្មើរជើង​ចាប់ពី​កោះពេជ្ររហូតដល់ស្ពានអាកាសក្បាលថ្នល់ ដើម្បីលើកកម្ពស់សោភណភាពទីក្រុងភ្នំពេញ ដែលមានអគារសំណង់ខុនដូរខ្ពស់ៗ នៅអមសងខាងដៃទន្លេផង៕

ដោយ សួស សំរិត