រដ្ឋបាលខេត្តបាត់ដំបង រៀបចំកិច្ចប្រជុំបូកសរុបការងារភូមិ ឃុំមានសុវត្ថិភាពឆ្នាំ២០១៨

AKP បាត់ដំបង ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ -នៅថ្ងៃអង្គារ ១៣រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ រដ្ឋបាលខេត្តបាត់ដំបង បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវត្តន៍គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ឆ្នាំ២០១៨ និង ផ្សព្វផ្សាយទិសដៅ ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្ត ក្រោមអធិបតីភាពឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត  ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថ មេបញ្ជាការរងយោធភូមិភាគទី៥ អភិបាល អភិបាលរងក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ អធិការ អធិការរងក្រុង ស្រុក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង១០២ឃុំ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត ។

ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តមានប្រសាសន៍ថា ដោយបានបញ្ជាក់ពីការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពដែលជាតួនាទីយើងទាំងអស់គ្នា ពិសេស មេឃុំ ចៅសង្កាត់ គ្រប់ឃុំសង្កាត់ ដែលជាគណ:បញ្ជាការឯកភាពឃុំ សង្កាត់នៅតាមមូលដ្ឋានរៀងខ្លួន ចំណែកកងកម្លាំងជាអ្នកសហការអនុវត្តន៍ច្បាប់តាមក្រោយ។ ដើម្បីអនុវត្តន៍គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង៩ចំណុចឱ្យបានជោគជ័យ គឺជនគ្រប់រូបពិសេសថ្នាក់មូលដ្ឋានត្រូវសហការចូលរួមធ្វើទាំងអស់គ្នា មិនមែនជាភារកិច្ច សមត្ថកិច្ចនគរបាលម្នាក់ឯងនោះទេ ហើយការអប់រំ ផ្សព្វផ្សាយច្បាប់ផ្សេងៗដល់សហគមន៍ គឺមិនមែនអញ្ជើញឱ្យពួកគាត់ស្តាប់មានតែមនុស្សចាស់ៗទេ គឺត្រូវអញ្ជើញមនុស្សគ្រប់វ័យចូលរួម ពិសេសស្រទាប់យុវជនផង។

ឯកឧត្តម ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត បានបញ្ជាក់ក្នុងអង្គពិធីថា បញ្ហាគ្រឿងញៀនគឺជារឿងសំខាន់បំផុត ហើយជាបញ្ហាប្រឈមខ្លាំងជាងគេនាពេលបច្ចុប្បន្ន ដូច្នេះ យើងត្រូវនាំគ្នា រួមគិត រួមធ្វើ និងផ្សព្វផ្សាយច្បាប់នៅតាមសហគមន៍ ក្រុមហ៊ុននានា និងនៅកន្លែងផ្សេងៗទៀតឱ្យបានទូលំទូលាយ ដើម្បីទប់ស្កាត់បញ្ហានេះ ពីព្រោះបញ្ហាគ្រឿងញៀនជាចំណុច១ក្តៅបំផុតក្នុងចំណោមទាំង៩ចំណុចនៃគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពរបស់យើងទាំងអស់គ្នា។

ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្តបានបញ្ជាក់ទៀតថា ដើម្បីអនុវត្តន៍ឱ្យមានប្រសិទ្ធភាព សមត្ថកិច្ចនៅមូលដ្ឋានទាំងអស់ គឺត្រូវតាមដានជាប្រចាំ បើឃើញអ្នកចេញ ចូល ប្លែក ឬ ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនហើយ គឺត្រូវហៅមកត្រួតពិនិត្យ ទោះជននោះកូនចៅអ្នកណាក៏ដោយយកមកអនុវត្តន៍តាមច្បាប់៕

ដោយ ណយ នឿន (ប្រភព រដ្ឋបាលខេត្តបាត់ដំបង)