សម្តេចតេជោ ហ៊ុន សែន នឹងផ្តល់មហាកិត្តិយសក្នុងពិធីពិសាអាហារសាមគ្គីជាមួយកីឡាករ កីឡាការិនី មន្ត្រីកីឡាជាង៤.០០០នាក់

AKP ភ្នំពេញ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ — សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងផ្តល់មហា កិត្តិយស អញ្ជើញចូលរួមក្នុងពិធីពិសាអាហារសាមគ្គី ក្នុងមហាគ្រួសារកីឡាជាមួយ កីឡាករ កីឡាការិនី មន្ត្រីកីឡា គ្រូបង្វឹកសរុបចំនួន៤.០៩៦នាក់ នាថ្ងៃល្ងាចថ្ងៃព្រហស្បតិ៍ ទី០៤ ខែមេសា ឆ្នាំ ២០១៩ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់​ជូនរបស់ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ គណៈ​កម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) ក្រោយកិច្ចប្រជុំនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩។

ឯកឧត្តម វ៉ាត់ ចំរើន បានគូសបញ្ជាក់ថា រៀងរាល់ឆ្នាំ នៅថ្ងៃទី០៤ ខែមេសា សម្តេចតេជោ ហ៊ុន សែន តែងតែផ្តល់មហាកិត្តិយសរបស់សម្តេច និងសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញជាអធិបតីដ៏ខ្ពស់ខ្ពស់ ក្នុងរង្វង់មហាគ្រួសារកីឡា និងផ្តល់​ជូន​នូវ​ការលើកទឹកចិត្តសម្រាប់អត្តពលិកកម្ពុជាទាំងអស់។ ឯកឧត្តមអគ្គលេខាធិការអះអាងថា ក្រោមការដឹកនាំរបស់ឯកឧត្តម ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រួមជា​មួយនឹងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា​បានរៀបចំកម្មវិធីជួបជុំប្រចាំឆ្នាំ និងបង្កភាពសប្បាយរីករាយជូនដល់មន្ត្រីកីឡា កីឡាករ កីឡាការិនីមកពីគ្រប់អង្គភាពកីឡា នានាទាំងអង្គការកីឡាសង្គម និងអង្គភាពកីឡារបស់រដ្ឋ រួមទាំងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា (កីឡា ជនពិការ) និងគណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកម្ពុជា (កីឡាបញ្ញាខ្សោយ)។ ឯកឧត្ដមបន្ដថា ការរៀបចំនេះ យើងបាន ធ្វើការរួមគ្នាយ៉ាងយកចិត្តទុកដាក់ខ្ពស់ជាមួយផ្នែកសន្តិសុខ ពិធីការ សហព័ន្ធកីឡាជាតិ​ទាំងអស់។ ជាមួយគ្នានេះ កីឡាករ កីឡាការិនីទាំងអស់ត្រូវមកជួបជុំគ្នានៅ ពហុកីឡដ្ឋានជាតិ អូឡាំពិក និងចេញដំណើរឆ្ពោះទៅកន្លែងពិធី នៅមជ្ឈមណ្ឌលកោះពេជ្រ វេលាម៉ោង២ រសៀល ជាបន្តបន្ទាប់ ហើយចូលដល់ក្នុងសាល គឺនៅចន្លោះម៉ោង៤ រសៀលថ្ងៃដដែលនោះ ដើម្បីរង់ចាំទទួលស្វាគមន៍ការអញ្ជើញដល់របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

ឯកឧត្តមបានបញ្ជាក់បន្ថែមទៀថា ក្រសួងអប់រំ យុវជន និងកីឡានឹងរៀបចំផ្តល់ថវិកា ចំនួន១០ម៉ឺនរៀល ក្នុងម្នាក់ៗ សម្រាប់កីឡាករ កីឡាការិនី ដែលទាំងអស់នេះ​គឺជាការជំរុញ​ការលើកទឹកចិត្តយ៉ាងខ្លាំងដល់ផ្នែកចិត្តសាស្រ្តកីឡាដល់អត្តពលិក និងអ្នកជំនាញកីឡា ក្នុង​ដំណើរឆ្ពោះទៅរៀបចំទទួលធ្វើម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ នៅព្រះរាជាណាចក្រកម្ពុជាឱ្យទទួលបានជោគជ័យ។

ឯកឧត្តម វ៉ាត់ ចំរើន ក៏បានបង្ហាញឱ្យឃើញថា ការអញ្ជើញចូលរួមរបស់សម្តេចនាយក រដ្ឋមន្ត្រី ក្នុងវិស័យកីឡាជារៀងរាល់ឆ្នាំនេះ មិនត្រឹមតែជាការលើកទឹកចិត្ត​ និងបង្កលក្ខណៈ សប្បាយរីករាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង បានបង្ហាញពីការលើកទឹកចិត្តផ្សាភ្ជាប់នឹងស្មារតី ដ៏ជ្រាលជ្រៅសម្រាប់កីឡាករ កីឡាការិនី ហើយពួកគេទាំងអស់ គ្នាមានសេចក្តីសប្បាយ រីករាយ និងទទួលបានភាពកក់ក្តៅបំផុត ដែលទទួលបានការចូលរួមក្នុងពិធីពិសា អាហារ សាមគ្គី និងប្រាក់ឧបត្ថម្ភ មុនឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរផងដែរ៕

ដោយ ហេង ណាលីន