នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខជាមួយកងរាជអាវុធហត្ថខេត្តពោធិ៍សាត់

AKP ពោធិ៍សាត់ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ — ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពល ខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាលជាមួយនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការ មេបញ្ជាការរង នាយរងសេនាធិការ ស្នងការ ស្នងការរង នាយករងសាលា នាយការិយាល័យ និងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថជាច្រើន រូបទៀតចំនួន១៧៦នាក់ នៅកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ។ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានលើកឡើងអំពី នយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល បានចាត់ទុកបញ្ហាសន្តិភាព សន្តិសុខ ស្ថិរភាពនយោបាយ គឺជាកិច្ចការងារចម្បង។ ក្នុងនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ក៏បានធ្វើការសរសើរលើកទឹកចិត្ត ស្នាដៃដែលអាវុធហត្ថ បានរួមចំណែកបង្កើត បានជាសមិទ្ធផល ហើយសមិទ្ធផលធំជាងគេ គឺការរួមចំណែកថែរក្សាបាននូវសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ ស្ថិរភាពនយោបាយ ធ្វើឱ្យប្រទេសមានរបៀបរៀបរយ ក្លាយជាប្រទេសនីតិរដ្ឋ និងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយសង្គ្រោះប្រជាជន ក្នុងនោះ បានកសាងជំរំជម្រក ជាបន្តបន្ទាប់ពីថ្នាក់ជាតិ រហូតដល់រាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ និងស្នាក់ការសន្តិសុខផងដែរ។

នៅក្នុងឱកាសនោះលោកនាយឧត្តមសេនីយ៍ក៏បានផ្តល់ស្រាបៀរចំនួន៤០កេស ទឹកក្រូច២០កេស ទឹកសុទ្ធ២០កេស និងថវិកាក្នុងម្នាក់ៗ៥ម៉ឺន សម្រាប់ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ ដោយឡែកគ្រួសារពលី៥នាក់ និងអតីតយុទ្ធជន១២នាក់ ក្នុងម្នាក់ៗបានចំនួន២០ម៉ឺនរៀល៕

ដោយ ណៅ ធឿន