រដ្ឋបាលខេត្តព្រះសីហនុ រៀបចំពិធីផ្សព្វផ្សាយច្បាប់អន្តោប្រវេសន៍ និងច្បាប់ពាក់ព័ន្ធដល់ម្ចាស់លំនៅឋានគ្រប់ប្រភេទក្នុងជំហានទី១

AKP ព្រះសីហនុ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ — អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំពិធី ផ្សព្វផ្សាយច្បាប់អន្តោប្រវេសន៍ និងច្បាប់ពាក់ព័ន្ធដល់ម្ចាស់ ឬអ្នកកាន់កាប់លំនៅឋាន គ្រប់ប្រភេទក្នុងជំហានទី១ ក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងលោក គង់ វិតាណ: អភិបាលរង ខេត្តព្រះសីហនុ មានការចូលរួមពីមន្ទីរការងារ ពាណិជ្ជកម្ម ម្ចាស់ ឬអ្នកគ្រប់គ្រងលំនៅឋាន ទីតាំងអាជីវកម្ម ការស៊ីណូ និងសណ្ឋា គារក្នុងក្រុងព្រះសីហនុ នៅសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃអង្គារ ១៣រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩។

ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ចន្ទ័ថារិទ្ធ មានប្រសាសន៍ថា ការផ្សព្វផ្សាយ ច្បាប់អន្តោប្រវេសន៍ និងច្បាប់ពាក់ព័ន្ធ ដើម្បីបង្កើនការអភិវឌ្ឍខេត្តព្រះសីហនុមានការរីក ចម្រើនថែមទៀត ព្រមទាំងបានវាយតម្លៃតាម រយៈការចូលរួមការផ្សព្វផ្សាយ នាពេលនេះ ដើម្បីចូលរួមអនុវត្តន៍ច្បាប់អន្តោប្រវេសន៍នៅព្រះរាជាណាចក្រកម្ពុជា។ ការផ្សព្វផ្សាយ មានគោលបំណងឱ្យម្ចាស់កាស៊ីណូ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន ការដ្ឋានសំណង់ និងរោងចក្រ ដើម្បីឈ្វេងយល់ ច្បាប់អន្តោប្រវេសន៍ និងច្បាប់ពាក់ព័ន្ធ ហើយសង្ឃឹមថា ម្ចាស់ ឬអ្នកកាន់កាប់លំនៅដ្ឋាន គ្រប់ប្រភេទ និងចូលរួមគោរពច្បាប់ ឱ្យបានគ្រប់គ្នា។

នេះជាមោទនភាពដែលខេត្តព្រះសីហនុ កំពុងដំណើរការអភិវឌ្ឍន៍ទៅមុខយ៉ាងលឿន ជាធម្ម តាការអភិវឌ្ឍវាមានចំណុចវិជ្ជមាន និងអវិជ្ជមាន តែបើយើងពិនិត្យមើលចំណុច វិជ្ជមានមានការកើនឡើង និងចំណុចអវិជ្ជមាន ថយចុះ។ នាយឧត្តមសេនីយបានសុំឱ្យ មន្ត្រីមូលដ្ឋាន ក៏ដូចមន្ត្រីនគរ បាលប៉ុស្តិ៍ទាំងអស់ អវត្តចុះស្រង់ស្ថិតិ ជនបរទេសនៅតាម ភូមិសាស្ត្រប្រកប ដោយសុវត្ថិភាព និងសំណូមពរម្ចាស់ ឬអ្នកកាន់កាប់លំនៅឋានគ្រប់ប្រភេទ មេត្តាចូលរួមសហការ ដើម្បីការស្រង់ស្ថិតិជនបរទេស មានប្រសិទ្ធភាព។

លោក គង់ វិតាណ: អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ស្វាគមន៍ពីស្ថានភាព ទូទៅរបស់ខេត្តព្រះសីហនុ រយ:ពេលពីរឆ្នាំកន្លងមកនេះ លំហូរនូវវិនិយោគមានដូចជា សំណង់កាស៊ីណូ ទីតាំងកម្សាន្តជាច្រើននៅក្នុងខេត្តព្រះសីហនុ ជាធម្មតាលំហូរជន បរទេសមានល្អ និងអាក្រក់ ក្នុងការរួមចំណែកអភិវឌ្ឍន៍ខេត្ត ពិសេសការការពារសន្តិសុខ សុវត្ថិ ភាពបានល្អ។ ខេត្តព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេស និងបានប្រែក្លាយជាខេត្ត មជ្ឈមណ្ឌលហិរញ្ញវត្ថុយ៉ាងសំខាន់ ឆ្លើយតបទៅនឹងតម្រូវការនៃការវិនិ យោគមានការកើន ឡើង នៃវិនិយោគិន និងការអភិវឌ្ឍនានា ។

លោកបានស្នើសុំកម្លាំងសមត្ថកិច្ចបង្កើនកិច្ចសហប្រតិបត្តិការចូលរួមស៊ីបអង្គេតឱ្យមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងជនបរទេសប្រកបដោយជោគជ័យ ដូច្នេះម្ចាស់ ឬអ្នកកាន់កាប់លំ នៅឋានគ្រប់ប្រភេទ ត្រូវចូលរួមសហការជាមួយមន្ត្រីជំនាញរបស់ ស្នងការដ្ឋាននគរបាលខេត្ត និងក្រសួងមហាផ្ទៃ ក្នុងការគ្រប់គ្រងជនបរទេសស្របតាម ច្បាប់អន្តោប្រវេសន៍របស់កម្ពុជា៕

ដោយ ងូ សុមុនី