ក្រសួងពាណិជ្ជកម្មកម្ពុជា ស្នើឱ្យធនាគារចិន គាំទ្រការទូទាត់រូបិយប័ណ្ណខ្មែរ តាមប្រព័ន្ធ អេឡិចត្រូនិក ដើម្បីជំរុញកិច្ចសម្រួលពាណិជ្ជកម្ម

AKP ភ្នំពេញ ថ្ងៃទី ០២ ខែមេសា ឆ្នាំ២០១៩ — រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានស្នើតំណាងធនាគារចិន ប្រចាំនៅកម្ពុជា គាំទ្រការប្រើប្រាស់ និងទូទាត់រូបិយប័ណ្ណខ្មែរ (ប្រាក់រៀល) តាមរយៈប្រព័ន្ធអេឡិចត្រូនិក (E-Payment) ជាពិសេស QR Code ដែលជាមធ្យោបាយទូទាត់សាច់ប្រាក់ដ៏ពេញនិយមនៅក្នុងប្រទេសចិន ដើម្បីជំរុញ កិច្ចសម្រួលពាណិជ្ជកម្ម និងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងវិនិយោគនៃប្រទេសទាំងពីរ។ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកសំណើនេះឡើង នៅ ក្នុងជំនួបពិភាក្សាជាមួយប្រតិភូធនាគារចិន ដឹកនាំដោយ លោក វ៉ាង ប៊ីង (WANG Bing) នាយកប្រតិបត្តិរងនៃធានាគារចិន ប្រចាំទីក្រុងហុងកុង កាលពីព្រឹកថ្ងៃអង្គារ៍ ទី០២ ខែមេសា ឆ្នាំ២០១៩ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងគ្រឹះស្ថានហិរញ្ញវត្ថុរដ្ឋរបស់ចិនដ៏ធំមួយនេះ។

ឯកឧត្តម ប៉ាន សូរស័ក្តិ បានជំរុញតំណាងធនាគារចិន ទទួលយកការទូទាត់ប្រាក់រៀល ឱ្យបានកាន់តែទូលំទូលាយ សម្រាប់សកម្មភាពធុរកិច្ច និងវិនិយោគទ្វេភាគី ជាពិសេសការ ដោះដូរពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ឬហៅថា E-Commerce ដោយប្រើប្រាស់ បច្ចេក វិទ្យា E-Payment និង QR Code ដូចគ្នាជាមួយកម្មវិធីទូរស័ព្ទដៃ WeChat ឬ Alipay ជាដើម។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានសំណូមពរដល់នាយកប្រតិបត្តិរងនៃធានាគារចិន ពិនិត្យលទ្ធភាពចូល រួមវិនិយោគសាងសង់ឡសម្ងួត(សៃឡូ) នៅតាមបណ្តាខេត្តសំខាន់ៗ ក្នុងប្រទេសកម្ពុជា ដើម្បី រក្សាទុកកសិផលក្នុងរយៈពេលយូរ និងផ្ដល់ឥណទានដល់ប្រជាកសិករ ជាពិសេសស ហគ្រាសខ្នាតតូច និងមធ្យម ដើម្បីពង្រឹងការអភិវឌ្ឍខ្សែចង្វាក់តម្លៃផលិតផល ដែលមាន សក្តានុពលនានា សំដៅបង្កើតតម្លៃបន្ថែម និងធ្វើពិពិធកម្មការនាំចេញ។

ជាការឆ្លើយតប លោក វ៉ាង ប៊ីង បានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្ត្រី ដែលបាន គាំទ្រប្រតិបត្តិការរបស់ធនាគារចិន នៅក្នុងប្រទេសកម្ពុជា តួយ៉ាងដូចជាការប្រើប្រាស់ប្រាក់ យ័ន តាមរយៈប្រព័ន្ធធនាគារ ដើម្បីសម្រួលការធ្វើពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ព្រម ទាំងការបង្កើតការិយាល័យចិនមួយ (Chinese Desk) នៅក្រសួងពាណិជ្ជកម្ម ដើម្បីសម្រួល ដល់ធុរជនចិន ក្នុងការធ្វើប្រតិបត្តិការពាណិជ្ជកម្ម។ល។

លោក វ៉ាង ប៊ីង បានណែនាំអំពី សមាសភាពថ្នាក់ដឹកនាំថ្មីរបស់ធនាគារចិន និងបានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រី អំពីការរៀប ចំយុទ្ធសាស្ត្រមួយចំនួន ដើម្បីទាក់ទាញការវិនិយោគបន្ថែមពីប្រទេសចិន មកកាន់ប្រទេស កម្ពុជា ស្របតាមគំនិតផ្តួចផ្តើម «ផ្លូវ និងខ្សែក្រវាត់» របស់ ឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតី ចិន។ ទាក់ទងជាមួយសំណើរបស់ក្រសួងពាណិជ្ជកម្ម លោកនាយកប្រតិបត្តិរងរូបនេះ ក៏បាន សន្យាជួយកៀរគរក្រុមហ៊ុនចិន ដែលមានជំនាញ និងបទពិសោធន៍គ្រប់គ្រាន់ ដើម្បីធ្វើការវិនិ យោគលើវិស័យកសិ-ឧស្សាហកម្មនៅកម្ពុជាផងដែរ៕

ដោយ ម៉ៅ ចរិយា