អាជ្ញាធរខេត្តកំពង់ចាម  ប្រគល់អណ្ដូងចំនួន៤០ ជូនប្រជាពលរដ្ឋនៅស្រុកព្រៃឈរ សម្រាប់ដោះស្រាយបញ្ហាខ្វះទឹកប្រើប្រាស់នៅក្នុងរដូវប្រាំងនេះ

AKP កំពង់ចាម  ថ្ងៃទី០២ ខែមេសា  ឆ្នាំ២០១៩ — អាជ្ញាធរខេត្តកំពង់ចាម  និងអង្គការ ស៊ីប៊ីអិន ខេមបូឌា  (CBN  Cambodia) បានអញ្ជើញ សម្ពោធដាក់ឱ្យប្រើប្រាស់ និងប្រគល់អណ្តូងទឹកចំនួន៤០អណ្ដូង ជូនប្រជាពលរដ្ឋនៅភូមិ ត្រពាំងលក្ខណ៍  ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដើម្បីជួយដោះស្រាយលើ បញ្ហាកង្វះទឹកប្រើប្រាស់ក្នុង រដូវប្រាំងនេះ។ លោក  អ៊ុ ញ្ញាណពិសិដ្ឋ  ប្រធានអង្គការ ស៊ីប៊ីអិន ខេមបូឌា  (CBN  Cambodia)  បាន ឱ្យដឹងថា  ការផ្ដល់អណ្ដូងទឹកនេះ ក្នុងគោលដៅដើម្បីចូលរួមក្នុងការងារសង្គមជា​មួយរាជ​រដ្ឋាភិ​បាល ក្នុងការជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋលើបញ្ហាកង្វះទឹកប្រើប្រាស់  ដោយ ត្រូវចុះជីកអណ្តូងទឹក នៅតាមភូមិ សង្កាត់ដែលកំពុងតែប្រឈមខ្លាំងបំផុត។

ឯកឧត្ដម  គួច ចំរើន  អភិបាលខេត្តកំពង់ចាម  បានមានប្រសាសន៍ណែនាំដល់មន្ត្រី ជំនាញ ត្រូវបន្ដយកចិត្តទុកដាក់ ពន្លឿន  និងពង្រីកលើការតបណ្តាញទឹកស្អាត ដើម្បី​បំពេញ តម្រូវការក្នុងការប្រើប្រាស់ទឹកជាប្រចាំរបស់បងប្អូនប្រជាពលរដ្ឋនៅតាមតំបន់ដែលប្រឈម កង្វះទឹកប្រើប្រាស់។ ឯកឧត្ដមអភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មានការ ប្រុងប្រយ័ត្ន ដែលបច្ចុប្បន្នកម្ពុជារងគ្រោះដោយភាពហួតហែង  ហើយបញ្ហានេះនឹងបង្កឱ្យ មានជំងឺប្រឈមផ្សេងៗ ដែលរងផលប៉ះពាល់ដល់សុខភាព ព្រមទាំងអាចជាកត្តានាំ​ឱ្យមាន បញ្ហាគ្រោះអគ្គិភ័យកើតឡើងផងដែរ៕

ដោយ អ៊ុន រិទ្ធី (ប្រភព៖ មន្ទីរព័ត៌មានខេត្ដកំពង់ចាម)