អាជ្ញាធរខេត្ដកំពង់ធំ បើកកិច្ចប្រជុំរៀបចំព្រឹត្តិការណ៍សង្ក្រាន្តសំបូរព្រៃគុកលើកទី៥

AKP កំពង់ធំ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ — ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ អាជ្ញាធរខេត្តកំពង់ធំបានរៀបចំដឹកនាំកិច្ចប្រជុំបែងចែកតួនាទី ភារកិច្ច និងការងារសង្ក្រាន្ដសំបូរព្រៃគុកលើកទី៥ ដោយមានការចូលរួមពី មន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងក្រុមយុវជនសហភាព​សហ​ព័ន្ធយុវជនកម្ពុជាខេត្ដ ដើម្បីអនុវត្ដន៍ទៅតាមការងារទទួលខុសត្រូវរៀងៗខ្លួន។ កិច្ចប្រជុំនេះ ធ្វើឡើងកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ នៅសាលាខេត្ដកំពង់ធំ។   ឯកឧត្តម សុខ លូ អភិបាលខេត្ដកំពង់ធំ បានមានប្រសាសន៍ថា ដើម្បីឱ្យខេត្តមាន​ការរីកចម្រើន និងទទួលបានជោគជ័យបន្ថែមទៀតនោះ ថ្នាក់ដឹកនាំត្រូវរួមសហការគ្នា និង​ពិភាក្សាគ្នា​នៅតាមអង្គភាពនីមួយៗដើម្បីរកដំណោះស្រាយជួយរៀបចំព្រឹត្តិការណ៍​សង្ក្រាន្ដ​សំបូរព្រៃគុកលើកទី៥នេះ ប្រព្រឹត្ដទៅបានល្អ និងរលូនជាងឆ្នាំមុន។ ឯកឧត្តមបានបញ្ជាក់ថា ការរៀបចំនៅឆ្នាំនេះ ក៏មានការដង្ហែជាក្បួនផងដែរ ក្នុងនោះមាន ក្រុមរបាំត្រុដិ ក្រុមឆៃយ៉ាំ ក្រុមទេវតា កងកម្លាំងប្រដាប់អាវុធ កាកបាទក្រហមកម្ពុជា សហភាពសហព័ន្ធយុវជន សិស្សានុសិស្ស ក្រុមប្រជាការពារ និងប្រជាពលរដ្ឋ។

ឯកឧត្តមអភិបាលខេត្ដបានបន្តថា ដើម្បីឱ្យការចង្រ្កាន្ដសំបូរព្រៃគុក ទទួលបានជោគ​ជ័យ និងភាពល្អប្រសើរ អង្គភាព និងមន្ទីរនីមួយៗ ត្រូវរៀបចំទៅតាមតួនាទី ភារកិច្ចរបស់ខ្លួន ដូចជាមន្ទីរទេសចរណ៍​ត្រូវរៀបចំធ្វើប៉ាណូ និងពាក្យស្លោកផ្សេងៗបិទនៅតាមដើមឈើ មន្ទីរ​កសិកម្ម ត្រូវបង្ហាញពីដំណាំផ្សេងៗយកមកដាក់តាំងឱ្យប្រជាពលរដ្ឋបានឃើញ។ ចំពោះ​មន្ទីរ​សាធារណការ និងដឹកជញ្ជូន ក៏ត្រូវបង្ហាញពីហេដ្ឋារចនាសម្ព័ន្ធ ឬផ្លូវមួយដែល កំពុងជួស ជុល។ ទន្ទឹមនេះ មន្ទីរឧស្សាហកម្មរ៉ែ និងថាមពលត្រូវបង្ហាញពីសមិទ្ធផលដែលសម្រេច បាន ក្នុងឆ្នាំ២០១៨ និង២០១៩ផងដែរ។ ចំណែកមន្ទីរបរិស្ថាន​ត្រូវរៀបចំកន្លែងទុកដាក់សំរាម ឱ្យមាន​សណ្ដាប់ធ្នាប់ ក្នុងរយៈពេល ៤ថ្ងៃ ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិនេះ ហើយក៏​មានការដាក់តាំងបង្ហាញនូវម្ហូបខ្មែរ សម្ភារប្រើប្រាស់ដែលជាស្នាដៃរបស់ខ្មែរថែមទៀត។

ក្រៅពីនេះ ក៏មានល្បែងប្រជាប្រិយជាច្រើនទៀតដូចជា ការប្រណាំងរទេះគោ ការឡើង សសរខ្លាញ់ បោះអង្គុញ ចោលឈូង ទាញព្រ័ត្រ និងការរាំកម្សាន្តផងដែរ។ ដោយឡែក ពេល​យប់នៅសួនច្បារសម្ដេចហ៊ុនសែនខេត្តកំពង់ធំ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ក៏បានរៀបចំការ​ប្រគំតន្ត្រី ការសម្ដែងនូវរបាំផ្សេងៗ និងបាញ់កាំជ្រួចដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋមកទស្សនា កម្សាន្ដ។

ឯកឧត្ដមអភិបាលខេត្ត ក៏បានជំរុញឱ្យលោកអភិបាលក្រុង ស្រុកទាំងអស់សូមជួយ ផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋ ក្នុងការរៀបចំផ្ទះសម្បែង និងសម្អាតតាមដងផ្លូវដោយ​មាន​ការដាក់ដងទង់ជាតិ និងភ្លើងលំអផ្សេងៗ ពិសេសសម្រាប់ក្រុងស្ទឹងសែន ត្រូវមានដាក់លម្អ​ភ្លើង និងកន្លែងកម្សាន្ត៕

ដោយ អ៊ុន រិទ្ធី(ប្រភព៖មន្ទីរព័ត៌មានខេត្ដកំពង់ធំ)