រដ្ឋមន្រ្តី​ក្រសួង​សុខា​ភិបាលកម្ពុជា​ ជំរុញឱ្យ​មន្រ្តី​សុខាភិបាលនៅ​ក្នុង​តំបន់​អាស៊ាន​រួម​គ្នាដោះស្រាយ​បញ្ហាប្រឈមឱ្យបានល្អប្រសើរ

AKP សៀមរាប ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ — ថ្លែង​បើក​កិច្ច​ប្រ​ជុំឧត្តម​មន្រ្តី​សុខាភិបាល​អា​ស៊ានលើកទី១៤ នៅ​ខេត្ត​សៀមរាប ​នា ​ព្រឹក​ថ្ងៃ​ទី០​២ ខែ​មេសា ឆ្នាំ២០១៩នេះ​ ឯក​ឧត្តម ម៉ម ប៊ុនហេង រដ្ឋ​មន្រ្តី​ក្រសួង​សុខាភិបាល​កម្ពុជា បាន​មាន​ប្រសាសន៍ថា វិស័យ​សុខាភិបាល​ គឺ​ជា​វិស័យមួយដែល​បាន​ដើរ​តួនា​ទីសំខាន់​បំផុតពាក់ព័ន្ធផ្នែក​សុខាភាព​ប្រជា​ពលរដ្ឋ​នៅ​លើក​ពិភពលោក ប៉ុន្តែ​សម្រាប់​កម្ពុជា​វិស័យ​សុខាភិបាល​ត្រូវ​បាន​បំផ្លាញទាំង​ស្រុង​នៅ​ក្នុង​របបប្រល័យ​ពូជសាសន៍ប៉ុលពត និង​ត្រូវ​បាន​រៀប​ចំស្តារ និង​អភិវឌ្ឍន៍ឡើង​វិញ ​ក្រោយ​ថ្ងៃរំដោះ​៧មករាឆ្នាំ១៩៧៩ ដែល​​ពេលនោះ​មាន​វេជ្ជបណ្ឌិតប្រមាណតែ៤០នាក់​ប៉ុណ្ណោះ​។ប៉ុន្តែ​បច្ចុប្បន្ននេះ​វិស័យ​សុខាភិបាលកម្ពុជា​បាន​រីក​ចម្រើន ដោយមាន​ការ​ផ្តល់សេវា នៅគ្រប់មូល​ដ្ឋាន​ និង​មាន​មន្រ្តី​សុខាភិបាល​រហូតដល់ទៅ​ជាង​២ម៉ឺននាក់​កំពុងបម្រើសេវា មួយនេះ​។ ប៉ុន្តែទោះ​ជា​យ៉ាង​នេះ​ក្តី​វិស័យ​សុខាភិបាល​នៅ​កម្ពុជា​ ក៏ដូចជានៅ​ក្នុង​តំបន់​នៅ​តែជួប​នូវ​បញ្ហាផ្សេងៗ ដោយ​សារ​ប្រភេទជំងឺ និង​មេរោគ​មាន​ ការ​កើតឡើង​ថ្មីៗ ហើយ​ប្រជាពលរដ្ឋមួយចំនួនជីវភាព​នៅ​មាន​កម្រិត​។
ឯក​ឧត្តម​បាន​ជំរុញ​ឱ្យ​មន្រ្តី​សុខាភិបាលមក​ពីបណ្តាប្រទេសនៅក្នុងតំបន់ ដែល​ជួប​គ្នា​នៅ​ថ្ងៃនេះ​ត្រូវពិភាក្សាគ្នារកយុទ្ធសាស្រ្ត​ដោះស្រាយ​បញ្ហាប្រឈម ដែលមាន​លើវិស័យ សុខាភិបាល​នៅក្នុង​តំបន់ និង​បន្ត​អនុវត្ត​ន៍ការងារលើវិស័យមួយនេះឱ្យកាន់តែល្អ​ប្រសើរ បន្ថែមទៀត ដូចជា​កាលើកម្ពស់បំណិនជីវិតប្រកបដោយសុខភាព​ ការពង្រឹងប្រព័ន្ធសុខា ភិបាល​ ការឆ្លើយតបបន្ទាន់ជំងឺឆ្លង សុវត្ថិភាព​ចំណីអាហារ ប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និង​អន់គុណភាព ដើម្បី​លុបបំបាត់កត្តាគ្រោះថ្នាក់ដល់សុខភាព​ប្រជា​ពលរដ្ឋ ការ​ធានានិរន្តភាព​កំណើនសេដ្ឋកិច្ច ការកាត់បន្ថយភាព​ក្រីក្រ​ និងធានាឱ្យប្រជា​ពលដ្ឋទាំង​អស់​អាច​ទទួល​បាន​សេវា​សុខភាព​ ក្នុង​តម្លៃ​សមស្រប​ ប្រកបដោយ​គុណភាព​ ប្រសិទ្ធភាព​ និងសុវត្ថិភាព​។ឯក​ឧត្តម​បាន​បញ្ជាក់ថា ក្រៅពី​ធ្វើ​ការ​ផ្តល់​សេវា​សុខភាព​ជូន​ប្រជា​ពលរដ្ឋ ​ប្រកបដោយ​គុណភាព​ ប្រសិទ្ធភាព​ សុវត្ថិភាព ហើយនោះ ការ​ជួយធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាតបាន​ទទួល​សេវាសុខាភិបាល​គ្រប់ៗគ្នា គឺជាកត្តាមួយដ៏សំខាន់ផងដែរ។ ពាក់ព័ន្ធបញ្ហានេះ កម្ពុជា​បានដាក់ចេញនូវគំនិតផ្តួចផ្តើមហិរញ្ញប្បទានសុខាភិបាល​សំខាន់ៗចំនួន២ ដើម្បី​ដោះស្រាយបន្ទុកចំណាយរបស់គ្រួសារមានជីវភាពខ្វះខាត ទៅលើបញ្ហាសុខភាពគឺ ទី១. ការ​បង្កើតឱ្យមាន​កម្មវិធីមូលនិធិសមធម៌សុខាភិបាល​ ដែលបម្រើសេវាសុខាភិបាលសាធារណៈសម្រាប់ជនក្រីក្រ ហើយបច្ចុប្បន្ននេះ បាន​ពង្រីកទៅដល់ក្រុមប្រជាជនងាយរងគ្រោះផ្សេងៗទៀតផង។ ទី២.ការបង្កើតឱ្យមានមូល និធិគំាទ្រការផ្តល់សេវាគម្រោងហិរញ្ញប្បទាន ផ្អែកលើលទ្ធផលការងារនៅទូទាំងប្រទេស ដែលជា​ការ​លើទឹកចិត្ត​ដល់អ្នកផ្តល់សេវា​សុខភាព​ ដែល​ប្រកបដោយគុណភាព​ខ្ពស់ នៅតាម​មូលដ្ឋានសុខាភិបាលសាធារណៈទូទាំង​ប្រទេសកម្ពុជា។

ឯក​ឧត្តម ម៉ម ប៊ុនហេង បាន​រំពឹងថា ការជួបប្រជុំរបស់មន្រ្តីសុខាភិបាលអាស៊ាននៅ​ក្នុង​រយៈ​៤ថ្ងៃ គឺចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩នេះ មន្រ្តី​ជំនាញ​និង​បាន​ពិភាក្សា ចែករំលែកបទពិសោធន៍ល្អៗ ដើម្បី​ដោះស្រាបញ្ហាប្រឈមដែលមាន​ និង​ជំរុញការអនុវត្ត ផែនការសកម្មភាព​ឱ្យទទួលបាន​ជោគជ័យ៕

ដោយ ឃុត សៅ