គ្រូណាហ្គាវើលអះអាងថា កូនក្រុមនឹងប្រឹងប្រែងប្រជែងយកលទ្ធផលល្អពីក្រុមសិង្ហបុរី Tampines Rovers វគ្គសន្សំពិន្ទុ ពូល F សម្រាប់ AFC Cup 2019

AKP ភ្នំពេញ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ — បន្ទាប់ពីចាញ់ក្រុមម្ចាស់ផ្ទះវៀណាម Hanoi FC ១០ទល់០ និងយកឈ្នះក្រុមមីយ៉ាន់ម៉ា Yangon United FC ២ទល់១, ក្រុមណាហ្គាវើល ត្រូវបន្តនៅប្រកួតទី៣របស់ខ្លួន ដែលជាធ្វើ ម្ចាស់ផ្ទះជួបប្រកួតជាមួយក្រុមសិង្ហបុរី Tampines Rovers នៅយប់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិ វគ្គសន្សំពិន្ទុ ក្នុងពូល F នៃព្រឹត្តិការណ៍ពាន​រង្វាន់ក្លិប​លំដាប់ ទី២ ប្រចាំទ្វីបអាស៊ី AFC Cup 2019 ដោយគ្រូបង្គោលណាហ្គាវើលរំពឹងថា កូនក្រុមរបស់ខ្លួន​នឹងខិតខំអស់ពីលទ្ធភាព ដើម្បីប្រជែងបាននូវលទ្ធផលល្អមួយពីក្រុមមកពីសិង្ហបុរី។លោក មាស ចាន់ណា គ្រូបង្គោលក្រុមណាហ្គាវើល ដែលជាក្រុមជើងឯកលីគ​កំពូល​កម្ពុជា កាលពីរដូវកាល២០១៨ បានគូសបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាន កាលពីល្ងាច ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩នេះថា វាមិនមែនការប្រកួត ដ៏ងាយស្រួលនោះឡើយ សម្រាប់​ក្រុមរបស់លោក ប៉ុន្តែទោះយ៉ាងនេះក្តី លោកអះអាងថា កូនក្រុមរបស់លោកនឹងខិតខំអស់ពី សមត្ថភាព ក្នុងឋានៈជាក្រុមម្ចាស់ផ្ទះទទួលស្វាគមន៍ក្រុមភ្ញៀវ Tampines Rovers សម្រាប់​ប្រកួតទី៣របស់ខ្លួន នាពេលនេះ។ លោកបានបន្ដថា កីឡដ្ឋានជាតិនេះ គឺជាទឹកដីនាំសំណាង ដែលក្រុមរបស់លោកធ្លាប់មានបទពិសោធន៍ជោគជាំនៅទីលានមួយនេះ។ គ្រូបង្គោលរូបនេះ​អះអាងថា ក្រុម Tampines Rovers ខ្លាំងនៅតំបន់បម្រើប្រយុទ្ធ ដោយលោកនឹងប្រើប្រាស់យុទ្ធ​សាស្រ្ត​កាត់ផ្តាច់នៅតំបន់បម្រើ ប្រយុទ្ធនេះ ដើម្បីយកឈ្នះ។

ចំណែកឯ លោក Sabdul Kadir Bin Yahaya គ្រូបង្គោលក្រុម Tampines Rovers មិនរំពឹងខ្ពស់ពេកទេ សម្រាប់យកឈ្នះលើក្រុមណាហ្គាវើល ប៉ុន្តែមិនមានអ្វីព្រួយបារម្ភឡើយ សម្រាប់ការប្រកួតនៅលើទីលានពហុកីឡដ្ឋានជាតិ ព្រោះនៅ​ទឹកដីរបស់លោកក៏ប្រើស្មៅ​សិប្ប​និម្មិតបែបនេះដែរ។ លោកបានបញ្ជាក់ថា នៅរក្សាតែការគោរពចំពោះណាហ្គាវើល ព្រោះជាក្រុមខ្លាំងមួយនៅក្នុងដីជាក់ស្ដែងពួកគេអាចឈ្នះ Yangon United ទោះ ចាញ់ Hanoi FC ច្រើនគ្រាប់នៅប្រកួតបើកឆាក៕

ដោយ ហេង ណាលីន