លោកជំទាវម៉ែន សំអន អំពាវនាវដល់មន្ដ្រីជាន់ខ្ពស់កិច្ចការនារីត្រូវបន្ដខិតខំធ្វើការងារលើកកម្ពស់សមភាពយេនឌ័រ

AKP ភ្នំពេញ ថ្ងៃទី០២ ខែមេសា ​​ឆ្នាំ២០១៩ -លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានអំពាវនាវដល់មន្ដ្រីជាន់ខ្ពស់កិច្ចការនារីត្រូវបន្ដខិតខំធ្វើការងារលើកកម្ពស់សមភាពយេនឌ័រ ដើម្បីសេចក្តីថ្លៃថ្នូរ សុខុមាលភាពរបស់ស្រ្តី ក្មេងស្រី និងគ្រួសារខ្មែរ ។ លោកជំទាវបានអំពាវនាវបែបនេះ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់ក្រសួងកិច្ចការនារី កាលពីថ្ងៃអង្គារ ១៣រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ នៅសណ្ឋាគារភ្នំពេញ ។

លោកជំទាវ កិត្ដិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍ថា ដោយសារប្រទេសជាតិ មានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ និងការអនុវត្តគោលនយោបាយឈ្នះ-ឈ្នះ ប្រទេសកម្ពុជាបានចាកចេញពីប្រទេសក្រីក្របំផុត ហើយក្លាយជាប្រទេសដែលមានចំណូល មធ្យមកម្រិតទាប តាំងពីឆ្នាំ២០១៥ និងកំពុងឆ្ពោះទៅប្រទេសដែលមានចំណូលមធ្យម កម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងត្រៀមខ្ឡួនឈានទៅជាប្រទេស ដែលមានចំណូលខ្ពស់ឆ្នាំ២០៥០។ តាមរយៈការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដើម្បីកំណើនការ ងារ សមធម៌ និងប្រសិទ្ធភាព កម្ពុជាកំពុងដើរលើមាគ៌ាមួយឆ្ពោះទៅសម្រេចចក្ខុវិស័យ កម្ពុជាឆ្នាំ២០៥០ ផ្តោតលើការជំរុញការងារ កែទម្រង់អភិបាលកិច្ច និងចាត់ទុកការអភិវឌ្ឍធនធានមនុស្សជាអាទិភាព ការពង្រឹងសមភាពយេនឌ័រ  និងការគាំពារសង្គមជាធាតុដ៏សំខាន់។

លោកជំទាវ បានបន្ដថា រាជរដ្ឋាភិបាលក៏បង្កើតលិខិតបទដ្ឋានគោលនយោបាយ និងផែនការ សកម្មភាពជាតិ ដើម្បីឆ្លើយតបនឹងអំពើហិង្សាគ្រប់រូបភាពលើស្ត្រី និងក្មេងស្រី  និងការលើកកម្ពស់គុណភាព នៃការផ្តល់សេវាជាពហុវិស័យនៅតាមបណ្តាខេត្ដនានា តាមរយៈក្រុមការងារអន្តរក្រសួង ស្ថាប័ន ដោយមានកិច្ចសហការជាមួយអង្គការមិនមែនរដ្ឋាភិបាល ដើម្បីជួយជនរងគ្រោះឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ កន្លងមកថ្មីៗនេះ ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបង្កើតក្រុមមេធាវីសម្តេចតេជោ  ដើម្បីបំពេញបន្ថែមការងារផ្លូវច្បាប់ ក្នុងគោលបំណងជួយស្ត្រី និងក្មេងស្រីក្រីក្រ ដែលងាយរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ឱ្យទទួលបាននូវយុត្តិធម៌ បានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ។

លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ដ្រីក្រសួងកិច្ចការនារីបានមានប្រសាសន៍ថា នៅឆ្នាំ២០១៩ ក្រសួងកិច្ចការនារី បានខិតខំពង្រឹងប្រសិទ្ធភាពការងារ លើកកម្ពស់សមភាពយេនឌ័រ ដើម្បីសេចក្តីថ្លៃថ្នូរ សុខុមាលភាពរបស់ស្រ្តី ក្មេងស្រី និងគ្រួសារខ្មែរ ហើយស្របពេលជាឆ្នាំទី១របស់រាជរដ្ឋាភិបាល និតិកាលទី៦ នៃរដ្ឋសភាព នៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធភាព ក្នុងការកសាងមូលដ្ឋាន ឆ្ពោះទៅសម្រេចចក្ខុវិស័យ កម្ពុជាឆ្នាំ២០៥០។ រាជរដ្ឋាភិបាលបានចាត់ទុកការអភិវឌ្ឍធនធានមនុស្ស ជាអាទិភាពទី១ ដោយសំដៅលើការលើកកម្ពស់ចំណេះដឹង ជំនាញ វិជ្ជាជីវៈ សមត្ថភាព សហគ្រិនភាព ការច្នៃប្រឌិត នវានុវត្ត គុណធម៌ សីលធម៌ មនសិការស្នេហាជាតិ និងស្មារតីទទួលខុសត្រូវ សុខភាពល្អ កាយសម្បទារឹងមាំ តួនាទីស្រ្តី និងកិច្ចគាំពារសង្គម។

លោកជំទាវរដ្ឋមន្ត្រី បានបន្តថា សម្រាប់ឆ្នាំនេះ ក្រសួងនឹងខិតខំក្នុងការពង្រីកមុខងារ និងតួនាទីរបស់ក្រសួង និងមន្ទីរ ចូលរួមអនុវត្តន៍ក្របខ័ណ្ឌគោលនយោបាយជាតិ គាំពារសង្គមឆ្នាំ២០១៦-២០២៥ ជាពិសេសក្នុងការពង្រឹងសមភាពយេនឌ័រក្នុងក្របខ័ណ្ឌ ដើម្បីឈានទៅអភិវឌ្ឍន៍ធនធានមនុស្ស។ ពិនិត្យលើលទ្ធភាព និងវិធីសាស្រ្តការងារ ក្នុងការលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ។ បន្តលើកកម្ពស់ការចូលរួមរបស់ស្រ្តី និងក្មេងស្រី ក្នុងវិស័យអប់រំ និងជំនាញ ពង្រឹងពង្រីកភាពជាដៃគូ និងកិច្ចសហការជាមួយដៃគូពាក់ព័ន្ធ លើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារស្រ្តី និងអភិវឌ្ឍន៍សហគ្រិនភាពស្រ្តី ជាពិសេស បង្កើនការចូលរួមរបស់ស្រ្តីក្នុងភាពជាអ្នកដឹកនាំ ក៏ដូចជាបញ្ជ្រាបយេនឌ័រទៅក្នុងគោលនយោបាយ ផែន ការគ្រប់វិស័យនៅគ្រប់កម្រិត។ បង្កន ការយល់ដឹងនិងបញ្ជ្រាបយេនឌ័រទៅក្នុងការប្រែប្រួលអាកាសធាតុនិងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ សហគមន៍អាស៊ាន និងជាសាកល ក្នុងការលើកកម្ពស់ និងកិច្ចការពារស្រ្តី និងកុមារ ៕

ដោយសួស សំរិត