ឯកឧត្តម យន្ត មីន ចូលរួមកិច្ចប្រជុំបូកសរុបការងាររបស់តំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុឆ្នាំ២០១៨ និងលើកទិសដៅបន្តឆ្នាំ២០១៩

AKP ព្រះសីហនុ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ -រសៀលថ្ងៃចន្ទ ១២រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបការងារយោធាឆ្នាំ២០១៨ និងលើកទិសដៅបន្តឆ្នាំ២០១៩ នៅតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ ។

ឯកឧត្តម យន្ត មីន បានកោតសរសើរថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធដែលបានខិតខំបំពេញការងារតាមតួរនាទី ភារកិច្ចបានល្អ ។ ជាមួយគ្នានេះត្រូវបន្តហ្វឹកហ្វឺនយុទ្ធវិធី      បច្ចេកទេសយោធា ដើម្បីបង្កើនសមត្ថភាព និងពង្រឹងកម្លាំងការពារជាតិមាតុភូមិ ក៏ដូចជាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ បង្កើនស្មារតីប្រុងប្រយ័ត្ន ពង្រឹងវិន័យការងារ ប្រកាន់ភ្ជាប់នូវសាមគ្គីភាពផ្ទៃក្នុង និងផ្តល់កិច្ចសហប្រតិបត្តិការជាមួយបណ្តាមន្ទីរ អង្គភាពផ្សេងៗ ដើម្បីចូលរួមការរងារសន្តិសុខសង្គម ក៏ដូចជាការងារអភិវឌ្ឍណ៍អង្គភាព និងការចូលរួមអភិវឌ្ឍន៍ខេត្តផងដែរ ។

ឯកឧត្តមអភិបាលខេត្តបានបន្តថា ដោយសារប្រទេសជាតិមានស្ថិរភាពនយោបាយ សន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិ មកសម្រាកកម្សាន្ត និងប្រកបអាជីវកម្មនៅកម្ពុជា ។ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល បើកចំហជើងមេឃ ទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងអ្នកវិនិយោគិន ទាំងក្នុងស្រុក និងក្រៅប្រទេស មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ។ ក្នុងនោះរាជរដ្ឋាភិបាលបានចាត់ទុកខេត្តព្រះសីហនុ ជាគោលដៅចម្បង និងជាប៉ូលសេដ្ឋកិច្ចមួយដ៏សំខាន់ ក្នុងចំណោមប៉ូលសេដ្ឋកិច្ចទាំង៣ និងបានប្រកាសប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងតែមួយគត់ សម្រាប់ប្រទេសកម្ពុជា ។ ស្របតាមគោលដៅយុទ្ធសាស្ត្ររបស់រដ្ឋបាលខេត្ត ជំរុញការអភិវឌ្ឍតាមលទ្ធភាពដូចជា ហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត រួមមាន៖ ទឹក ភ្លើង ផ្លូវក្រវាត់ក្នុងក្រុង ការពង្រីកកំពង់ផែសមុទ្រ ព្រលានយន្តហោះអន្តរជាតិ ផ្លូវដែកជាដើម ការអភិវឌ្ឍសេវា សម្បទាទេសចរណ៍ដូចជា សណ្ឋាគារ លំដាប់ផ្កាយ សណ្ឋាគារបែបវប្បធម៌ធម្មជាតិ និងអគារស្នាក់នៅ (ខុនដូរ) ទទួលបាននូវកំណើនភ្ញៀវទេសចរ មកសម្រាកកម្សាន្ត ៕

ដោយ ងូ សុមុនី