រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីជូនដំណឹងស្ដីពីការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុង ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

AKP ភ្នំពេញ ​ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ -ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងខុមនេះ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទីចន្ទ ១២រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ បានចេញសេចក្តី ជូនដំណឹងពីការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងរាជធានីភ្នំពេញ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ។

នៅក្នុងសេចក្តីជូនដំណឹងដែលចុះហត្ថលេខាដោយ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះរដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់សាធារណជន ឱ្យបានជ្រាបថា ដើម្បីរក្សាបាននូវសន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងរាជធានីភ្នំពេញក៏ដូចជារក្សាបាននូវប្រពៃណីជាតិ និងសេចក្កី ថ្លៃថ្នូរដ៏ផូរផង់របស់ជាតិយើង រដ្ឋបាលរាជធានីភ្នំពេញសូមអំពាវនាវដល់បងប្អូនប្រជាពល រដ្ឋ ជាពិសេសយុវជន យុវនារី សិស្ស និងនិស្សិតកម្មករ កម្មការិនី ទាំងអស់ ត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងមិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ ចូលរួមទប់ស្កាត់គ្រោះអគ្គិភ័យ ឱ្យប្រុងប្រយ័ត្ន និងម្ចាស់ការខ្ពស់ ចំពោះភ្លើងទៀនធូបភ្លើងចង្រ្កាន ចរន្តអគ្គិសនី ដើម្បីរក្សាបានទ្រព្យសម្បត្តិអាយុជីវិតផ្ទាល់ខ្លួន និងអ្នកដទៃ ។ ចូលរួមលេងល្បែងប្រជាប្រិយគ្រប់ប្រភេទ និងចៀសវាងដាច់ខាត ការលេងបាញ់ទឹក ជះទឹកគប់ស្បោងទឹកលាបធ្យូងប៉ាតម្សៅ ទាញដោយដៃ ឬវាយដោយរំពាត់ដល់អ្នកដំណើរ ឬជិះម៉ូតូ បង្ហោះប្រដេញគ្នាលេងនៅ តាមផ្លូវដែលអាចនាំឱ្យមានគ្រោះថ្នាក់ជាយថាហេតុ ប៉ះពាល់ដល់អាយុជីវិតផ្ទាល់ខ្លួន និងអ្នកដំណើរព្រមទាំងហាមដាច់ខាត ការលេងល្បែងស៊ីសងគ្រប់ប្រភេទ និងគ្រឿងផ្ទុះគ្រប់ប្រភេទ ដោយរក្សានូវភាពថ្លៃថ្នូរសក្តិសម ជាកុលបុត្រកុលធីតាខ្មែរ។

ក្នុងសេចក្ដីជូនដំណឹងនោះ អភិបាលរាជធានីភល្នំពេញ ក៏បានស្នើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវ សហការអនុវត្តន៍ និងផ្សព្វផ្សាយ ឱ្យមានប្រសិទ្ធភាពព្រមទាំងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកប្រព្រឹត្តអំពើមិនគប្បីខាងលើ ដែលបង្កឱ្យប៉ះពាល់ដល់ប្រពៃណីសេចក្តី ថ្លៃថ្នូររបស់ជាតិ ក៏ដូចជាប៉ះពាល់ដល់សន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងរាជធានីភ្នំពេញផងដែរ៕

ដោយសួស សំរិត