លោកឧត្តមសេនីយ៍ទោ ខូវ លី អញ្ជើញជួបសំណេះសំណាលជាមួយកងកម្លាំងនគរបាល ស្រុករលាប្អៀរ

AKP កំពង់ឆ្នាំង ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ -នៅអធិការរដ្ឋាននគរបាលស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ​មានរៀបចំពិធីជួបសំណេះ សំណាលជាមួយកងកម្លាំងនគរបាល ក្រោមអធិបតីភាព​លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កាលពីថ្ងៃចន្ទ ១២រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ ។

ក្នុងពិធីជួបសំណេះសំណាលលោក ឧត្តមសេនីយ៍ទោ ខូវ លី បានធ្វើការក្រើនរម្លឹកដល់កម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ត្រូវបង្កើនការយកចិត្តទុកដាក់ ពង្រឹងលើការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដោយផ្តោតសំខាន់ទៅលើបញ្ហាការធ្វើចរាចរណ៍គ្រឿងញៀនឆ្លងកាត់ខេត្ត ត្រូវតែទប់ស្កាត់និងបង្រ្កាបឱ្យខាងតែបាន ហើយមន្ត្រីសមត្ថកិច្ចត្រូវដកខ្លួនចេញឱ្យឆ្ងាយពីការពាក់ព័ន្ធបញ្ហាគ្រឿងញៀននេះ។ រីឯបញ្ហាគ្រោះថ្នាក់ចរាចរណ៍ សូមឱ្យកម្លាំងសមត្ថកិច្ចជំនាញត្រូវធ្វើការពង្រឹង ការអនុវត្តច្បាប់នេះឱ្យបានរឹងមាំ ដើម្បីឈានឆ្ពោះទៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្ត។

លោកស្នងការមានប្រសាសន៍ទៀតថា នៅចំពោះមុខកងកម្លាំងទាំងអស់ត្រូវត្រៀមឱ្យបាននូវគ្រប់លក្ខណៈក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋ ដោយរដូវនេះជារដូវប្រាំង មានកម្ដៅ ក្តៅហួតហែង និងអាចជួបនូវអគ្គិភ័យកើតឡើង ។ដូច្នេះត្រូវត្រៀមគ្រប់លក្ខណៈ ដើមី្បងាយស្រួលក្នុងការចុះជួយអន្តរាគមន៍ទាល់ពេលវេលា ព្រោះយោងតាមការជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម បានឱ្យដឹងថា នៅរយៈពេលពីរ បីខែខាងមុខនេះ នៅតាមតំបន់មួយចំនួននឹងជួបនូវបញ្ហាខ្វះទឹកប្រើប្រាស់។ ដូចនេះចំពោះមធ្យោបាយសម្ភារ ដែលកងកម្លាំងមានស្រាប់ ត្រូវធ្វើការត្រួតពិនិត្យឱ្យបានជាប្រចាំ ងាយស្រួលចុះជួយដល់ប្រជាពលរដ្ឋផងដែរ។

លោកស្នងការ ក៏បានកោតសរសើរដល់កងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាល ខេត្ត អធិការរដ្ឋាននគរបាលស្រុកទាំងអស់ ដែលបានបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនធ្វើឱ្យបទល្មើសមានការថយចុះបើប្រៀបធៀបទៅឆ្នាំកន្លងមក ។ លោកឧត្តមសេនីយ៍ទោ ក៏បានជំរុញឱ្យមន្ត្រីនគរបាលគ្រប់លំដាប់ថ្នាក់ត្រូវបន្តអនុវត្តន៍នូវតួនាទីរបស់ខ្លួន ក្នុងការការពារថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋ ដោយអនុវត្តន៍ច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈប្រកបដោយសេចក្តីថ្លៃថ្នូរ ដើម្បីឱ្យប្រជាពលរដ្ឋមានការជឿជាក់ គ្មានការភ័យខ្លាចអំពីភាពអសន្តិសុខ។ ជាមួយគ្នានេះដែរ មន្តី្រនគរបាលត្រូវបន្តធ្វើការផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ឱ្យបានខ្លាំងក្លាបន្ថែមទៀតដល់ប្រជាពលរដ្ឋ និងធ្វើការបង្ការទប់ស្កាត់បង្ក្រាបបទល្មើសគ្រប់ប្រភេទមិនឱ្យកើតមាន ការរីករាលដាលនៃគ្រឿងញៀន និងការពារសុវត្ថិភាពសន្តិសុខជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកកម្សាន្តតាមរមណីយដ្ឋាននានានៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ ស្របតាមការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដែលយើងទាំងអស់គ្នាកំពុងតែអនុវត្តន៍៕

ដោយ បៃ ស៊ីថុន