អាជ្ញាធរខេត្ដសៀមរាប រៀបចំពិធីក្រុងពលី ដើម្បីបួងសួងសុំសេចក្តីសុខ សម្រាប់ព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តឆ្នាំថ្មី២០១៩

AKP សៀមរាប ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ — អាជ្ញាធរខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងអាជ្ញាធរជាតិអប្សរា ប្រារព្ធពិធីក្រុងពលី តាមបែបព្រហ្មញ្ញសាសនា ដើម្បីបួងសួង សុំសេចក្តីសុខសម្រាប់បើកការរៀបចំទីតាំងព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តឆ្នាំថ្មី២០១៩។ ពិធីនេះធ្វើឡើងនៅជាប់បរិវេណព្រះអង្គចេកព្រះអង្គចម ស្ថិតនៅសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្ដសៀមរាប កាលពីព្រឹកថ្ងៃទី០១ មេសាឆ្នាំ២០១៩នេះ។ លោក ឃឹម ហ្វីណង់ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានឱ្យដឹងថា បន្ទាប់ពីមានការប្រារព្ធពិធីក្រុងពលីនេះទៅ ក្រុមការងារព្រឹត្តិការណ៍ សៀមរាបសង្ក្រាន្ត នឹងចាប់ផ្តើមរៀបចំសកម្មភាពផ្សេងៗ ដោយបានធ្វើការដកស្រង់ ទៅតាមលំអាននៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលមានក្រុមយុវជន នឹងត្រូវបានចូលរួម ហ្វឹកហាត់សិល្បៈ ហាត់សមលេងល្បែងប្រជាប្រិយ ដើម្បីត្រៀមខ្លួនចូលរួមក្នុងព្រឹត្តិការណ៍ សៀមរាបសង្ក្រាន្តឆ្នាំថ្មីខាងមុខនេះ ហើយព្រឹត្តិការណ៍សៀមរាបសង្រ្កាន្តឆ្នាំថ្មីនេះ គឺមានកម្មវិធីសំខាន់ៗ ដូចជា ភូមិអាហារនៃក្តីស្រឡាញ់ដែលបាននាំយកអាហារ និងបង្អែមប្រចាំនៅតំបន់សៀមរាបជាច្រើនប្រភេទមកបង្ហាញ និងឱ្យអ្នកចូលរួមបានស្គាល់ និងភ្លក់រស់ជាតិនៃអាហារខ្មែររបស់យើង, កម្មវិធីភូមិខ្ញុំ , តោះតោះលេងទឹក , មានដាក់តាំង បង្ហាញជ្រូកយក្ស, ការតាំងបង្ហាញនូវការត្បាញក្រមា និងផលិតផលស្នាដៃស្ត្រីខ្មែរ ដែលកើតចេញកម្លាំងប្រាជ្ញារបស់បងប្អូនស្ត្រីខ្មែរ និង មានកម្មវិធីសប្បាយៗជាច្រើនទៀត។

លោក ឃឹម ហ្វីណង់ បានឱ្យដឹងទៀតថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលបានធ្វើនៅលើ ទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប មានលក្ខណៈថ្នាក់ជាតិ ក្នុងរយៈពេល៦ឆ្នាំកន្លងទៅ បានកត់សម្គាល់ឃើញថា អង្គរសង្ក្រាន្ត មានភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ចូលរួមក្នុងរយៈ ពេល៣ថ្ងៃ មានការកើនឡើងហួសពីការព្យាករណ៍ទុក ហើយក៏ជាកត្តាបង្ហាញអំពី ជោគជ័យនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តផងដែរ ហើយព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តនេះ អាចវាយតម្លៃថា នឹងទទួលបានជោគជ័យ ជាពិសេសផ្តល់ឱកាសឱ្យយុវជន សាធារណជន ខ្មែរទូទៅបានចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិនៅខេត្តសៀបរាប ជាលក្ខណៈមហាគ្រួសារខ្មែរតែមួយ ជ្រកក្រោមដំបូលសន្តិភាពតែមួយ ក្រោមស្មារតីសុខដុម សប្បាយរីករាយ និងបានសិក្សាឈ្វេងយល់នូវភាពរុងរឿង នាសម័យមហានគរ និងការដឹក នាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។  ជាមួយគ្នានោះ ការបង្កើតព្រឹត្ដិការណ៍ដ៏ធំនៅសៀមរាបនេះ ជាការចូលរួម បន្តថែរក្សា មរតកវប្បធម៌ជាតិខ្មែរ ឱ្យបានគង់វង្សតទៅអនាគត៕

ដោយ ឃុត សៅ