កីឡាករ-កីឡាការិនីជាង៦០០នាក់លើ៤ប្រភេទកីឡាចូលរួមប្រជែងជើងឯក ពានរង្វាន់ វេសឡាញន៍ ២០១៩

AKP ភ្នំពេញ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ — កីឡាករ-កីឡាការិនីចំនួន៦១១នាក់លើ៤ប្រភេទកីឡា ដែលជាសិស្សានុសិស្សមកពី១០ សាខានៃវេសឡាញន៍ អេឌ្យូខេសិនគ្រុបបានចូលរួមប្រជែងម្ចាស់ជើងឯក ពានរង្វាន់វេស ឡាញន៍ ប្រចាំឆ្នាំ២០១៩ ដែលបានប្រកាសបើកការប្រកួតជាផ្លូវការ កាលពីល្ងាចថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ នៅកីឡដ្ឋាន AIA រាជធានីភ្នំពេញ។លោក តែ ឡាយ ប្រធាននាយកដ្ឋានអប់រំ នៃវេសឡាញន៍ អេឌ្យូខេសិនគ្រុបបានបញ្ជាក់ថា កីឡាកររបស់ ក្លិបបាល់ទាត់ទាំង១០សាខា នៃសាលារៀនវេស្ទឡាញន៍ និងសាលារៀន ណត្សឡាញន៍ ដែលត្រូវចូលរូមប្រកួត ប្រចាំឆ្នាំនេះមានអាយុចន្លោះពី១១ឆ្នាំ ដល់១៩ឆ្នាំ ដែល ត្រូវប្រកួតប្រជែងជើងឯកលើ៤ប្រភេទកីឡា គឺបាល់ទាត់ វាយកូនឃ្លីលើតុ តេក្វាន់ដូ និងកីឡា ហែលទឹក។ លោកបន្ថែមថា ក្រៅពីការផ្តោតសំខាន់លើវិស័យអប់រំប្រកប ដោយគុណភាព នោះ ការរៀបចំព្រឹត្តិការណ៍កីឡានេះត្រូវបានយកចិត្តទុកដាក់ដូចគ្នាផងដែរ ដើម្បីជួយពង្រឹង កាយសម្បទាឱ្យបានរឹងមាំ ស្វាហាប់ ទាំងរាងកាយ បញ្ញា ស្មារតី និងមានសុខភាពល្អ ដែល ការខិតខំបំផុសស្មារតី និងបណ្តុះធនធានកីឡាករកីឡាការិនីឱ្យចូលរួមលេងកីឡានេះ គឺជា ការរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីឱ្យជាតិផលិតបាននូវធនធានអត្តពលិកប្រកប ដោយ​គុណភាព នាថ្ងៃអនាគត។

លោក គង់ សំនៀង ប្រធាននាយកប្រតិបត្តិការ នៃវេស្ទឡាញន៍ អេឌ្យូខេសិនគ្រុប បាន ឱ្យ​ដឹងដែរថា លោកពិតជារីករាយដែលមើលឃើញពីការចូលរួមរបស់សិស្សានុសិស្សរបស់ខ្លួ​ន​បានស្ម័គ្រចិត្តចូលរួមក្នុងសកម្មភាពកីឡាយ៉ាងសកម្មជារៀងរាល់ឆ្នាំ ដែលនេះជាការខិតខំ របស់ថ្នាក់ដឹកនាំ និងកីឡាករ កីឡាការិនីនានា។ លោកជឿជាក់ថា កីឡាករកីឡាការិនីទាំង អស់ពិតជាយល់ច្បាស់ពីលក្ខន្តិកៈនៃការប្រកួត ដោយគប្បីត្រូវរក្សាឱ្យបាននូវកិត្តិយស សេចក្តី ថ្លៃថ្នូរ ប្រកាន់ខ្ជាប់នូវសាមគ្គីភាព និងមិនបង្កបញ្ហា ទាំងក្នុងពេលប្រកួត និងក្រោពេល ប្រកួត ដោយកីឡានាំមកនូវសុខភាព សាមគ្គីភាព សេចក្តីថ្លៃថ្នូរ អារម្មណ៍ស្រស់ថ្លា និងគេច ផុតពី គ្រឿងញៀន៕

ដោយ ហេង ណាលីន