ម្ចាស់ផ្ទះ អគ្គិសនីកម្ពុជា យកឈ្នះ បឹងកេត ១-០សប្តាហ៍ទី២ លីគកំពូលកម្ពុជា រដូវកាល ២០១៩

AKP ភ្នំពេញ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ — ក្រុមម្ចាស់ផ្ទះ អគ្គិសនីកម្ពុជា ដែលប្រើប្រាស់យុវជនខ្មែរសុទ្ធនោះរកបាន៣ពិន្ទុពីក្រុមខ្លាំង បឹងកេត ដែលប្រើប្រាស់កីឡាករបរទេសខ្លាំងៗជាមួយយុវជនខ្មែរ ដោយបានយកឈ្នះ​ដោយ​លទ្ធផល ១ទល់០ នៅក្នុងការប្រកួតសន្សំពិន្ទុ សប្តាហ៍ទី២ កាលពីល្ងាចថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០១៩ នៅកីឡដ្ឋានអគ្គិសនីកម្ពុជា សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ នៃក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល ២០១៩។១គ្រាប់ជ័យជម្នះរបស់អគ្គិសនី កម្ពុជា ដែលធ្វើសម្រេចលើក្រុមបឹងកេតនោះរកបានដោយកីឡាករ សៀន សុភក្ត្រា នៅនាទី៨៩ ដែលធ្វើឱ្យក្រុមម្ចាស់ផ្ទះមួយនេះស្វែងរកបាន៣ពិន្ទុដំបូងរបស់ខ្លួនពីក្រុមខ្លាំង បឹង កេត។ ក្រុមអគ្គិសនីកម្ពុជាបាត់បង់សមាជិកម្នាក់ នៅនាទី៧៥ គឺកីឡាករ ប៊ិន ឧត្តម ក្រោយ ទទួល​ពិន័យកាតក្រហមពីអាជ្ញាកណ្តាល។ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ក្នុងពេលហ្វឹកហាត់៣ថ្ងៃមុនពេលប្រកួត នេះ លោក ប្រាក់ វុទ្ធី គ្រូបង្គោលក្លឹបបាល់ទាត់អគ្គិសនីកម្ពុជាបានបញ្ជាក់ថា ក្រុមរបស់លោក សុំត្រឹមតែស្មើទេ ជាមួយបឹងកេត ដោយសារក្រុមនេះមានកីឡាករខ្លាំងៗ ជាពិសេសកីឡាករ បរទេសតែម្តង ដែលធ្វើឱ្យក្រុមរបស់ លោកពិបាកក្នុងការ ស្វែងរកជ័យជម្នះ។ ប៉ុន្តែនៅក្នុង ជំនួបសប្តាហ៍ទី២នេះ កូនក្រុមរបស់លោកធ្វើបានយ៉ាងល្អ ដោយខិតខំទប់យក ស្មើ០ទល់០ រហូតដល់នាទី៨៩ ដែលជិតបញ្ចប់ការប្រកួតនោះ កីឡាករ សៀន សុភក្ត្រា របស់អគ្គិសនី កម្ពុជា មានឱកាសល្អនិងធ្វើសម្រេចបាន១គ្រាប់តែម្តង។
ដោយឡែកចំពោះលទ្ធផល៦ប្រកួតផ្សេងទៀត ដែលទទួលបានជាផ្លូវការពីគណៈកម្មការ បាល់ទាត់ជាតិកម្ពុជា CNCC នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានឱ្យដឹងថា ក្រុមម្ចាស់ផ្ទះ​ចំណូលថ្មី ខេត្តកំពង់ចាមត្រូវក្រុម អង្គរថាយហ្គឺរ បំបាក់យ៉ាងចាស់ដៃ ដោយលទ្ធផល ១១ទល់០ ខណៈយុវជនបាទីU18 ចាញ់ភ្នំពេញក្រោន ០ទល់ ២ ហើយសូលទីឡូអង្គរ ចាញ់ ព្រះខ័នរាជស្វាយរៀង ០ទល់១។ សម្រាប់៣ប្រកួតកាលពីល្ងាចថ្ងៃសៅរ៍ គឺក្រុម អគ្គស្នងការ ដ្ឋាននគរបាលជាតិរកបាន៣ពិន្ទុពីក្រុមអាស៊ីអឺរ៉ុប ដោយលទ្ធផល ៣ទល់២ ស្របពេលដែល វិសាខា យកឈ្នះក្រុមចំណូលថ្មី គិរីវង់សុខសែនជ័យ ២ទល់០ ខណៈក្រុមការពារម្ចាស់ តំណែងជើងឯក រដូវកាល២០១៨ ប្រកួតចាញ់ក្រុមក្រសួងការពារជាតិ ដោយលទ្ធផល ២ទល់៤៕

ដោយ ហេង ណាលីន