ប្រជាពលរដ្ឋសាទរចំពោះអាជ្ញាធរជាតិអប្សរា ដែលបានជួសជុលផ្លូវលើខ្នងបារាយណ៍ខាងលិច

AKP សៀមរាប ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ — ប្រជាពលរដ្ឋដែលរស់នៅ និងប្រកបអាជីវកម្មនៅជុំវិញតំបន់បារាយណ៍ និងលើខ្នងបា រាយណ៍ខាងលិច រួមទាំងភ្ញៀវទេសចរផងបានរីករាយ និងសាទរចំពោះអាជ្ញាធរជាតិអប្សរា ដែលបានជួសជុលផ្លូវលើខ្នងបារាយណ៍ខាងលិច ដែលជាតំបន់ទេសចរណ៍ដ៏ល្បីមួយនៅ ក្នុងតំបន់រមណីយដ្ឋានអង្គរនៃខេត្តសៀមរាប ហើយជាពិសេសនោះ គឺកៀកនឹងចូលឆ្នាំ ប្រពៃ ណីខ្មែរផងដែលផ្លូវនេះ ជួយសម្រួលដល់អ្នកទេសចរជាតិនិងអន្តរជាតិយ៉ាងពេញនិយម។ លោក មាន់ ផានិត មន្រ្តីបច្ចេកទេសនាយកដ្ឋានគ្រប់គ្រងទឹក និងទទួលបន្ទុកការងារ នៅបារាយណ៍ខាងលិច នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅថ្ងៃចន្ទ ១២រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ នេះថា កន្លងមកផ្លូវតាម ខ្នងទំនប់បា រាយណ៍នេះ បានរងការខូចខាត មានជង្ហុកធំៗ ហើយនៅពេលមាន ភ្លៀងតែងមានទឹកហូរច្រោះ ដែលធ្វើឱ្យខ្នងទំនប់រងការខូចខាតជាដំណំ ដែលការធ្វើដំណើរ តាមផ្លូវខ្នងទំនប់នេះមានភាពលំបាក ហើយប្រជាពលរដ្ឋអាចឆ្លងកាត់បាន ត្រឹមតែកង់និងម៉ូតូតែប៉ុណ្ណោះ។

លោក មាន់ ផានិត បានឱ្យដឹងទៀតថា ក្នុងគោលបំណងស្តារឡើងវិញហេដ្ឋារចនា សម្ព័ន្ធបុរាណនិងសម្រួលការធ្វើដំណើរទូទៅដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ អាជ្ញាធរជាតិអប្សរា បានសម្រេចចជួសជុលផ្លូវលើខ្នងបារាយណ៍នេះ ជាផ្លូវដីក្រហម ដែលមានប្រវែងសរុបជិត៣ពាន់ម៉ែត្រ។ លោក ផានិត ក៏បានរម្លឹកឱ្យដឹងផងដែរថា ការជួសជុលផ្លូវលើខ្នងទំនប់នេះនាពេលកន្លងមក គេស្តារបានចំនួន១០គីឡូម៉ែត្រហើយ ហើយអាជ្ញាធរជាតិអប្សរាមានគម្រោងនឹងបន្ដជួសជុលប្រវែង១០គីឡូម៉ែត្រទៀត ដែលនៅសេសសល់ចំពោះផ្លូវនៅលើខ្នងបារាយណ៍នេះទាំងមូល។

ជួបជាមួយលោក ឆាយ ផាត ជាប្រជាពលរដ្ឋដែលកំពុងជិះម៉ូតូឆ្លងកាត់ផ្លូវដី ក្រហមថ្មី នេះជាមួយនឹងភរិយារបស់ខ្លួន លោបានបង្ហាញការចាប់អារម្មណ៍ថា ការធ្វើដំណើរតាមផ្លូវខ្នង ទំនប់ពេលនេះមានភាពងាយស្រួល ព្រោះកន្លងមកនៅរដូវប្រាំងមានជង្ហុកធំៗ រីឯរដូវភ្លៀង រអិលខ្លាំង ពិបាកធ្វើដំណើរណាស់។ លោក ផាត ក៏បានអរគុណដល់អាជ្ញាធរជាតិអប្សរា ដែលបានធ្វើផ្លូវថ្មីនេះ គឺបានសម្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ នៅតំបន់នេះបានច្រើន៕

ដោយ ហង្ស សៀក