បងប្អូនពលរដ្ឋសាសនិកអ៊ិស្លាមរងគ្រោះដោយភ្លើងឆេះផ្ទះ ១០គ្រួសារបានទទួលអំណោយ មនុស្សធម៌ពីតំណាងរាស្ត្រមណ្ឌលភ្នំពេញ និងពោធិ៍សាត់

AKP កំពង់ចាម ថ្ងៃទី០១ ខែមេសា ​ឆ្នាំ២០១៩ — បន្ទាប់ពីទទួលបានដំណឹងដ៏គួរឱ្យសោកស្តាយពីករណីអគ្គិភ័យ បានលេបត្របាក់ផ្ទះរបស់បងប្អូនខ្មែរអ៊ិស្លាម ចំនួន០៣ គ្រួសារទៀត នៅភូមិព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កាលពីរសៀលថ្ងៃសុក្រកន្លងទៅថ្មីៗនេះ លោកជំទាវ ម៉ាន ណាវី តំណាងរាស្ត្រមណ្ឌលភ្នំពេញ រួមជាមួយ ឯកឧត្តម រ៉ហ្វី អូស្មាន តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងជាតំណាង ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ព្រមទាំងថ្នាក់ដឹកនាំផ្សេងទៀត និង សមាជិក សមាជិកា សមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា បានអញ្ជើញសាកសួរសុខទុក្ខ ដោយនាំយកអំណោយ មនុស្សធម៌មួយចំនួនទៅចែកជូនបងប្អូនរងគ្រោះផងដែរ។

ពិធីនេះបានធ្វើឡើងនៅថ្ងៃសៅរ៍ ១០រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅកំពង់ចាម ដោយក្នុងនោះដែរក៏មានបងប្អូនសាសនិកអ៊ិស្លាមរងគ្រោះដោយ សារភ្លើងឆេះផ្ទះដូចគ្នា ចំនួន ៧គ្រួសារផ្សេងទៀត មកទទួលអំណោយផងដែរ ក្នុងនោះ ៤គ្រួសារ មកពី ភូមិមៃប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី, ១ គ្រួសារ មកពីខេត្តស្ទឹងត្រែង និង ២គ្រួសារ មកពីភូមិស្ពឺ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ 

អំណោយទាំងនេះបានមកពី ១-​ មូលនិធិក្រុមហ៊ុនយូណេះទេសចរណ៍ ដែលក្នុងនោះរួមមាន អង្ករ​ ៥០គីឡូក្រាម​ ប្រេងឆា ១០លីត្រ ត្រីខកំប៉ុង​ ១កេស ស្ករស ១០គីទ្បូក្រាម មី ៣​កេស ទឹកត្រី ៦ដប ទឹកសីអ៊ីវ ៦ដប ទឹកសេរ៉ូ ១២ដប ទឹកដោះគោ ១០កំប៉ុង តែ ១កញ្ចប់ធំ កាហ្វេ ១កញ្ចប់ធំ និង​ ថវិកា ៦០ម៉ឺនរៀល។  ២-​សមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា(CMYA) ថ្នាក់កណ្តាល​ ឧបត្ថម្ភ២០ម៉ឺនរៀល សម្រាប់​ ៣ខ្នងផ្ទះដែលឆេះ នៅភូមិព្រែកបាក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ៣- អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជាឧបត្ថម្ភបន្ថែមនូវថវិកាចំនួន ៦០ម៉ឺនរៀល​ ក្នុងមួយគ្រួសារៗ សម្រាប់ ៣ខ្នងផ្ទះដែលឆេះនៅភូមិព្រែកបាក់ និង ១០ម៉ឺនរៀល ក្នុងមួយគ្រួសារៗសម្រាប់ ៧ គ្រួសារផ្សេងទៀត។៤- សមាគមសម្ព័ន្ធយុវជន     មុស្លិមកម្ពុជា(CMYA)សាខាស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមឧបត្ថម្ភ​ ២១ម៉ឺនរៀលបន្ថែមទៀត សម្រាប់​ ៣ខ្នងផ្ទះ ដែលឆេះនៅភូមិព្រែកបាក់។  សរុបប្រាក់ឧបត្ថម្ភ ៣ខ្នងផ្ទះដែលឆេះនៅភូមិព្រែកបាក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមទទួលបាន ១,៦១០,០០០រៀលក្នុងមួយខ្នងផ្ទះ រីឯ៧គ្រួសារផ្សេងទៀតទទួលបាន​ ៧០០,០០០រៀលក្នុងមួយៗគ្រួសារ។ ដោយឡែក ២ខ្នងផ្ទះដែលរងផលប៉ះពាល់តិចតួចពីអគ្គិភ័យនេះ ក៏ទទួលបានអំណោយ​ និង​ ប្រាក់ឧបត្ថម្ភពីមូលនិធិក្រុមហ៊ុនយូណេះទេសចរណ៍ផងដែរ។

ឯកឧត្ដម រ៉ូហ្វី អូស្មាន  តំណាងរាស្រ្តមណ្ឌលខេត្តពោធិ៍សាត់ មានប្រសាសន៍ថា  ក្នុងនាមថ្នាក់នាំ សូមចូលរួមសោកស្តាយ និងចូលរួមរំលែកទុក្ខនេះ។ ទុក្ខលំបាករបស់ប្រជាពលរដ្ឋ គឺជាទុក្ខលំបាករបស់ថ្នាក់ដឹកនាំ ជាពិសេសរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូន ហើយក៏បានចាត់ឱ្យមន្ត្រីគ្រប់លំដាប់ថ្នាក់ចុះជួបសាកសួរសុខទុក្ខ និងរិះរកមធ្យោបាយដើម្បីជួយដោះបន្ទុកជូនបងប្អូន។ ឯកឧត្តមតំណាងរាស្រ្តក៏បានលើកទឹកចិត្តដល់បងប្អូន ត្រូវតែតាំងចិត្តឱ្យរឹងមាំដើម្បីបន្តកសាងជីវិតទៅខាងមុខដ៏វែងឆ្ងាយទៀត ហើយសូមប្រុងប្រយ័ត្នឱ្យចំពោះគ្រោះថ្នាក់ដ៏ខ្លោចផ្សានេះ៕

ដោយ សួស សំរិត