និស្សិតវិទ្យាស្ថានវ៉ាន់ដា ជាង៣.០០០នាក់ បានទទួលសញ្ញាបត្រក្រោមអធិបតីភាព សម្ដេចតេជោនាយករដ្ឋមន្ត្រី

AKP ភ្នំពេញ ថ្ងៃទី០១ ខែមេសា ​ឆ្នាំ២០១៩ — និស្សិតវិទ្យាស្ថានវ៉ាន់ដា ចំនួន៣.២១៣នាក់ ដែលបានបញ្ចប់ការសិក្សាដោយ ជោគជ័យ​ក្នុង​ឆ្នាំ​សិក្សា២០១៧-២០១៨ នា​ពេលកន្លមក​នោះ​ បា​នទទួលសញ្ញាបត្រនាព្រឹក ថ្ងៃចន្ទ ១២រោច ខែ​ផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី០១ ខែមេសា ឆ្នាំ២០១៩ នៅមជ្ឈ​មណ្ឌ​ល​សន្និ​បាត និងពិព័រណ៍កោះពេជ្រ ក្រោមអធិបតី​ភាព​ដ៏ខ្ពង់ខ្ពស់ របស់សម្ដេច អគ្គមហាសេនាប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរា​ជា​ណា​ចក្រកម្ពុជា។លោកបណ្ឌិត ហេង វ៉ាន់ដា នាយកវិទ្យាស្ថានវ៉ាន់ដា បានឱ្យដឹងថា និស្សិតដែល​ទទួ​ល​សញ្ញា​បត្រនៅថ្ងៃនេះរួមមាន៖ ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់  ក្នុង​ចំ​ណោ​​ម​និស្សិតទាំងនេះ ក៏មាននិស្សិតថ្នាក់បរិញ្ញាបត្រផ្នែកអាហារូបករណ៍របស់សម្តេចតេជោ ហ៊ុ​​ន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនចំនួន ៣០នាក់ នារី ២២នាក់​ផង​ដែ​រ​ ហើយចំពោះនិស្សិតដែលបញ្ចប់ការសិក្សានេះ អ្នកមានការងារធ្វើចំនួន ២.៨៥៩នាក់ ស្មើនឹង ៨៨,៩៨ភាគរយ។ លោក ហេង វ៉ាន់ដា បានោ្យដឹងទៀតថា  នៅក្នុងឆ្នាំសិក្សាឆ្នាំ២០១៨-២០​១​៩​នេះ វិទ្យាស្ថានរបស់លោកមាននិស្សិតកំពុងសិក្សា ៨.៤៩១នាក់ នារី ៧.៣៧១នាក់។ ដោ​យ​ឡែ​ក បើគិតចាប់តាំងពីឆ្នាំសិក្សា២០០១-២០០២ ដល់ឆ្នាំសិក្សា២០១៧-២០១៨កន្លងមកនេះ និស្សិតបានបញ្ចប់ការសិក្សា ដោយគិតទាំងនិស្សិតជយលាភីនាពេលនេះផងមានចំនួនសរុប ២​​៨.៧៥៨នាក់ នារី ២៣,៦៥៣នាក់។

គួរបញ្ជាក់ដែរថា វិទ្យាស្ថានវ៉ាន់ដា គឺជាគ្រឹះស្ថានឧត្តមសិក្សាឯកជនមួយ ដែលបាន​បង្កើត​ឡើងតាមអនុក្រឹត្យចុះថ្ងៃទី០៩ ខែសីហា ឆ្នាំ២០០១។ បច្ចុប្បន្នវិទ្យាស្ថាននេះ មាន​ទី​តាំ​ង​ចំនួន​៤កន្លែង កំពុងដំណើរការ ក្នុងនោះ២កន្លែងស្ថិតនៅរាជធានីភ្នំពេញ,១កន្លែងស្ថិតនៅ​ខេ​ត្ត​សៀមរាប និង១កន្លែងទៀត ស្ថិតនៅខេត្តបាត់ដំបង។ ឈរលើមូលដ្ឋានពង្រឹងនិរន្តភាព ប្រ​សិទ្ធ​ភាព និងការផ្តល់សេវាអប់រំ ប្រកបដោយគុណភាពខ្ពស់នោះ វិទ្យាស្ថានវ៉ាន់ដា បានអនុវត្ត ន៍ និ​ងមានចក្ខុវិស័យច្បាស់លាស់ក្នុងការបន្តពង្រឹងគុណភាពប្រព័ន្ធគ្រប់​គ្រងផ្ទៃក្នុងពង្រឹង គុណ​ភា​ព​សាស្ត្រាចារ្យ ពង្រឹងវិន័យរបស់និស្សិតក្នុងគោលបំណងអនុន៍វត្តឱ្យបានល្អប្រសើរ ស្រប​តាម​កម្រិតបទដ្ឋាននៃការបណ្តុះបណ្តាល និងទីផ្សារការងារបច្ចុប្បន្ន។

ជាមួយនឹង​ការ​ពង្រឹ​ងហេដ្ឋារចនាសម្ព័ន្ធរូបវន្តដែលមានស្រាប់ វិទ្យាស្ថានក៏បានរៀបចំពង្រីក​ទីតាំងបន្ថែម​ទៀ​ត​ ពិសេសអគារសិក្សា បណ្ណាល័យ អ៊ីនធឺណែត ដោយបំពាក់សម្ភារឧបទ្ទេស​សិក្សាទំនើបៗ ស​​ម្រាប់អ្នកសិក្សាទូទៅ ដើម្បីពង្រឹងការទំនាក់ទំនងឱ្យបានល្អ ជាមួយវិស័យអប់រំ និងដៃគូអភិ​វឌ្ឍ​ន៍ជាតិ-អន្តរជាតិជាច្រើន ដូចជាក្រសួងអប់រំ យុវជន និងកីឡា ក្រសួងការងារ​បណ្តុះ​បណ្តា​ល និងវិជ្ជាជីវៈ គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា សមាគមគ្រឹះ​ស្ថា​ន​ឧត្ត​ម​សិក្សា អាជ្ញាធរសវនកម្មជាតិ គណៈកម្មការមូលបត្រកម្ពុជា អគ្គនាយកដ្ឋានពន្ធដារ ក្រុ​ម​ប្រឹក្សាជាតិគណនេយ្យ វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា សមាគមគណ​នេ​យ្យ​​ករចក្រភពអង់គ្លេស និងសាកលវិទ្យាល័យមួយចំនួនទៀតនៅក្នុងប្រទេសថៃ និងប្រទេ​ស​ចិន៕

ដោយ ជឹម ណារី