ក្នុងរយៈពេល៥ឆ្នាំនេះ កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន ៩៥៩គម្រោង មានទឹកប្រាក់សរុបប្រមាណ ២៣ប៊ីលានដុល្លារអាម៉េរិក

AKP ភ្នំពេញ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩​ — ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋ​កិ​ច្ច​ និងហិរញ្ញវត្ថុ បានឱ្យដឹងថា តាមកត់ត្រារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងរយៈពេល៥​ឆ្នាំ​(២០១៤-២០១៨) ចុង​​ក្រោយនេះ   ស្ថានភាពនៃការវិនិយោគនៅកម្ពុជា មានលក្ខណៈ​ល្អ​ប្រ​សើ​រ​ ដោយកម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន ៩៥៩ គម្រោង ទុនវិនិយោគសរុប ប្រមាណ​ចំ​នួ​ន២៣ប៊ីលានដុល្លារអាម៉េរិក ដែលអាចបង្កើតការងារចំនួនប្រមាណ១លាន កន្លែង។ ដោយ​ឡែកក្នុងរយៈពេល២ខែដំបូង ឆ្នាំ២០១៩នេះ គម្រោងវិនិយោគ ដែលត្រូវបានអនុម័ត មានចំ​នួ​ន​ចំនួន​៧៣គម្រោង ដែលមានទុនវិនិយោគប្រមាណ២,២ ប៊ីលានដុល្លារអាម៉េរិក ធៀបទៅនឹង​រយៈ​ពេលដូចគ្នាក្នុងឆ្នាំ២០១៨ មានតែ៣៩គម្រោង ក្នុងទុនវិនិយោគចំនួន ៣២៧ លានដុល្លារ​អាម៉េ​រិកប៉ុណ្ណោះ។

ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៨ ដែលមានអ្នកចូលរួមជាអ្នកវិនិយោ​គិ​ន​ ធុរជន និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលប្រមាណជិត ១០០០នាក់ នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ​២០១៩​ នៅវិមានសន្តិភាព ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ថ្លែងថា ដោយ​សារ​តែ​កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ជាមធ្យម៧,៧ភាគរយ ក្នុងរយៈពេលជាង២ទស្សវត្ស បូករួម​ផ្លែផ្កា​នៃ​ការអនុវត្តយុទ្ធសាស្ត្រចតុកោណនាពេលកន្លងមក គួបផ្សំនឹងការដាក់ចេញ ក៏ដូច​ជា​ការ​អនុ​វត្ត នូវគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ និងគោល​នយោ​បាយពាក់ព័ន្ធដទៃទៀត បានជំរុញឱ្យសកម្មភាពវិនិយោគនៅកម្ពុជា កាន់តែមាន​វិសា​ល​ភា​ពធំឡើង និងសម្បូរបែប។  ការធ្វើពិពិធកម្មលើសកម្មភាពវិនិយោគ បានកើតឡើង​ក្នុ​ង​រូប​ភា​​ពជា គម្រោងវិនិយោគក្នុងវិស័យថ្មីៗ ដូចជា គម្រោងដំឡើងរថយន្ត និងទោចក្រយានយន្ត គ​ម្រោងផលិតគ្រឿងបង្គុំរថយន្ត គម្រោងផលិតគ្រឿងអេឡិចត្រូនិក និងម៉ូទ័រខ្នាតូច គម្រោ​ង​រោ​ង​ចក្រផលិតស៊ីម៉ង់ត៍ គម្រោងផលិតភេសជ្ជៈ គម្រោងផលិតថាមពលអគ្គិស​នីពីពន្លឺព្រះអា​ទិ​ត្យ និងធ្យូងថ្ម គម្រោងផលិតសម្ភារ និងបរិក្ខារពេទ្យ គម្រោងដំណាំឧស្សាហកម្ម និងការកែច្នៃ​ផ​លិ​តផល​កសិកម្ម គម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្ម និងផ្សារទំនើបជាដើម។

ឯកឧត្ដម​បាន​ឱ្យ​ដឹង​ទៀតថា  យុទ្ធសាស្ត្ររបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការ ពង្រាយ​រោងចក្រ​ទៅ​តាម​បណ្ដាខេត្ត ពោលគឺការជំរុញគម្រោងវិនិយោគឱ្យបោះទីតាំង នៅតំបន់ផ្សេងៗក្រៅពីរាជ​ធានី​ភ្នំ​ពេ​ញ ក្នុងគោលបំណងបង្កើនការចូលរួមចំណែក ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជនបទ ការកាត់ប​ន្ថយ​គម្លាតរវាងទីក្រុង និងជនបទ ក៏ដូចជាការ លើកស្ទួយជីវភាពរបស់ប្រជាជន ដែល​ត្រូវ​បាន​ចាប់​ផ្តើមអនុវត្តន៍នៅក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើឱ្យរបាយនៃគម្រោងវិនិ​យោ​គ​រីកសាយ​ពីរាជធានីភ្នំពេញទៅ កាន់បណ្ដាខេត្ត ស្ទើរតែទូទាំងប្រទេស ពិសេសនៅ​តា​ម​ប​ណ្តា​​តំបន់សេដ្ឋកិច្ចពិសេស។ នៅក្នុងឆ្នាំ២០១៨ តំបន់សេដ្ឋកិច្ចពិសេសដែលមានដំណើរការ មាន​ចំ​នួ​នរហូតដល់២១តំបន់ ក្នុងនោះមានរោងចក្រចំនួន ២៦៦និងបានបង្កើតការងារចំនួន ១១​៣​ពាន់កន្លែង បើធៀបទៅនឹងឆ្នាំ២០១៤ ដែលមានតំបន់សេដ្ឋកិច្ចពិសេសដំណើរការតែចំនួន១៥ មានរោងចក្រចំនួន១៥២ និងបានបង្កើតការងារចំនួន ៨៩ពាន់កន្លែងប៉ុណ្ណោះ។

ចំពោះ​សក​ម្ម​ភាពវិនិយោគដទៃទៀត ដែលមិនត្រូវបានចុះបញ្ជីនៅក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា  រួមមានដូចជា វិ​ស័​យសំណង់ និង វិស័យធនាគារ និងហិរញ្ញវត្ថុជាដើម ក៏មានការរីកចម្រើន​គួរឱ្យ​កត់សម្គាល់​ផ​ងដែរ។ ជាក់ស្តែង ក្នុងវិស័យសំណង់ទុន វិនិយោគមានការកើនឡើងជាបន្តបន្ទាប់ ក្នុងអត្រា​កំ​ណើន​ជាមធ្យមប្រចាំឆ្នាំ ២៣ភាគរយ ក្នុងនោះទំហំទុនវិនិយោគនៅឆ្នាំ២០១៨ មានចំនួនប្រមាណ​ជា​ង៥,៧ ប៊ីលានដុល្លារអាម៉េរិក។ ចំនួនធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានកើនឡើង​ពី​៨៦​ ដល់១៣៧គ្រឹះស្ថាន។ ចំពោះវិស័យទេសចរណ៍វិញ ចំនួនភ្ញៀវទេសចរបរទេស ដែល​បាន​មកទស្សនានៅកម្ពុជា ក៏មានការកើនឡើងជាបន្តបន្ទាប់។ ជាក់ស្តែង នៅក្នុងឆ្នាំ២០១៨ កម្ពុ​ជាបានទទួលភ្ញៀវ ទេសចរបរទេសចំនួន៦,២លាននាក់ គឺកើនឡើងប្រមាណជិត៣៨ភាគរយ បើ​ធៀ​បនឹង ឆ្នាំ២០១៤ ដែលមានចំនួនត្រឹមត៤,៥លាននាក់៕

ដោយ ជឹម ណារី