សម្តេចតេជោ ហ៊ុន សែន ប្តេជ្ញាយកការដឹកនាំប្រទេសតាមគំរូ សម្តេចព្រះ នរោតត្តម សីហនុ ព្រះបរមរតនកោដ្ឋ

AKP ភ្នំពេញ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ — សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជំហរមិនឱនក្បាលស្តាប់ការចង្អុលបញ្ជារបស់បរទេសក្នុងការធ្វើឱ្យប្រសើរឡើងលើវិស័យសេដ្ឋកិច្ចនោះទេ គឺសម្តេចនឹងយកគំរូដឹកនាំប្រទេសរបស់ ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។

ថ្លែងក្នុងវេទិការរវាងរាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨ កាលពីព្រឹកថ្ងៃទី២៩ ខែ មីនា ឆ្នាំ២០១៩ នៅវិមានសន្តិភាព សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ”កុំឱ្យ​គេមក ចង្អុល ក្បាលយើង ថាធ្វើនេះ ធ្វើនោះ បើឯងមិនធ្វើតាម នឹងត្រូវ​កាត់ កុំអញ្ចឹងទៀត។ បើគេឱ្យ ទៅៗហើយ បើគេមិនឱ្យ យើងបង់ពន្ធឱ្យគេទៅ។ យើងបង់ពន្ធឱ្យគេ គេបង់ពន្ធឱ្យយើងជាការ សមរម្យណាស់ក្នុងការរកស៊ី ប៉ុន្តែបើយើងមានការអនុ គ្រោះក៏ជាការល្អក៏ប៉ុន្តែកុំឱ្យគេមកបញ្ជា ក្បាលយើងថា ទៅធ្វើចេះឯងត្រូវតែធ្វើចុះ បើមិនធ្វើតាមទេ នឹងកាត់ជំនួយ។” សម្ដេចតេជោ បានលើកឡើងថា កម្ពុជាមិនទាន់ទទួលការគំរាមបែបនេះទេ ព្រោះថាអតីតកាលរបស់កម្ពុជា ធ្លាប់បានទទួលការឈឺចាប់ណាស់ ហើយដែលយើងបាន​ជួបនោះ គឺការស្លាប់ក្នុងរបបប៉ុលពត ដែលត្រូវគេហ៊ុំព័ទ្ធទាំងផ្នែកនយោបាយ ​និងផ្នែកសេដ្ឋកិច្ច។ តែកម្ពុជា មិនស្លាប់នោះទេប្រឹង​ងើបឈរឡើង តាំងពីភ្នំពេញមានមនុស្សតែ៧០នាក់ ឥឡូវមិនត្រូវទុក ឱ្យនរណាបង្គាប់​បញ្ជាយើងនោះទេ។ ​សម្ដេចតេជោថ្លែងថា ជាមួយគ្នានេះ ក៏មិនអាចយកឯករាជ្យ អធិបតេយ្យ ជាតិ គឺដោះដូរនូវអ្វីទាំងអស់បើទោះបីយើងត្រូវរឹតក្រមានឹងចង្កេះដើម្បីស៊ីឱ្យតិច ក៏ត្រូវតែរឹត ដែរ។

សម្តេចតេជោបានបន្ដថា ដើម្បីធានាឱ្យឯករាជ្យរបស់ប្រទេស ហើយបើអ្នកណាមួយ​ហើយ តាំងខ្លួននិងឱនក្បាលលិទជើងគេ​ដើម្បីនឹងទទួលបានភាពអនុគ្រោះមិន​ចាំបាច់ធ្វើ​មេដឹក​នាំកម្ពុជាទេ ហើយក៏គ្មានចរិតជាតិនិយមចង្អៀតចង្អល់នោះទេ។  សម្ដេចតេជោបាន បន្ដទៀតថា កម្ពុជាមានចរិតជាតិនិយម មួយនៅត្រង់ថារក្សារឯករាជ្យជាតិ និងអធិបតេយ្យ ហើយរឿងនេះសម្ដេចព្រះនរោត្តមសីហនុព្រះបិតា ជាតិរបស់យើងកាលពីជំនាន់មុន សុខចិត្ត ឱ្យគេកាត់ជំនួយរហូតដល់ព្រះអង្គសូមឱ្យគេផ្ដាច់ជំនួយពីបរទេសតែព្រះអង្គមិនលូននឹងឱប ជើងរបស់អ្នកណានោះទេ។ សម្តេចគូសបញ្ជាក់ថា “យើងត្រូវរៀនសូត្រតាមព្រះបិតាជាតិ សម្តេចព្រះនរោត្តមសីហនុព្រះបរមរតនកោដ្ឋដែលបង្រៀនយើងតាំងពីដើមមក។ អញ្ចឹងទេ យើងត្រូវខិតខំធ្វើខ្លួនឯងកុំចង់ចំណេញអាក្រុមហ៊ុន ស្គេនហើយនាំគ្នាកាន់ធ្វើឱ្យយឺតដំណើរ ការសេដ្ឋកិច្ចគ្រាន់តែល្បឿន និងដឹកជញ្ជូនយើងចំណេញទាំងពេលវេលា និងចំណេញទាំង លុយ ដូច្នេះហើយជាផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច។”

សម្តេចបន្ថែមទៀតថា បើទោះបីមានភាពអនុគ្រោះ ឬគ្មានភាពអនុគ្រោះគឺកម្ពុជានៅតែ ទៅមុខជារៀងរហូត កម្ពុជាត្រូវការសហការជាមួយដៃគូផ្សេងៗ ហើយកម្ពុជាក៏មិនត្រូវការឱ្យ​គេបញ្ជាក្បាលតាមអំពើចិត្តនោះទេ។

សម្ដេចតេជោបានគូសបញ្ជាក់បន្ថែមថា “ខ្ញុំបានចារទៅចំណាររបស់ឯកឧត្តម ឧប នាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសចំពោះការសន្ទនារួចហើយ ខ្ញុំចារថា កង្វល់របស់អ្នកដទៃមិនមែនជាបន្ទាត់នយោបាយដែលយើងត្រូវអនុវត្តន៍នោះទេ។ រឿងរបស់ អ្នកដទៃដែលមានកង្វល់សម្រាប់យើងគឺយើងអរគុណហើយតែមិនមែនជាអ្វីដែលយើងត្រូវធ្វើនោះទេ បើកង្វល់មានហេតុមានផលត្រឹមត្រូវដោយមិនបំពានលើអធិបតេយ្យរបស់យើងៗ ធ្វើ៕”

​ដោយ ប៊ុនរិទ្ធ